កម្ពុជា​ត្រូវ​ការ​អ្នក​ផ្តល់​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ

បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស កំពុង​ខ្វះ​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នូវ​ជីវិត​អ្នក​ជំងឺ និង​អ្នក​របួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើត​ឡើង​នា​សព្វថ្ងៃ​នេះ។ ក្រុម​គ្រូពេទ្យ បាន​បញ្ជាក់​ថា ការ​ផ្ដល់​អំណោយ​ឈាម​មាន​តម្លៃ និង​គុណ​ប្រយោជន៍​ជាង​ការ​ផ្ដល់​អំណោយ​អ្វីៗ​ទាំងអស់ ព្រោះ​ថា អំណោយ​ឈាម គឺ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

0:00 / 0:00

ក្រុម​គ្រូពេទ្យ​បាន​បង្កើត​ពាក្យ​ស្លោក​ថា ផ្ដល់​ឈាម គឺ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ថា ជួយ​សង្គ្រោះ​ជីវិត គឺ​ជា​វីរជន​បរិច្ចាគ​ឈាម ជាដើម។

ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​សង្គ្រោះ​បន្ទាន់​បាន​ពោល​ថា ឈាម​មាន​តម្លៃ​ស្មើ​ជីវិត។ មនុស្ស​អាច​រស់​បាន បើ​គ្មាន​ប្រាក់​ចាយ តែ​មនុស្ស​នឹង​ស្លាប់ បើ​ខ្វះ​ឈាម​សង្គ្រោះ​បន្ទាន់ បើ​ទោះ​ជា​អ្នក​នោះ​មាន​បុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់ មាស​ប្រាក់​ហូរហៀរ​យ៉ាង​ណា​ក៏ដោយ។

នៅ​បន្ទប់​ទទួល​ភ្ញៀវ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​មនុស្ស​អង្គុយ​រង់ចាំ​ទទួល​ឈាម​យក​ទៅ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​យ៉ាង​អន្ទះសា។ ខណៈ​អ្នក​ខ្លះ​ទៀត​មក​ទី​នេះ ឲ្យ​គ្រូពេទ្យ​បូម​ឈាម​យក​ទៅ​សង្គ្រោះ​ជីវិត​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​ខ្លួន ដែល​កំពុង​ត្រូវ​ការ​ឈាម​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​នានា។

ឧទាហរណ៍ អ្នកស្រី កែវ គន្ធា អាយុ ៤២​ឆ្នាំ មាន​ម្ដាយ​ឈឺ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ មក​សុំ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ម្ដាយ​បន្ទាន់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។

ពេល​កំពុង​អង្គុយ​រង់ចាំ​អំណោយ​ឈាម​យ៉ាង​អន្ទះសា អ្នកស្រី​ពោល​ទាំង​រំជួល​ចិត្ត​ថា នៅ​ពេល​ដែល​អ្នកស្រី​មាន​អាសន្ន​អន់​ក្រ​ដូច្នេះ ទើប​អ្នកស្រី​ដឹង​ថា ការ​ផ្ដល់​អំណោយ​ឈាម​ជួយ​ជីវិត​ជន​រងគ្រោះ​មាន​តម្លៃ​ធំធេង​ប៉ុនណា៖ «ឈាម​ពិបាក​រក​ណាស់ បើ​ក្រៅ​ពី​ក្រុម​គ្រួសារ​មិន​អាច​នរណា​មាន​ចិត្ត​ធម៌​សប្បុរស​ជូន​យើង​បាន​ទេ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ម្ដាយ​ខ្ញុំ​បាន​រស់​ទេ។ មួយៗ​អស់​សង្ឃឹម​ហើយ ឥឡូវ​ខ្ញុំ​មាន​សង្ឃឹម​វិញ​ហើយ។ ប៉ុន្តែ​មិន​ដឹង​ថ្ងៃ​មុខ​យ៉ាង​ម៉េច​ទេ បើ​ក្រុម​គ្រួសារ​ហ្នឹង​នាំ​គ្នា​ផ្ដល់​ឈាម​ចង់​គ្រប់​គ្នា​ហើយ»

ដោយសារ​មជ្ឈមណ្ឌល​មិន​មាន​ឈាម​គ្រប់​គ្រាន់​សម្រាប់​ផ្ដល់​ជូន​សាធារណជន អ្នកស្រី​បាន​ទទួល​ឈាម​ពីរ​ប្លោក​ប៉ុណ្ណោះ​ក្នុង​ចំណោម ៥​ប្លោក ដែល​អ្នកស្រី​ត្រូវ​ការ​ចាំបាច់។ ដូច្នេះ អ្នកស្រី​ត្រូវ​ប្រមូល​បង​ប្អូន​ឲ្យ​មក​ផ្ដល់​ឈាម​បន្ថែម។

មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម មាន​តួនាទី​ផ្ដល់​ឈាម​ទៅ​តាម​មន្ទីរពេទ្យ​នានា។ ក៏ប៉ុន្តែ ក្រុម​គ្រូពេទ្យ​ឲ្យ​ដឹង​ថា រដូវ​កាល​នេះ មិន​សូវ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​ទេ ដោយ​យុវជន និង​សិស្សានុសិស្ស​ដែល​ជា​ប្រភព​អ្នក​ផ្គត់ផ្គង់​ឈាម​ដល់​ធនាគារ​ឈាម​ច្រើន​ជាង​គេ​នោះ បាន​វិស្សមកាល។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក​វេជ្ជបណ្ឌិត ហុក គឹមចេង បាន​ត្អូញត្អែរ​ថា រដូវ​វស្សា​ឆ្នាំ​នេះ មន្ទីរពេទ្យ​ទាំងអស់ ទាំង​នៅ​ភ្នំពេញ កំពុង​ខ្វះ​ឈាម ហើយ​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​មេត្តា​មក​ផ្ដល់​ឈាម៖ «ខ្ញុំ​ឆ្លៀត​ឱកាស​ដ៏​មាន​តម្លៃ​នេះ គឺ​សុំ​អំពាវនាវ​ដល់​ប្រជាជន​យើង​ទាំងអស់ អញ្ជើញ​មក​ធ្វើ​ការ​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​មាន​ទីតាំង​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​បង​ប្អូន​ប្រជាជន​យើង​ទាំងអស់ ដែល​នៅ​តាម​ទី​រួម​ខេត្ត​ផ្សេងៗ អាច​ចូល​រួម​បរិច្ចាគ​ឈាម​នៅ​មណ្ឌល​ផ្ដល់​ឈាម​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ លើក​លែង​តែ​ខេត្ត​កណ្ដាល។ ហើយ​ការ​ផ្ដល់​ឈាម​នៅ​ពេល​នេះ នៅ​ក្នុង​រដូវ​កាល​នេះ គឺ​រដូវ​កាល​មាន​វិស្សមកាល​នេះ ចាំបាច់ គឺ​ដោយសារ​ស្ដុក​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក៏​ដូច​នៅ​តាម​ខេត្ត​ហ្នឹង គឺ​មាន​ការ​ថយ​ចុះ។ ដូច្នេះ ការ​ផ្ដល់​ឈាម​នៅ​ពេល​នេះ គឺ​ពិត​ជា​អាច​ជួយ​ដល់​ជន​រងគ្រោះ»

លោក​វេជ្ជបណ្ឌិត​បន្ត​ថា អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម មាន​ដូច​ជា អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កុមារ​កើត​ជំងឺ​គ្រុន​ឈាម អ្នក​ជំងឺ​ក្អក​ធ្លាក់​ឈាម និង​ជំងឺ​ផ្សេង​ទៀត ដែល​ត្រូវ​ការ​លាង​ឈាម​ជា​ញឹកញាប់ ហើយ​ត្រូវ​ការ​ប្ដូរ​ឈាម​ថ្មី​ជាដើម។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បង្ហាញ​ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​ជាតិ​ត្រូវ​ការ​អំណោយ​ឈាម​ប្រហែល ២.៥០០​ផ្លោក ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ខែ។ ហើយ​គិត​មក​ដល់​ខែ​កក្កដា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ទទួល​អំណោយ​ឈាម​ពី​សប្បុរសជន​ស្ម័គ្រ​ចិត្ត​ប្រហែល ៤៣% ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ អំណោយ​ឈាម​បាន​មក​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ផ្ទាល់ ដែល​ផ្ដល់​ឲ្យ​តែ​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​ខ្លួន។

ដោយសារ​មិន​សូវ​មាន​អ្នក​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៅ​ភ្នំពេញ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ និង​ដើរ​ប្រមូល​ឈាម​ចល័ត​នៅ​តាម​មូលដ្ឋាន​នានា។ ក្នុង​នោះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​សហការ​ជាមួយ​សហភាព​សហសម្ព័ន្ធ​យុវជន​ខេត្ត​កណ្ដាល និង​ព្រះសង្ឃ​តាម​វត្ត​អារាម នៅ​ខេត្ត​កណ្ដាល ដើម្បី​ទទួល​ឈាម​ពី​ក្រុម​យុវជន និង​ព្រះសង្ឃ​នៅ​ខេត្ត​នេះ​ជា​ប្រចាំ។

ជាក់ស្ដែង ដូច​ជា​នៅ​ខែ​កញ្ញា នេះ មាន​យុវជន​ខេត្ត និង​ព្រះសង្ឃ​នៅ​វត្ត​ក្រពើហា ក្រុង​តាខ្មៅ បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម។ ទាំង​ព្រះសង្ឃ ទាំង​យុវជន​យល់​ថា អំណោយ​ឈាម​ដែល​ពួក​គាត់​បាន​បរិច្ចាគ​នោះ អាច​ជួយ​សង្គ្រោះ​ជីវិត​បាន។

យុវជន លី ចេង ដែល​បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​នៅ​វត្ត​ក្រពើហា ខេត្ត​កណ្ដាល មាន​មោទនភាព​ណាស់​នៅ​ពេល​ខ្លួន​បាន​ផ្ដល់​ឈាម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

ទោះ​យ៉ាង​ណា គេ​សង្កេត​ឃើញ​ថា នៅ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​មាន​តិច​នៅ​ឡើយ។ លោកស្រី មីសែល មិលិតធី (Michelle Milete) មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​កម្ពុជា បញ្ជាក់​ថា ចំនួន​អ្នក​ផ្ដល់​ឈាម​នៅ​កម្ពុជា នៅ​មាន​ចំនួន​តិច​បំផុត ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​យល់​ថា ការ​ផ្ដល់​ឈាម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់៖ «គេ​មិន​យល់! គេ​យល់​ថា​ការ​ផ្ដល់​ឈាម គឺ​គ្រោះថ្នាក់​ដល់​សុខភាព​របស់​គេ ប្រហែល​អាច​ធ្វើ​ឲ្យ​គេ​ឈឺ ឬ​ឆ្លង​រោគ តែ​ការ​ពិត នេះ​មិន​ពិត​ទេ។ យើង​គ្រាន់​តែ​យក​ឈាម​មួយ​ផ្នែក​ពី​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​សុខភាព​របស់​គេ​ទេ។ ហើយ​យើង​បាន​ពិនិត្យ​សុខភាព​មុន​ទទួល​អំណោយ​ឈាម ធ្វើ​ដូច្នេះ ដើម្បី​ធានា​ថា​អ្នក​ផ្ដល់​អំណោយ​ឈាម គឺ​មាន​សុខភាព​ល្អ​គ្រប់គ្រាន់ ដើម្បី​ផ្ដល់​ឈាម»

មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម មាន​ផែន​ការ​បង្កើន​ការ​ប្រមូល​ឈាម​ស្ដុក​ទុក​ក្នុង​ធនាគារ​ឈាម​ឲ្យ​បាន ១០០% ក្នុង​ឆ្នាំ​២០២០។ នៅ​ពេល​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ទទួល​អំណោយ​ឈាម​ពី​សប្បុរសជន​ស្ម័គ្រ​ចិត្ត​បាន ១០០% ហើយ ពេល​នោះ​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​អ្នក​ជំងឺ សាច់​ញាតិ​របស់​អ្នក​រង​របួស​ដែល​ត្រូវ​ការ​ឈាម​សង្គ្រោះ​បន្ទាន់​នោះ នឹង​មិន​តម្រូវ​ឲ្យ​មក​ផ្ដល់​ឈាម​ដល់​អ្នក​ជំងឺ និង​អ្នក​រង​របួស​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។