គ្រូពេទ្យជំនាញផ្នែកជំងឺមហារីកដោះនៃមន្ទីរពេទ្យ ម៉ោន អេលីហ្សាប៊ែត ប្រទេសសិង្ហបុរី អ្នកស្រីវេជ្ជបណ្ឌិត តាន់ យ៉ាយិន (Tan Yah Yuen) ថ្លែងថា ជំងឺមហារីកដោះមានតួលេខកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ គេបានរកឃើញករណីជំងឺមហារីកដោះថ្មីចំនួន ៣% ក្នុងមួយឆ្នាំៗ។ បើទោះជាជំងឺនេះ គ្រូពេទ្យឧស្សាហ៍ជួបប្រទះក្ដី ក៏ស្ត្រីភាគច្រើនបំផុតដែលមានជំងឺមហារីកដោះ អាចនៅរស់រានបានដោយហេតុថា វាជាជំងឺងាយព្យាបាល និងអាចព្យាបាលបាន។
កត្តាប្រឈមដែលនាំឱ្យកើតមហារីកដោះ៖
អ្នកស្រីវេជ្ជបណ្ឌិត តាន់ យ៉ាយិន មានប្រសាសន៍ថា កត្តាចម្បងដែលស្ត្រីប្រឈមមុខខ្លាំងនឹងជំងឺមហារីកដោះ គឺទាក់ទងនឹងវ័យ ជាពិសេស ស្ត្រីដែលមានអាយុចន្លោះពី ៤០ ទៅ ៥០ឆ្នាំ គឺប្រឈមមុខខ្លាំងជាងគេនឹងជំងឺមហារីកដោះ។ ទោះជាដូច្នេះក្ដី ស្ត្រីដែលមានវ័យក្រោម ៤០ឆ្នាំ គឺវ័យ ៣០ឆ្នាំ ក៏គ្រូពេទ្យឃើញមានជំងឺមហារីកដោះច្រើនដែរ។
ក៏ប៉ុន្តែ ក្រៅពីនេះក៏មានកត្តាមួយចំនួនផ្សេងទៀតដែរ។
មានកត្តាមួយចំនួនទៀតដែរដែលធ្វើឱ្យស្ត្រីប្រឈមនឹងជំងឺមហារីក ដោះ គឺមានដូចជា ស្ត្រីឆាប់មានរដូវនៅវ័យក្មេងតិចជាង ១២ឆ្នាំ ឬស្ត្រីដែលក្រអស់រដូវរហូតដល់អាយុច្រើនជាង ៥៥ឆ្នាំ។ កត្តាពូជសាសន៍ខ្លះសម្បូរណ៍ជំងឺនេះដែរ។ ស្ត្រីធាត់ និងមិនសូវបានហាត់ប្រាណ ស្ត្រីដែលប្រើថ្នាំពន្យារកំណើតប្រភេទគ្រាប់ ស្ត្រីខ្លះក្រមានកូនរហូតដល់អាយុក្រោយ ៣០ឆ្នាំ និងស្ត្រីដែលបំបៅដោះកូនតិច ក៏ប្រឈមនឹងជំងឺមហារីកដោះខ្ពស់ដែរ។
រោគសញ្ញា៖
ទាក់ទងនឹងរោគសញ្ញាវិញ អ្នកស្រីវេជ្ជបណ្ឌិត តាន់ យ៉ាយិន ឱ្យដឹងថា នៅក្នុងដំណាក់កាលដំបូងៗ ជំងឺមហារីកដោះមិនបង្ហាញឱ្យឃើញរោគសញ្ញាអ្វីទេ លើកលែងតែគ្រូពេទ្យថតឆ្លុះដោយម៉ាស៊ីនម៉ាមម៉ូក្រាម (Mammogram)។
អ្នកស្រីវេជ្ជបណ្ឌិត តាន់ យ៉ាយិន បន្តថា ប្រសិនជំងឺមហារីកដោះចូលដល់ដំណាក់កាលទី៣ ជំងឺមហារីកដោះនោះអាចបង្កជាដុំ ហើយបើនៅជិតស្បែក វានឹងធ្វើឱ្យដំបៅ។ អ្នកជំងឺនឹងអាចមានហើមនៅក្លៀក ដោយសារតែជំងឺមហារីកនោះរាលដាលដល់កូនកណ្ដុរនៅម្ដុំនោះ។
ការព្យាបាល៖
អ្នកស្រីវេជ្ជបណ្ឌិតថ្លែងថា ការព្យាបាលជំងឺមហារីកដោះ គឺគ្រូពេទ្យនឹងព្យាបាលទៅតាមដំណាក់កាលនៃជំងឺមហារីក។ ប្រសិនបើអ្នកជំងឺឆាប់ពិនិត្យរកឃើញជំងឺមហារីកនៅក្នុងដំណាក់កាល ដំបូង ការព្យាបាលនឹងមានប្រសិទ្ធភាព ១០០%។ ការព្យាបាលជំងឺមហារីកដោះ ដូចគ្នានឹងជំងឺមហារីកផ្សេងទៀតដែរ គឺមានទាំងវិធីព្យាបាលដោយថ្នាំ ដោយវិទ្យុសកម្ម និងការវះកាត់ អាស្រ័យដោយកម្រិតធ្ងន់ ឬស្រាលនៃជំងឺមហារីកនីមួយៗ។ ក៏ប៉ុន្តែ ភាគច្រើនបំផុត គឺការព្យាបាលច្រើនតែវះកាត់។
វិធីបង្ការ៖
ដើម្បីបង្ការជំងឺមហារីកដោះ គឺការឆាប់ពិនិត្យ ឬថតឆ្លុះដោះដោយម៉ាស៊ីន ម៉ាមម៉ូក្រាម រកជំងឺនេះនៅក្នុងដំណាក់កាលដំបូង ឬហៅថា ដំណាក់កាលសូន្យ។ ជាពិសេស ស្ត្រីដែលមានវ័យ ៤០ឆ្នាំឡើងទៅ គួរថតដោះជារៀងរាល់ឆ្នាំ។ ស្ត្រីដែលមានវ័យ ២០ ទៅ ៣០ឆ្នាំ គួរថតរៀងរាល់ ៣ឆ្នាំម្ដង។ អ្នកស្រីណែនាំថា ជាទូទៅ មុននឹងថតឆ្លុះដោយម៉ាស៊ីន ស្ត្រីត្រូវពិនិត្យដោះដោយខ្លួនឯងជារៀងរាល់ខែ ក្រោយពីការអស់រដូវ ដោយការស្ទាបរកមើលដុំពករឹង ឬកន្លែងផតស្បែក និងកត់សម្គាល់អំពីការហូរទឹករងៃ ឬប្រែពណ៌ស្បែកត្រង់ណាមួយខុសធម្មតា ដូចជាមានពណ៌ក្រហម ហើម ឬដំបៅជាដើម។
វិធីបង្ការមួយទៀត គឺត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅ និងការទទួលទានខ្លះៗ៖ «ជ្រើស រើសយកបែបបទនៃការរស់នៅមួយ ដែលមានសុខភាពល្អ ដូចជា ញ៉ាំអាហារពុំសូវសម្បូរជាតិខ្លាញ់ច្រើនពេក ហាត់ប្រាណយ៉ាងតិចប្រាំដងក្នុងមួយអាទិត្យ កាត់បន្ថយ ឬផ្ដាច់ជាតិសុរា ហើយកុំបណ្ដោយខ្លួនឱ្យឡើងគីឡូ (ទម្ងន់) ហើយចំពោះស្ត្រីដែលអស់រដូវ គួរចៀសវាងកុំប្រើថ្នាំព្យាបាលអ័រម៉ូនលើសពីប្រាំឆ្នាំ»។
អ្នកស្រីវេជ្ជបណ្ឌិត តាន់ យ៉ាយិន ថ្លែងថា ការសិក្សាខ្លះបង្ហាញថា ការទទួលទានម្ហូបអាហារដែលអាំង ឬដុតខ្លោច ឬអាហារដែលចម្អិនដោយកម្ដៅខ្លាំងពេក នាំឱ្យមានការផ្លាស់ប្ដូរហ្សែន (Gen) និងប្រឈមមុខខ្លាំងចំពោះជំងឺមហារីក។ ការចម្អិនអាហារសាច់ដែលល្អ គឺចំហុយ។
អ្នកស្រីវេជ្ជបណ្ឌិតបន្តថា ជំងឺមហារីកដោះធ្វើឱ្យប៉ះពាល់មនុស្សជាច្រើននៅលើពិភពលោក រួមទាំងមនុស្សល្បីៗផង។ ទោះជាយ៉ាងនេះក្ដី អ្នកដែលមានជំងឺមហារីកដោះទាំងនោះ នៅតែអាចរស់នៅបានរាប់សិបឆ្នាំជាបន្តទៀត ដោយសារតែគេព្យាបាលទាន់ពេលវេលា និងមានបច្ចេកវិទ្យាទំនើប។ ដូច្នេះ អ្នកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា វិធីដែលប្រសើរបំផុតមួយ គឺពិនិត្យរកជំងឺនេះឱ្យឃើញនៅក្នុងដំណាក់កាលដំបូង និងព្យាបាលទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
