កាលពីថ្ងៃទី២៩ និង ៣០ ខែសីហា កន្លងទៅថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រគីមីប្រទេសកម្ពុជា និងប្រទេសថៃ បានប្រារព្ធបើកសន្និសីទលើកទី៤ ស្ដីពីគីមី និងជីវិត ដោយបាននិយាយឲ្យដឹងអំពីផលវិបាកនៃជាតិពុលក្នុងចំណី។
ការស្រាវជ្រាវរបស់ក្រុមនិស្សិតវ័យក្មេង បង្ហាញថា សារធាតុពុលមាននៅអង្ករ ស្រាស បន្លែ ផ្លែឈើ ត្រីសាច់ ប្រសិនបើគេយករបស់ទាំងនោះទៅវិភាគក្នុងមន្ទីរពិសោធន៍ ទើបរកឃើញ។ ហេតុនេះ និស្សិតគីមីមួយក្រុមបានណែនាំដល់ស្ត្រីមានផ្ទៃពោះ អំពីអាហារដែលគួរទទួលទាន និងមិនគួរទទួលទាន។
អ្នកគីមីវ័យក្មេងៗ ណែនាំស្ត្រីមានផ្ទៃពោះទទួលទានត្រីរ៉ស់ ឲ្យបានច្រើន ព្រោះវាសម្បូរជាតិដែក ដើម្បីឲ្យទារកក្នុងផ្ទៃបន្ថយភាពស្លេកស្លាំង តែមិនត្រូវទទួលទានបន្លែទំពាំងច្រើនពេកទេ។
និស្សិតឆ្នាំទី៤ ផ្នែកគីមីសាស្ត្រ កញ្ញា យូ អាលិចសង់ត្រេ បង្ហាញពីផលប្រយោជន៍នៃត្រីរ៉ស់ មានសារធាតុដែកក្នុងអាហារសាច់ត្រី នាំឲ្យស្ត្រីមានផ្ទៃពោះទទួលទានបានច្រើន ធ្វើឲ្យទារកនៅក្នុងផ្ទៃបន្ថយភាពស្លេកស្លាំង ហើយម្តាយបន្ថយការចាញ់កូន៖ «ប្រជាជនទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់ បើសិនជាគាត់ទទួលបានគ្រាប់ថ្នាំជាតិដែកពីក្រសួងសុខាភិបាលហើយ គាត់គួរបរិភោគគ្រាប់ថ្នាំជាតិដែកហ្នឹងឲ្យបានគ្រប់ចំនួន ដែលក្រសួងសុខាភិបាលបានផ្តល់ឲ្យ។ មិនតែប៉ុណ្ណោះ បើសិនជាគាត់ចង់បានជាតិដែកឲ្យបានកាន់តែល្អ គាត់អាចទទួលជាតិដែកតាមរយៈចំណីអាហារផ្សេងៗ ជាពិសេស គឺត្រីហ្នឹងតែម្តង»។
កញ្ញាបន្តថា ការរកបរិមាណ អ៊ីយ៉ុងដែក ក្នុងសាច់ត្រីដែលប្រមូលពីត្រីធម្មជាតិចំនួន៤ នៅខេត្តកំពង់ឆ្នាំង ធៀបនឹងត្រីដាក់លក់ក្នុងផ្សារកណ្ដាល និងត្រីចិញ្ចឹមក្នុងបែរ នៅរាជធានីភ្នំពេញ បានរកឃើញថា ការប្រៀបធៀបត្រីចិញ្ចឹម និងត្រីធម្មជាតិ គឺសារធាតុដែកមានប្រហាក់ប្រហែលគ្នានៅក្នុងសាច់ត្រីរ៉ស់។ រោគសញ្ញាកង្វះជាតិដែកចំពោះស្ត្រីដែលមានផ្ទៃពោះ តែងតែធ្វើឲ្យសុខភាពម្តាយចុះខ្សោយ បណ្ដាលមកពីខ្វះឈាមក្រហម ចង់តែក្អួតចង្អោរ បេះដូងលោតមិនប្រក្រតី ប្រព័ន្ធសរសៃប្រសាទថយចុះការចងចាំ សរសៃឈាមស្ទះ សាច់ដុំចុះខ្សោយ ភ្នែកឡើងលឿងជាដើម៖ «បើតាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំរកឃើញថា ត្រីចង្វាមូល មានកំហាប់អ៊ីយ៉ុងជាតិដែកមានចន្លោះពី ១៥ ទៅ ២០,៣ មិល្លីក្រាម ក្នុង១គីឡូក្រាម។ ចំណែកឯត្រីរ៉ស់ ខ្ញុំរកឃើញចន្លោះពី ១៥ ទៅ ១៩,៥ មិល្លីក្រាម ក្នុង១គីឡូក្រាមត្រី»។
ឯកសារស្រាវជ្រាវបង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ មនុស្សប្រុសស្រី និងកុមារ កើតជំងឺខ្វះជាតិដែកជាច្រើន។ ការស្រាវជ្រាវ រកឃើញថា នៅប្រទេសថៃ មានប្រជាពលរដ្ឋខ្វះជាតិដែកចំនួន ២០% នៃចំនួនប្រជាពលរដ្ឋថៃ សរុប។ នៅប្រទេសវៀតណាម មាន ៣២% ចំណែកនៅកម្ពុជា មាន ៥៧%។ ក្នុងចំនួនអ្នកខ្វះជាតិដែកនោះ គឺមានកុមារអាយុក្រោម ៥ឆ្នាំ មានចំនួន ៧៤% ឯស្ត្រីមានផ្ទៃពោះមានចំនួន ៧០%។ រីឯអាហារមានជាតិដែកវិញ បើបន្លែមាន ២៣% តែបើក្នុងសាច់ត្រី មាន ៧៧%។
កញ្ញា យូ អាលិចសង់ត្រេ ឲ្យដឹងទៀតថា កំហាប់អ៊ីយ៉ុងដែក ក្នុងត្រីរ៉ស់ មានទំហំខុសគ្នាទៅតាមទម្ងន់របស់ត្រី។ ប៉ុន្តែ វាមានកំហាប់អ៊ីយ៉ុងខុសគ្នានៅតំបន់ត្រីរ៉ស់នៅដែរ ដូចជាត្រីរ៉ស់យកពីខេត្តកំពង់ឆ្នាំង ជាត្រីរស់នៅក្នុងបឹងទន្លេសាប មានកំហាប់អ៊ីយ៉ុងខ្ពស់ជាង ត្រីរ៉ស់ចិញ្ចឹមដាក់លក់នៅផ្សារកណ្ដាល៖ «ក្នុងកំឡុងគាត់មានផ្ទៃពោះ និងក្រោយសម្រាល គឺកង្វះជាតិដែក ហើយកង្វះជាតិដែកនេះ គឺអាចប៉ះពាល់ដល់ខ្លួនគាត់ផ្ទាល់ នៅពេលសម្រាល និងប៉ះពាល់ដល់ទារក ដូចជាអាចកើតមកមិនគ្រប់ខែ ឬក៏មានការបាត់បង់អវយវៈណាមួយដែលបណ្ដាលមកពីការកង្វះជាតិដែកនេះផងដែរ។ ហើយម្យ៉ាងវិញទៀត បើយើងធ្វើការប្រៀបធៀបរវាងប្រទេសជិតខាងយើង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម យើងឃើញថា ស្ត្រីដែលបណ្ដាលមកពីខ្វះជាតិដែក គឺប្រទេសកម្ពុជា យើង មានរហូតដល់ ៥៧%។ ឯប្រទេសថៃ មាន ៣២% និងប្រទេសវៀតណាម មានតែ ២២% ប៉ុណ្ណោះ។ អីចឹង យើងឃើញថា ទិន្នន័យនេះបានបង្ហាញថា ប្រទេសកម្ពុជា យើង គឺមានបញ្ហាកង្វះជាតិដែក បណ្ដាលឲ្យកង្វះឈាមក្រហមលើស្ត្រីមានផ្ទៃពោះ គឺមានការកើនឡើង។ ដូច្នេះ ការរកបរិមាណអ៊ីយ៉ុងដែកក្នុងត្រីហ្នឹង យើងអាចផ្តល់ព័ត៌មានឲ្យប្រជាជន ជាពិសេសដល់ស្ត្រីមានផ្ទៃពោះ អាចទទួលទានត្រីប្រភេទហ្នឹង ដើម្បីទទួលបានជាតិដែកពីត្រីហ្នឹង»។
កញ្ញាឲ្យដឹងថា ការពិសោធន៍រកឃើញដែរថា ត្រីរ៉ស់មានកំហាប់អ៊ីយ៉ុងច្រើនជាងត្រីឆ្ដោ និងច្រើនជាងត្រីក្រាញ់ ត្រីឆ្ពិន និងត្រីអណ្ដែង៖ «ខ្ញុំបានរកត្រីធម្មជាតិ និងត្រីចិញ្ចឹម។ អីចឹង ខ្ញុំឃើញត្រីចិញ្ចឹមក្នុងត្រីរ៉ស់ ក៏មានបរិមាណអ៊ីយ៉ុងដែកខ្ពស់ដែរ។ ឯត្រីរ៉ស់ទន្លេយើងក៏មានបរិមាណអ៊ីយ៉ុងខ្ពស់ដូចគ្នា»។
ភាគរយនៃការទទួលទានជាតិដែកពីសាច់ត្រី ធៀបនឹងគ្រាប់ថ្នាំជាតិដែក យោងតាមការសិក្សានៅឆ្នាំ២០១០ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហ្វាវ (FAO) បង្ហាញថា ពលរដ្ឋកម្ពុជា ម្នាក់ បរិភោគត្រីជាមធ្យម ៦៧គីឡូក្រាម ក្នុង១ឆ្នាំ។ ចំណែកក្រសួងសុខាភិបាល បានផ្តល់គ្រាប់ថ្នាំជាតិដែកដល់ស្ត្រីមានផ្ទៃពោះចំនួន ១៣២គ្រាប់ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ដែលបរិមាណជាតិដែកក្នុង១គ្រាប់ មានចំនួន ៣៥មិល្លីក្រាម។
និស្សិតបញ្ចប់ឆ្នាំទី៤ ផ្នែកគីមី នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ទិត សាន់ឌី ថ្លែងថា ការសិក្សាអំពីវត្តមាន និងបរិមាណនៃសារធាតុពុលអ៊ីយ៉ុងសានួ (រសជាតិហាងនៃទំពាំង) នៅក្នុងបន្លែទំពាំងឫស្សីតឿ ដែលដុះនៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ចាម បានរកឃើញថា សារធាតុពុលអ៊ីយ៉ុងសានួនៅក្នុងបន្លែទំពាំង នឹងធ្វើឲ្យអ្នកបរិភោគបន្លែទំពាំងនោះច្រើន អាចស្លាប់បាន៖ «ជាទូទៅ ទំពាំងទាំងអស់ គឺសុទ្ធតែមានវត្តមាននូវសារធាតុពុលនេះទាំងអស់ បានន័យថា អ្នកខ្លះគាត់មានបញ្ហាពុលទំពាំង ដោយសារអីនៅក្នុងទំពាំងហ្នឹង អាចមាននៅសល់សារធាតុអ៊ីយ៉ុងសានួ នោះវាច្រើន អីចឹងនៅពេលដែលសារធាតុអ៊ីយ៉ុងសានួ ចូលទៅក្នុងខ្លួន វាអាចបណ្ដាលឲ្យមានបញ្ហាកើតឡើងភ្លាម ពេលគាត់ពុល ដូចជាក្អួតចង្អោរ ឬក៏ប្រព័ន្ធឈាមរបស់គាត់ហ្នឹង ចាប់ផ្ដើមដំណើរការអត់ល្អ»។
កញ្ញាបន្តថា អ្នកដែលទទួលទានបន្លែទំពាំង ចំអិនមិនត្រឹមត្រូវ អាចពុលលឿន ដោយសារតែបរិមាណនៃសារធាតុពុលអ៊ីយ៉ុងសានួ បន្សល់ច្រើនក្នុងផ្នែកខ្ចីនៃទំពាំងដែលទើបកាច់។ ប៉ុន្តែ មើមទំពាំងដែលកាច់មកទុកក្នុងរយៈពេល ១០ថ្ងៃ ទៅ ១៥ថ្ងៃ សារធាតុពុលនៃអ៊ីយ៉ុងសានួ បានថយឥទ្ធិពលនៃការពុលរបស់វាដែរ។ ទន្ទឹមនោះ ការលាងច្របាច់ទំពាំងហាន់រួចជាមួយនឹងអង្ករ ការហាន់ឲ្យល្អិត ការបុកកម្ទេច ការស្រុសទំពាំង ការស្ងោររម្ងាស់ដោយចាក់ទឹកវាចេញ ហើយហាលសម្ងួតវាជាដើម ក៏ជួយបន្ថយសារធាតុពុលនៃអ៊ីយ៉ុងសានួ ដែរ។
កញ្ញាឲ្យដឹងថា បន្លែទំពាំងដែលសម្បូរសារធាតុពុលនៃអ៊ីយ៉ុងសានួ គឺនៅខាងចុងនៃមើមទំពាំង។ ចំណែកផ្នែកកណ្ដាលមើម និងគល់ទំពាំងមានអ៊ីយ៉ុងសានួ តិចជាងនៅផ្នែកខ្ចីនៃមើមទំពាំងនោះ៖ «ជួនកាលក្នុងការចំអិនហ្នឹង គាត់មានវិធីសាស្ត្រក្នុងការលាងសម្អាត ការលាងទឹកទទេ ការលាង៣ដង ៤ដងឬក៏ ៥ដងនោះទៅ វាអាចកាត់បន្ថយកំហាប់អ៊ីយ៉ុងសានួ បានច្រើន ហើយធម្មតា គាត់លាងហើយ គាត់មិនមែនយកទៅហូបភ្លាមៗទៀត លាងហើយគាត់យកទៅចំអិនទៀត។អីចឹង អាការចំអិនរបស់គាត់ហ្នឹងហើយ ក៏អាចកាត់បន្ថយកំហាប់ហ្នឹងបាននៅសល់ អាចនៅកម្រិតសូន្យ។ សម្រាប់ការរក្សាទុកទំពាំងតាមថ្ងៃ យើងឃើញថា ទុកតែ ៦ថ្ងៃ ទំពាំងរបស់យើងវានឹងថយកំហាប់អ៊ីយ៉ុងសានួ ដែរ។ នៅផ្នែកចុង វាសម្បូរកំហាប់អ៊ីយ៉ុងសានួ ខ្ពស់ ព្រោះវាជាផ្នែកខ្ចី។ អីចឹង កំហាប់អ៊ីយ៉ុងសានួ របស់វាថយចុះប្រមាណជាបើផ្នែកគល់វាថយចុះ ២ដង ហើយសម្រាប់កំពូលផ្នែកចុង និងផ្នែកកណ្ដាលវិញ ការថយចុះរបស់វា គឺប្រមាណតែជិត ២ដងអីចឹងទេ។ ប៉ុន្តែ គ្រាន់ថា ការថយចុះហ្នឹង វាមិនបានធ្វើឲ្យកំហាប់អ៊ីយ៉ុងសានួ របស់យើងហ្នឹង ស្ថិតនៅក្នុងកម្រិតដែលមានសុវត្ថិភាព»។
ការកំណត់ជាតិពុលស្លាប់នៃអ៊ីយ៉ុងសានួរ របស់អង្គការសុខភាពពិភពលោក (WHO) គឺចន្លោះពី ០,៥ ទៅ ៣,៥ មិល្លីក្រាមនៃទម្ងន់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។