អង្គការជួយសេវាពេទ្យកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសប៊ែលហ្ស៉ីក (Belgium) រួមជាមួយមន្ទីរពេទ្យបង្អែកចំនួនបីនៅខេត្តភាគឦសានប្រទេស រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី នឹងធ្វើការវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសជំងឺពកក និងវះកាត់ឆ្អឹង។
ប្រធានអង្គការសេវាពេទ្យកម្ពុជា លោក ហាវ មនោ មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា នេះគឺជាសកម្មភាពមនុស្សធម៌ជួយកាត់បន្ថយការលំបាក និងចំណាយទៅលើការព្យាបាលជំងឺពលរដ្ឋនៅតំបន់ជនបទ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋមានជំងឺពាក់ព័ន្ធវះកាត់គ្រប់ប្រភេទ ឲ្យមកចុះឈ្មោះនៅមន្ទីរពេទ្យនៅខេត្តទាំងបី ឲ្យបានមុនកាលបរិច្ឆេទ ឬទាក់ទងផ្ទាល់មកប្រធានមន្ទីរពេទ្យទាំងបី និងប្រធានអង្គការជួយសេវាពេទ្យកម្ពុជា៖ «ឥឡូវគាត់កំពុងវះនៅសៀមរាប តែក្រុមប៊ែលហ្ស៉ីក នេះ គេមកតែចុងឆ្នាំទេ មកខែ១១ ហ្នឹង។ អ្នកជំងឺដែលគាត់មានបញ្ហាត្រូវវះគាត់ ត្រូវមកចុះឈ្មោះនៅមន្ទីរពេទ្យមុន។ ដល់ថ្ងៃមកក៏បានដែរ ប៉ុន្តែមនុស្សច្រើនពេកគេធ្វើអត់ទាន់»។
តាមកាលវិភាគ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការវះកាត់ជូនពលរដ្ឋនៅខេត្តទាំងបីចំនួនពីរថ្ងៃដូចគ្នា។ ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា នៅខេត្តរតនគិរី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា និងខេត្តក្រចេះ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
នេះជាលើកទី៣ហើយ ដែលគ្រូពេទ្យប៊ែលហ្ស៉ីក បើកប្រតិបត្តិការវះកាត់ជូនពលរដ្ឋខេត្តទាំងបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
