រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​លើ​ថ្នាំ​ជក់​នៅ​ដើម​ខែ​កក្កដា

ក្នុង​ទិសដៅ​លើក​កម្ពស់​សុខភាព រដ្ឋាភិបាល​កម្ពុជា នឹង​ដំឡើង​ពន្ធ​លើ​ថ្នាំ​ជក់ នៅ​ដើម​ខែ​កក្កដា ខាង​មុខ​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៤ មិថុនា តំណាង​អង្គការ​សុខភាព​ពិភពលោក វេជ្ជបណ្ឌិត យ៉ិល ដារាវុធ សាទរ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នឹង​អនុវត្ត​ការ​ដំឡើង​ពន្ធ​លើ​ថ្នាំ​ជក់ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ខាង​មុខ​នេះ៖ «គោលការណ៍​នៃ​ការ​ដំឡើង​ពន្ធ គឺ​ឡើង​តែ​អាករ​ពិសេស​ទេ ព្រោះ​អាករ​ពិសេស គេ​ឡើង​ទៅ​លើ​ផលិតផល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ដូច​ជា ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង ហើយ​អាករ​ពិសេស​របស់​យើង​បច្ចុប្បន្ន ១០% ហើយ​រាជ​រដ្ឋាភិបាល​យើង​ចេញ​អនុក្រឹត្យ​នឹង​ដំឡើង​ពី ១០% ទៅ ១៥% នៅ​ខែ​៧ ខាង​មុខ​នេះ។ ខែ​៧ ខាង​មុខ​នេះ​ចូល​ជា​ធរមាន​ហើយ អនុវត្ត​ហើយ។ អ៊ីចឹង​គឺ​ថា អនុក្រឹត្យ​យើង​យើង​មាន​ហើយ។ អ៊ីចឹង​បើ​យើង​គណនា​អាករ​ពិសេស​ពី ១០% ទៅ ១៥% ហ្នឹង ហើយ​បើ​យើង​គណនា​ទាំង VAT ទៅ​តាម​ការ​គណនា​របស់​ពន្ធដារ​ថា តម្លៃ​លក់​រាយ​របស់​យើង​ឡើង​ពី ២៨ ទៅ ៣០% នៃ​ការ​លក់​រាយ។ ប៉ុន្តែ​ពន្ធ​យើង​មិន​ទាន់​បាន​ប្រមូល​ទេ គឺ​ដំឡើង​នៅ​ខែ​៧ ខែ​ក្រោយ។ អ៊ីចឹង​មាន​ន័យ​ថា រាជ​រដ្ឋាភិបាល​មាន​អនុក្រឹត្យ​ដំឡើង​ពន្ធ​ហើយ»

លោក​វេជ្ជបណ្ឌិត យ៉ិល ដារាវុធ មាន​ប្រសាសន៍​ថា មធ្យោបាយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​តួលេខ​ស្លាប់​របស់​អ្នក​ប្រើប្រាស់ គឺ​ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់។

តារាង​ប្រៀបធៀប​តម្លៃ​ពន្ធ​ពី​ថ្នាំ​ជក់ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៤ មិថុនា បង្ហាញ​ថា ការ​យក​ពន្ធ​លើ​ថ្នាំ​ជក់​នៅ​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត​ទាប​ជាង​គេ ក្នុង​តំបន់​អាស៊ាន គឺ​ត្រឹម​កម្រិត ២០%។ តាម​អនុសាសន៍​របស់​ធនាគារ​ពិភពលោក និង​អង្គការ​សុខភាព​ពិភពលោក តម្រូវ​ថា ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់​គប្បី​ក្នុង​ចន្លោះ​ពី ៦៨% ទៅ ៨០%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។