ក្នុងទិវាបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីសាធារណៈខ្លះមានការដាក់តាំងផ្កាលក់សម្រាប់ឲ្យគូភរិយាស្វាមី ឬសង្សារទិញជូនគ្នាទៅវិញទៅមកនៅថ្ងៃនេះ។ រីឯនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមវិញ គឺទទួលបានការបរិច្ចាគឈាមច្រើនជាងឆ្នាំ២០១៥។ អ្នកបរិច្ចាគភាគច្រើនជាយុវជន បានទៅចូលរួមបរិច្ចាគដើម្បីបង្ហាញពីក្ដីស្រឡាញ់ ក្ដីអាណិតអាសូរនៅចំទិវានៃសេចក្ដីស្រឡាញ់នេះ។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង ឲ្យដឹងថា ប្រការដែលមជ្ឈមណ្ឌលលោកទទួលបានឈាមពីសាធារណជនបរិច្ចាគបានច្រើននេះ ដោយសារតែនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលជាតិ រៀបចំកម្មវិធីយុទ្ធនាការធំជាងឆ្នាំមុនៗ៖ «ឆ្នាំនេះយើងធ្វើមានភាពអធិកអធមជាងកន្លងទៅ ហើយយើងមានទីតាំងមួយសមរម្យនៅក្នុងមន្ទីរពេទ្យព្រះអង្គ ឌួង គឺនៅជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមហ្នឹង។ អ៊ីចឹងគឺជាទីកន្លែងទូលាយ ដែលមានការសម្ដែងសិល្បៈ ការចូលរួមរបស់សិស្សនិស្សិត ហើយនិងប្រជាជនទូទៅ។ ដូច្នេះយើងឃើញ ថាមាន ភាព សប្បាយរីករាយ ច្រើន » ។
ទិវាបុណ្យនៃសេចក្ដីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈ នៅឯមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ឆ្នាំនេះ គឺជាយុទ្ធនាការបរិច្ចាគមួយរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមប្រធានបទថា ផ្ដល់ឈាម ផ្ដល់សេចក្ដី ស្រឡាញ់។ កម្មវិធីនេះចូលរួមភាគច្រើនដោយយុវជន ដែលចូលចិត្តទិវានៃសេចក្ដីស្រឡាញ់ ហើយចាប់អារម្មណ៍នឹងកិច្ចការសង្គម។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិមួយរូបមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោក ឡេវ ដាឡាយ ថ្លែងនៅបន្ទាប់ពីបានបរិច្ចាគឈាមថា លោករីករាយក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាមនេះ។ លោកកោតសរសើរចំពោះការរៀបចំឲ្យមានពិធីបរិច្ចាគឈាមនៅចំថ្ងៃនៃសេចក្ដីស្រឡាញ់ ដើម្បីឲ្យយុវជនចាប់អារម្មណ៍ និងបានចូលរួមចំណែកសង្គ្រោះជីវិត៖ « ដូច្នេះការ រៀបចំកម្មវិធីនេះឡើង វាជា ការរៀបចំ វិសេសវិសាល មែនទែន ដែលមានការចូលរួមពីយុវជនកាកបាទក្រហម ដែលជាយន្តការ មួយសំខាន់ សម្រាប់ប្រទេសកម្ពុជា យើង។ ដូច្នេះ ពាក្យស្លោកថា ផ្ដល់ឈាមផ្ដល់សេចក្ដីស្រឡាញ់ មានន័យថា យើងផ្ដល់សេចក្ដី គឺផ្ដល់សេចក្ដីស្រឡាញ់ចំពោះមនុស្សនៅជុំវិញខ្លួនយើង ចំពោះខ្លួនឯង និងសង្គម ក៏ដូចជាផ្ដល់សេចក្ដីស្រឡាញ់ចំពោះពិភពលោកទាំងមូលដែរ ជាជាងយើងប្រព្រឹត្តនូវសេចក្ដីស្រឡាញ់ដែលខុសឆ្គងទៅនឹងភ្នែករបស់សង្គម » ។
ក្នុងពិធីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្ងៃទី១៤ កុម្ភៈ ប្រព្រឹត្តទៅដោយការផ្ដល់អាហារកញ្ចប់ មានរៀបចំកម្មវិធីសម្ដែងសិល្បៈ ចម្រៀងចាប៉ី និងប្រគំតន្ត្រីសម័យសម្រាប់ឲ្យអ្នកចូលរួមបានកម្សាន្តសប្បាយផង។
អ្នកចម្រៀងជាអតីតបេក្ខជនក្នុងកម្មវិធី ខេមបូឌាន អាយឌល (Cambodian Idol) មួយរូប គឺលោក អ៊ាម វន្នី ដែលចូលរួមច្រៀងនៅក្នុងកម្មវិធីបរិច្ចាគឈាមនេះ ចាប់អារម្មណ៍ថា ការរៀបចំកម្មវិធីនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះ រឹតតែផ្ដល់អត្ថន័យធំធេងជាងការផ្ដល់ផ្កាទៅឲ្យមនុស្សដែលខ្លួនស្រឡាញ់៖ « ជាកម្មវិធី មួយដែល បានបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់មនុស្សយើងទូទាំងប្រទេស ដែលចេះផ្ដល់ឈាមឲ្យគ្នា ។ បានន័យថា ដូចជាការជួយសង្គមមួយយ៉ាងធំ ដែលអ្នកខ្លះគិតមិនដល់ថា តើការផ្ដល់ឈាមវាមានប្រយោជន៍អ្វីខ្លះ? ប៉ុន្តែនៅពេលដែលយើងដឹង បានដឹងថា ឈាមវា អាចជួយ ជីវិតមនុស្សបាននៅពេលដែលគេត្រូវការចាំបាច់។ ដូច្នេះថ្ងៃបុណ្យនៃក្ដីស្រឡាញ់បានបង្កើតកម្មវិធីផ្ដល់ឈាមនេះ គឺជាកម្មវិធីមួយខ្ញុំគិត ថាអស្ចារ្យ ។ អ៊ីចឹងខ្ញុំមកចូលរួមដោយក្ដីរីករាយបំផុត ដោយសារជាកម្មវិធីមួយជួយដល់ជីវិតមនុស្ស » ។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា រហូតមកដល់ពេលនេះមានពលរដ្ឋមួយចំនួននៅមិនទាន់យល់អំពីផលប្រយោជន៍នៃការបរិច្ចាគឈាម ហើយនៅតែខ្លាចរអាថា អាចធ្វើឲ្យប៉ះពាល់សុខភាព។ លោកពន្យល់ថា បុរស និងស្ត្រីដែលមានសុខភាពល្អ បរិច្ចាគឈាមរហូតដល់អាយុ ៦០ឆ្នាំ ដោយមិនប៉ះពាល់សុខភាពទេ។ មនុស្សប្រុសអាចបរិច្ចាគឈាមបានរៀងរាល់ ៣ខែម្ដង ឬមួយឆ្នាំ ៤ដង។ រីឯមនុស្សស្រី អាចបរិច្ចាគឈាមបានរៀងរាល់ ៤ខែម្ដង ឬមួយឆ្នាំ ៣ដង។
វេជ្ជបណ្ឌិត ហុក គឹមចេង បញ្ជាក់ថា ជាធម្មតាខួរឆ្អឹងនឹងផលិតគ្រាប់ឈាមថ្មីបំពេញគ្រាប់ឈាមដែលបានបរិច្ចាគនោះវិញ ក្នុងរយៈពេលពី ២ ទៅ ៣សប្ដាហ៍ក្រោយមក។ លោករំពឹងថា ការរៀបចំយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងការចូលរួមរបស់យុវជនដូចនៅថ្ងៃទី១៤ កុម្ភៈ បែបនេះជារៀងរាល់ឆ្នាំ ការបរិច្ចាគឈាមអាចនឹងក្លាយជាវប្បធម៌ជួយសង្គមមួយ ហើយមិនប៉ះពាល់សុខភាព។ យុទ្ធនាការមួយថ្ងៃនៃថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦ មជ្ឈមណ្ឌលជាតិ ទទួលបានឈាមពីសប្បុរសជនចំនួន ៣៩៩ប្លោក ដែលលើសឆ្នាំ២០១៥ ជាង ១០០ប្លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
