សិប្បកម្ម​ស្ល​អាគុយ​ចាស់ៗ​មួយ​កន្លែង​នៅ​ក្រចេះ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាច្រើន​នាក់ បាន​លើក​គ្នា​ទៅ​មុខ​សិប្បកម្ម​ស្ល​អាគុយ​ចាស់ៗ​មួយ​កន្លែង នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់ ដើម្បី​សុំ​ឱ្យ​ម្ចាស់​សិប្បកម្ម​នោះ​បញ្ឈប់​ដំណើរ​ការ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​ចំហេះ​ជាតិ​អាស៊ីត​ចេញ​ពី​រោង​សិប្បកម្ម​នោះ។

បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​ជា​ហូរហែ​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សម្រេច​នាំ​គ្នា​ទៅ​ឃាត់​ដំណើរ​ការ​ស្ល​អាគុយ​ចាស់ៗ​ជា​ថ្មី​ម្តង​ទៀត ដោយ​មិន​ឱ្យ​សិប្បកម្ម​នោះ​បន្ត​ដំណើរ​ការ​ទៀត​ឡើយ ប្រសិន​ណា​មិន​កែច្នៃ​ដើម្បី​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ឃ្លេ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ហិន ផល ឱ្យ​ដឹង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​សិប្បកម្ម​ស្ល​អាគុយ​ចាស់ៗ ដើម្បី​យក​ជាតិ​សំណ​នៅ​ក្នុង​ភូមិ​របស់​លោក​ពី​សំណាក់​សិប្បកម្ម​មួយ​ឈ្មោះ​ថា ស្រ៊ុន យូ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​ខ្លាំង។

លោក​បន្ត​ថា ចំហេះ​ដែល​ចេញ​ពី​រោងចក្រ​សិប្បកម្ម​នោះ អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង​នៅ​ទីនោះ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អក ឈឺ​ក្បាល​វិល​មុខ ជាដើម។ ក្រៅ​ពី​មនុស្ស ចំហេះ​ជាតិ​អាស៊ីត​នោះ​ក៏​ធ្វើ​ឱ្យ​រុក្ខជាតិ និង​ផល​ដំណាំ​នៅ​ក្នុង​ឃុំ ដែល​មាន​ចំនួន​បី​ភូមិ រង​ផល​ប៉ះពាល់​ដែរ៖ «បាទ! ឱ្យ​ផ្អាក​ដំណើរ​ការ​បាទ! ព្រោះ​ធ្វើ​ម៉េច​ក៏​នៅ​តែ​ប៉ះពាល់​ដែរ តែ​ដោយ​មាន​ឃុំ​គាត់​សម្រប​សម្រួល​ហើយ​ទៅ​ម្តង​ទៀត​ទៅ។ តែ​ខ្ញុំ​នៅ​ជឿ​ថា ធ្វើ​មិន​កើត​ទេ​ក្លិនៗ​នៅ​តែ​ក្លិន​អ៊ីចឹង មិន​អាច​បាត់​ធុំ​បាន​ទេ។ ធុំ​ក្លិន​ជាតិ​អាស៊ីត វា​ធ្វើ​ឱ្យ​យើង​ថប់​ហ្មង ហើយ​ម៉ា​ភ្លេច​ហ្នឹង​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ភ្លាម។ បើ​នៅ​តែ​ស្រប​ក្លិន​ហ្នឹង តែ​បី​នាទី​ហ្នឹង គឺ​ដឹង​តែ​ឈឺ​ក្បាល​ថប់​ដង្ហើម​ហ្មង»

ប្រភព​ដដែល​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​លើក​គ្នា​ទៅ​មុខ​សិប្បកម្ម ដើម្បី​ឱ្យ​បង្អាក់​ដំណើរ​ការ​ស្ល​អាគុយ​នោះ​សិន ហើយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា មាន​ការ​ប្រជុំ​គ្នា​រវាង​តំណាង​ប្រជាពលរដ្ឋ ខាង​ម្ចាស់​សិប្បកម្ម​នៅ​សាលា​ឃុំ ដើម្បី​ឱ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​កិច្ចសន្យា​ផ្អាក​ដំណើរ​ការ លុះ​ណា​មាន​ការ​កែច្នៃ​ជា​មុន​សិន ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ទើប​អនុញ្ញាត​ឱ្យ​ម្ចាស់​សិប្បកម្ម​នោះ​អាច​ដំណើរ​ការ​ឡើង​វិញ។ លោក​បញ្ជាក់​ថា សកម្មភាព​ស្ល​អាគុយ​ចាស់ៗ​ដែល​ភាគ​ច្រើន គឺ​អ្នក​ជំនាញ​មក​ពី​វៀតណាម មក​ធ្វើ​នោះ គឺ​មាន​ជាង ២​ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​បាន​ជំទាស់​ដំណើរ​ការ​ជាច្រើន​លើក​ជាច្រើន​សា ប៉ុន្តែ​កន្លែង​សិប្បកម្ម​នោះ​នៅ​តែ​អាច​ធ្វើ​បាន​ដដែល។

ម្ចាស់​សិប្បកម្ម​អាគុយ​ចាស់ៗ ស្រ៊ុន យូ គឺ​លោក ស្រ៊ុន យូ បញ្ជាក់​ថា ការ​ធ្វើ​នោះ​ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ខ្លះ​មែន។ លោក​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា លោក​ក៏​បាន​ធ្វើ​កិច្ចសន្យា​នៅ​សាលា​ឃុំ​២ធ្នូ ថា​នឹង​ផ្អាក​បណ្ដោះអាសន្ន​សិន ហើយ​ខាង​លោក​នឹង​ធ្វើ​ការ​កែច្នៃ​ចំហេះ​ដែល​ចេញ​ពី​សិប្បកម្ម​នោះ មិន​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទៀត​ឡើយ។ ប្រសិន​បើ​ការ​កែច្នៃ​ហើយ​នៅ​តែ​ប៉ះពាល់​ទៀត​នោះ ខាង​លោក​នឹង​បញ្ឈប់​ដំណើរ​ការ​តែ​ម្តង៖ «បើ​ធុំ​អ្នក​ជិត​ខាង​ផ្អាក​សិន អត់​ដុត​ទេ។ បាទ! អ៊ីចឹង​ធ្វើ​កិច្ចសន្យា​ពី​ព្រឹក​ហើយ និយាយ​គ្នា​ពី​ព្រឹក​នៅ​ឃុំ​យើង​ហើយ»

លោក​បញ្ជាក់​ថា នៅ​ប្រទេស​វៀតណាម គេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​អាគុយ​ចាស់ៗ​នោះ​ទេ ហើយ​ម្យ៉ាង​នៅ​ប្រទេស​វៀតណាម គេ​មិន​សូវ​មាន​អ្នក​ប្រើប្រាស់​អាគុយ​ដូច​នៅ​កម្ពុជា នោះ​ឡើយ។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ជា​ជំហាន​ដំបូង អាជ្ញាធរ​ឲ្យ​សិប្បកម្ម​ស្ល​អាគុយ​នោះ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន​សិន ហើយ​អាជ្ញាធរ​ក៏​បាន​ចុះ​ពិនិត្យ​ពី​ច្បាប់​អនុញ្ញាត​ក្នុង​ពេល​ដំណើរ​ការ​កន្លង​មក និង​ពី​បញ្ហា​ទីតាំង​ផលិត ឃើញ​ថា សិប្បកម្ម​ស្ល​អាគុយ​នោះ​ពិត​ជា​បង្ក​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ពិត​ប្រាកដ ពីព្រោះ​ចំហេះ​នោះ​មាន​ជាតិ​វិទ្យុ​សកម្ម និង​សារធាតុ​គីមី​ទៀត​ផង។ លោក​បញ្ជាក់​ថា នឹង​មាន​ការ​ស្រាវជ្រាវ​ពី​សំណាក់​មន្ត្រី​ជំនាញ​ជុំវិញ​បញ្ហា​នេះ​បន្ត​ទៀត ហើយ​អាជ្ញាធរ​នឹង​អាច​បញ្ឈប់​ដំណើរ​ការ​តែ​ម្តង ដោយ​ឱ្យ​ម្ចាស់​សិប្បកម្ម​ទៅ​រក​កន្លែង​ណា​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស និង​បរិស្ថាន ពីព្រោះ​អាជ្ញាធរ​មាន​ភារកិច្ច​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។