កម្ពុជា ស្ទើរតែគ្រប់ពេលនៃអំឡុងពិធីបុណ្យជាតិធំៗ ដូចជា បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ឬអុំទូក ជាដើម តែងតែប្រឈមមុខខ្វះឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងធ្វើយុទ្ធនាការដើម្បីស្វែងរកអ្នកបរិច្ចាគឈាមយកមករក្សាទុកក្នុងស្តុក សម្រាប់ជួយសង្គ្រោះអ្នកជំងឺក្នុងករណីចាំបាច់។
តើមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រៀមនឹងធ្វើអ្វីខ្លះដើម្បីកែប្រែទម្លាប់ដាច់ឈាមពីស្តុករបស់ខ្លួន ដើម្បីធានាការផ្គត់ផ្គង់ជូនអ្នកជំងឺបានគ្រប់ពេល?
ស្ទើរតែជាទម្លាប់ច្រំដែលទៅហើយ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រឈមមុខនឹងបញ្ហាអស់ឈាមពីស្តុក ពិសេសគឺក្នុងអំឡុងពិធីបុណ្យជាតិធំៗ ដែលមានរយៈពេលយូរ ដូចជាបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ ជាដើម។
ទាំងនេះដោយសារតែប្រជាជនភាគច្រើនសម្រាកពីការងារ ឬធ្វើដំណើរកម្សាន្តទៅតាមភូមិ-ស្រុកកំណើតអស់ និងមិនមានអ្នកមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តតែម្តង។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គីមចេង មានប្រសាសន៍ថា សម្រាប់មុន និងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ គ្រាន់តែរាជធានីភ្នំពេញ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមយ៉ាងហោចណាស់ប្រមាណជាង ១.០០០ប្លោក ដើម្បីធានាបានពីស្ថិរភាពនៃស្តុកឈាមរបស់ខ្លួន៖ «គឺជាការលំបាកមួយរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលត្រូវត្រៀមបម្រុងឈាម និងផលិតផលឈាមទាំងឡាយ សម្រាប់ជួយសង្គ្រោះទៅដល់អ្នកជំងឺនៅគ្រប់មន្ទីរពេទ្យ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម»។
ស្ថិតក្នុងវ័យ ៤៣ឆ្នាំ លោកស្រី ហៃ ឡៃហូយ ជាអាជីវករលក់នំអាកោនៅផ្សារចាស់ មួយរូបដែលស្វាមីរបស់លោកស្រីជាអ្នកជំងឺប្រើប្រាស់ឈាមជាប្រចាំអស់រយៈពេលជាង ១២ឆ្នាំមកហើយ។ លោកស្រីបានបង្ហាញកង្វល់របស់ខ្លួនពីបញ្ហាដាច់ស្តុកឈាមនេះយ៉ាងខ្លាំង ព្រោះថា ស្វាមីរបស់លោកស្រីត្រូវការបញ្ចូលឈាមជាញឹកញាប់ បើសិនជាមជ្ឈមណ្ឌលជាតិ ខ្វះឈាមនៅក្នុងស្តុកនោះ នឹងបង្កការលំបាកដល់ស្វាមីរបស់លោកស្រីដែលត្រូវការឈាមជាចាំបាច់នោះ៖ «បារម្ភ! ព្រោះអីថា យើងអត់មានទៅកន្លែងណាក្រៅពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមហ្នឹងទេ យើងត្រូវការ យើងត្រូវតែទៅកន្លែងហ្នឹង។ ខ្ញុំមានអារម្មណ៍ថា ពិបាក ព្រោះអីសួរថា គ្រួសារយើងត្រូវការឈាម យើងនិយាយថា កន្លះខែម្ដងចុះ តែបើដាច់អ៊ីចឹង យើងបានវិធីអីវិញទៅអ៊ីចឹង? ខ្ញុំអត់ដែលបានដឹងផង ព្រោះអីពេលដែលផ្ដល់ឈាមហ្នឹង តាមរយៈមិត្តភ័ក្ដិ គេប្រាប់ថា ផ្ដល់ឈាមទៅ ដើម្បីជួយដល់អ្នកដទៃតែប៉ុណ្ណឹង»។
ជារៀងរាល់ថ្ងៃ ប្រទេសកម្ពុជា ត្រូវការប្រើឈាមប្រមាណជាង ១៥០ប្លោកឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ ដែលក្នុងនោះសម្រាប់រាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ឈាមប្រមាណជាង ១០០ប្លោកក្នុងមួយថ្ងៃៗ។ តើមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានឈាមមកពីណាសម្រាប់សង្គ្រោះអ្នកជំងឺ? ហើយយុវជនកម្ពុជា ណាខ្លះបានដឹងពីតម្រូវការនេះ?
លោក សុខ ដារតន៍ ជាមន្ត្រីមួយរូបក្នុងក្រសួងព័ត៌មាន បានឲ្យដឹងថា លោកមិនធ្លាប់បានដឹងពីព័ត៌មាននៃការដាច់ស្តុកឈាមនោះទេកន្លងមក ពុំនោះសោត លោកនឹងនាំមិត្តភ័ក្ដិចូលរួមបរិច្ចាគឈាមយូរហើយ៖ «ខ្ញុំអត់បានដឹងពីរឿង ដាច់ស្តុកឈាម ឬយ៉ាងម៉េចទេ គេអត់បានផ្ដល់ព័ត៌មានអោយដឹង។ បើសិនជាអាចដឹងពីព័ត៌មាន ពីការដាច់ស្តុកហ្នឹង ខ្ញុំប្រហែលជាអាចបបួលមិត្តភ័ក្ដិខ្ញុំទៅផ្ដល់ឈាមតាមហ្នឹងដែរ»។
អ្នកស្រី នង ច័ន្ទផល្លា ដែលធ្លាប់ជាសប្បុរសជនបរិច្ចាគឈាមពីមុននោះ បានឲ្យដឹងថា អ្នកស្រីធ្លាប់បានដឹងពីការបរិច្ចាគឈាមដែរ ដោយក្នុងគ្រួសាររបស់អ្នកស្រីធ្លាប់ត្រូវការឈាមដើម្បីសង្គ្រោះជីវិត ប៉ុន្តែអ្នកស្រីមិនបានដឹងពីបញ្ហាខ្វះឈាមក្នុងស្ដុកនោះទេ៖ «អ្នក ផ្ទះខ្ញុំ គាត់មានបញ្ហា ត្រូវការឈាម អ៊ីចឹងខ្ញុំក៏ទទួលបានឈាមពីគេ ហើយខ្ញុំក៏ធ្វើការបរិច្ចាគសងទៅមន្ទីរពេទ្យវិញ បន្ទាប់មកខ្ញុំគិតថា ខ្ញុំទទួលបានជំនួយពីគេ ខ្ញុំយល់ពីបញ្ហាហ្នឹង ខ្ញុំធ្វើការស្ម័គ្រចិត្តនៅពេលក្រោយមក។ តាំងពីមុនមកដល់ឥឡូវអត់ដែលឮពីការខ្វះឈាមទេ»។
ជាការពិតណាស់ គេហទំព័ររបស់កាកបាទក្រហមសហរដ្ឋអាមេរិក ក៏ដូចជាគេហទំព័ររបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា បានសរសេរដូចគ្នាថា ការបរិច្ចាគឈាម គឺពិតជាមានសុវត្ថិភាព ព្រោះរាល់ម្ជុល ឬសម្ភារៈ គឺប្រើសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ ហើយសប្បុរសជនអាចបរិច្ចាគឈាមបាន លុះត្រាតែមានសុខភាពល្អ និងមានការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញខាងផ្នែកសុវត្ថិភាពឈាម។
សម្រាប់កម្ពុជា មកទល់ពេលនេះ អត្រានៃអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តប្រមាណជាង ៣៥ភាគរយប៉ុណ្ណោះ បើធៀបនឹងឈាមដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ។ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ប្រសិនបើប្រជាជនកម្ពុជា តែ ១ភាគរយនៃចំនួនប្រជាជនសរុបធ្វើការបរិច្ចាគឈាម នោះកម្ពុជា នឹងមានឈាមគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
លោកវេជ្ជបណ្ឌិត ហុក គីមចេង បានឲ្យដឹងដែរថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រៀមនឹងចុះទៅស្វែងរកអ្នកបរិច្ចាគឈាមចល័តនៅតាមស្ថាប័នមួយចំនួន សម្រាប់ត្រៀមនឹងតម្រូវការស្តុករបស់ខ្លួនមុន និងក្រោយពេលចូលឆ្នាំថ្មីខាងមុខនេះ។
ទាំងលោកវេជ្ជបណ្ឌិត ហុក គីមចេង អ្នកស្រី ហៃ ឡៃហូយ ក៏ដូចជាអ្នកជំងឺជាច្រើនផ្សេងទៀត បានអំពាវនាវដល់សាធារណជន ចូលរួមធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះដទៃផ្សេងទៀត។ លក្ខខណ្ឌសម្រាប់អ្នកបរិច្ចាគឈាម គឺត្រូវមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ មានទម្ងន់ចាប់ពី ៤៥គីឡូក្រាម និងមានសុខភាពល្អបរិបូរណ៍ ហើយរាល់ការបរិច្ចាគឈាម គឺមានវេជ្ជបណ្ឌិតជំនាញធ្វើការពិនិត្យសម្ពាធឈាម និងគ្រាប់ឈាមក្រហមរបស់សប្បុរសជនជាមុនសិន ដើម្បីធានាដល់សុវត្ថិភាពអ្នកបរិច្ចាគឈាមទាំងអស់។
ក្រៅពីនេះទៀត មជ្ឈមណ្ឌលជាតិផ្ដល់ឈាម គ្រោងនឹងចុះអប់រំផ្សព្វផ្សាយពីសារសំខាន់អំពីការផ្ដល់ឈាមនៅតាមស្ថាប័នរដ្ឋ ឯកជន ក្នុងនោះរួមមាន វិទ្យាល័យ សាកលវិទ្យាល័យ និងស្ថាប័នមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
