យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៅ​ខេត្ត​សៀមរាប

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​កុមារ​នៅ​តាម​សហគមន៍ បាន​បញ្ជូន​សារ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែង ត្រូវ​ការពារ​ជំងឺ​គ្រុន​ឈាម ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ។ ប្រការ​ដែល​ចាំ​បាច់​ក្នុង​ការ​ការពារ គឺ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង​យ៉ាង​សំខាន់​នៃ​ជំងឺ​គ្រុម​ឈាម។

0:00 / 0:00

ក្រុម​យុវជន ប្រជាពលរដ្ឋ និង​កុមារ​ប្រមាណ​ជិត ១០០​នាក់ មក​ពី​តាម​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​អំពិល នា​ជាយ​ទីក្រុង​សៀមរាប បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ គ្រុន​ឈាម ជា​លើក​ដំបូង​នៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​រស់​នៅ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៣ ខែ​សីហា។

ប្រធាន​សាខា​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក ជា ផុង ជា​អ្នក​ដឹក​នាំ​ធ្វើ​យុទ្ធនាការ​នេះ លោក​បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ពេល​នេះ ក៏​ជា​គោល​បំណង​បំផុស​យុវជន​ឱ្យ​យល់​ពី​តម្លៃ​នៃ​ការ​ចូល​រួម​ក្នុង​សហគមន៍ ដើម្បី​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សុខភាព​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែល​ពួក​គេ​រស់​នៅ​ផ្ទាល់។

លោក ជា ផុង៖ «គឺ​យើង​ចង់​ឱ្យ​ ប្រជាពលរដ្ឋ​ហ្នឹង​ឯង គាត់​មាន​ការ​ចូល​រួម និង​យល់​អំពី​សារសំខាន់​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ភ្លៀង វា​អាច​មាន​ផល​ប៉ះពាល់​ជាច្រើន ជា​ពិសេស គឺ​ប្អូនៗ​កុមារ​ដែល​គាត់​អាច​នឹង​ទទួល​រង​ជំងឺ​គ្រុន​ឈាម សម្រាប់​ពួក​គាត់។ នេះ​ជា​ជំហាន​ទី១ នៃ​ការ​ផ្សព្វផ្សាយ​ជំងឺ​គ្រុន​ឈាម​តែ​ម្ដង ហើយ​ដោយសារ​នៅ​តំបន់​នេះ គឺ​រាង​ដាច់​ស្រយាល​បន្តិច ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​បាន​យល់​វិធាន​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ទេ»

យុវជន ​ចំនួន ២​ក្រុម បាន​ស្ម័គ្រចិត្ត​សម្ដែង​ល្ខោន​អប់រំ អំពី​ជំងឺ​គ្រុន​ឈាម​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អំពិល ឱ្យ​បាន​យល់​ដឹង​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នេះ។

ប្រជាពលរដ្ឋ ​មួយ​ចំនួន​បាន​និយាយ​ថា ពី​មុន​មក​គេ​នៅ​ស្រពិចស្រពិល​ចំពោះ​វិធាន​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក៏ប៉ុន្តែ​ពេល​នេះ គឺ​គេ​កាន់​តែ​យល់​ច្បាស់។

អ្នកស្រី អ៊ុយ ប៉ឹប អាយុ ៦១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គោកច័ន្ទ បាន​មាន​ប្រសាសន៍​ថា ចៅ​របស់​គាត់​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាម ដោយសារ​តែ​គាត់ និង​កូនៗ​របស់​គាត់​ទៅ​ធ្វើ​ស្រែ ហើយ​ទុក​ចៅ​តូចៗ​ឱ្យ​នៅ​ផ្ទះ បណ្ដោយ​ឱ្យ​មូស​ខ្លា​ខាំ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពេល​នេះ​គាត់​បាន​យល់​ច្បាស់​អំពី​វិធី​ការពារ​ជំងឺ​គ្រុន​ឈាម ហើយ​រំពឹង​ថា ចៅ​តូចៗ​របស់​គាត់​អាច​នឹង​មិន​កើត​ជំងឺ​គ្រុន​ឈាម​ទៀត​ទេ៖ «យល់​ខ្លះៗ បោស​សម្អាត​ផ្ទះ​សម្បែង ក្មេង​លេង​ក្រៅ​ពាក់​អាវ​ឱ្យ​ជិត ការពារ​កុំ​ឱ្យ​មូស​ខាំ កុំ​ឱ្យ​មាន​គ្រលុក​ទឹក​អី​ដក់​នៅ​កៀន​ផ្ទះ។ ការពារ​ឱ្យ​ស្អាត កុំ​ឱ្យ​មាន​គ្រុន​ឈាម។ គ្រុន​បន្តិចបន្តួច ឆាប់​ទៅ​ពេទ្យ ខ្លាច។ ខ្ញុំ​យល់​តែ​ប៉ុណ្ណេះ​ឯង ខ្ញុំ​នេះ​ចាស់​ចាំ​ខ្លះ អត់​ខ្លះ»

មន្ត្រី​ផ្នែក​សុខភាព បាន​ឱ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ឆ្នាំ​មុន។

រូប​មូស​ខ្លា​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម ត្រូវ​ក្រុម​យុវជន​គូរ​ដាក់​លើ​បដា​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក្នុង​សង្កាត់​អំពិល ជាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣។
រូប​មូស​ខ្លា​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម ត្រូវ​ក្រុម​យុវជន​គូរ​ដាក់​លើ​បដា​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក្នុង​សង្កាត់​អំពិល ជាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣។ (RFA)

អនុ ​ប្រធាន​គ្រូពេទ្យ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​មិត្ត​គ្មាន​ព្រំដែន នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​លោក​វេជ្ជបណ្ឌិត ង៉ែត វិសេស បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អំឡុង​ខែ​កក្កដា និង សីហា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ មន្ទីរពេទ្យ​របស់​លោក​បាន​ទទួល​អ្នក​ជំងឺ​គ្រុន​ឈាម​ប្រមាណ​ពី ១០០ ទៅ ២០០​ករណី​ក្នុង​មួយ​ខែៗ ក៏ប៉ុន្តែ រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣ គឺ​មន្ទីរពេទ្យ​បាន​ទទួល​អ្នក​ជំងឺ​គ្រុន​ឈាម​ប្រមាណ ១០០​ករណី​ក្នុង​១​ខែ។ តួលេខ​នេះ មាន​ន័យ​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០១៣ គឺ​ជំងឺ​គ្រុន​ឈាម​បាន​ថយ​ចុះ​ជាង​កាល​ពី​ឆ្នាំ​មុន​ប្រមាណ ៤០%។

លោក​វេជ្ជបណ្ឌិត ង៉ែត វិសេស បាន​បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ មាន​មូលហេតុ​មួយ​ចំនួន៖ «ជំងឺ ​គ្រុន​ឈាម​វា​មាន​ឆ្នាំ​វា​ផ្ទុះ វា​ខ្ទង់ ៤-៥​ឆ្នាំ​ម្ដង។ ដល់​ឥឡូវ វា​ផុត​ឆ្នាំ​វា។ អា​ហ្នឹង​ជា​ករណី​មួយ ហើយ​ករណី​មួយ​ទៀត ប្រហែល​ជា​ប្រជាពលរដ្ឋ​យល់​ដឹង​ច្រើន​ក៏​មិន​ដឹង ពីព្រោះ​នេះ​ជា​ការ​គិត​របស់​ខ្ញុំ ព្រោះ​យើង​មើល​ឃើញ​ទៅ​វា​អាច​អីចឹង។ ប៉ុន្តែ មាន​កត្តា​ផ្សេង​ទៀត ខាង​មន្ទីរ​សុខាភិបាល ឬ​ក្រសួង​សុខាភិបាល គាត់​ចុះ​ចែក​ថ្នាំ​អាបេត អី​ហ្នឹង អា​ហ្នឹង​វា​មិន​មែន​ជា​ផ្នែក​របស់​ខ្ញុំ​ទេ ទាល់​តែ​ខាង​មន្ទីរ​សុខាភិបាល​បាន​គាត់​ដឹង»

ក្រសួង​សុខាភិបាល​ នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​បង្ហាញ​របាយការណ៍​ថា ក្នុង​រយៈពេល ៥​ខែ​នៃ​ឆ្នាំ​២០១៣ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម​ចំនួន ១៥​នាក់។ ទោះ​យ៉ាង​ណា ចំនួន​នេះ គឺ​ថយ​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៥​ខែ​ដូច​គ្នា​នៃ​ឆ្នាំ​២០១២ កន្លង​ទៅ គឺ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម ១៧​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។