កុមារា​ម្នាក់​នៅ​ខេត្ត​កំពត​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី

កុមារា​អាយុ ១០​ឆ្នាំ​ម្នាក់ ពី​ខេត្ត​កំពត កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រុង​ភ្នំពេញ។ ស្ថានភាព​ជំងឺ​របស់​កុមារ គឺ​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​កំពុង​ព្យាបាល​ថ្នាំ​ឈ្មោះ Tamiflu ក្រោយ​ពី​កុមារ​នោះ​កើត​ជំងឺ​គ្រុន​ក្តៅ ក្អក ឈឺ​បំពង់​ក ហើម​ពោះ និង​ពិបាក​ដក​ដង្ហើម និង​បាន​ដឹក​មក​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​បញ្ជាក់​ថា កុមារា​នោះ​ពិត​ជា​កើត​ជំងឺ​ផ្ដាសាយ​បក្សី​នេះ​មែន ហើយ​ថា​នេះ​ជា​ករណី​លើក​ទី​២៤ ហើយ ក្នុង​ឆ្នាំ​២០១៣ នេះ ដែល​ក្នុង​នោះ គឺ​មាន​អ្នក​ជំងឺ ១២​នាក់ បាន​រស់​រាន​ជីវិត និង ១២​នាក់​ទៀត​បាន​ស្លាប់។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ស៊ើប​អង្កេត​នៅ​ក្នុង​ភូមិ​ដែល​កុមារា​រស់​នៅ បាន​រក​ឃើញ​ថា មួយ​ខែ​មុន​ពេល​កុមារា​នោះ​ធ្លាក់​ខ្លួន​ឈឺ នាង​បាន​ប៉ះ​ដោយ​ផ្ទាល់​ជាមួយ​សត្វ​មាន់​ដែល​ឈឺ​ងាប់​ភ្លាមៗ​ប្រមាណ​ជា ៣០​ក្បាល ដើម្បី​ជួយ​ជញ្ជូន​យក​ទៅ​ឲ្យ​បង​ប្រុស​រៀប​ចំ​ធ្វើ​ម្ហូប​អាហារ​សត្វ​មាន់​ដែល​ស្លាប់​ទាំង​នោះ។

អង្គការ​សុខភាព​ពិភពលោក បាន​គូស​បញ្ជាក់​ថា ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ជា​ធម្មតា​គឺ​ឆ្លង​ពី​សត្វ​បក្សី​ទៅ​សត្វ​បក្សី ប៉ុន្តែ​ពេល​ខ្លះ​ក៏​បាន​ឆ្លង​ទៅ​មនុស្ស​ផង​ដែរ ប្រសិន​បើ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ​បក្សី​ដែល​ឈឺ។ ក្រសួង​សុខាភិបាល សូម​អំពាវនាវ​ដល់​មាតា​បិតា និង​អាណាព្យាបាល កុំ​ឲ្យ​កុមារ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ​មាន់​ទា​ដែល​ឈឺ ឬ​ងាប់ ហើយ​ត្រូវ​បង្គាប់​ឲ្យ​កុមារ​លាង​ដៃ​នឹង​សាប៊ូ​ជា​បន្ទាន់ ប្រសិន​បើ​ឱប ឬ​ប៉ះ​សត្វ​ឈឺ​ងាប់​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។