ប្រជាពលរដ្ឋអ្នកជំងឺដែលរកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទទូចស្នើសុំរោងសម្រាប់ជ្រកជាថ្មីពីសប្បុរសជន និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី។ ការស្នើសុំជាថ្មីនេះ បន្ទាប់ពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានយករោងសម្រាប់ជ្រកមួយចំនួនទៅដាក់កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅមន្ទីរពេទ្យគន្ធបុប្ផា និងសន្យាថា នឹងធ្វើរោងបន្ថែមដើម្បីសម្រួលការអង្គុយរង់ចាំរបស់អ្នកជំងឺ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ឆ្លើយតបថា លោកកំពុងសាងសង់រោងជូនអ្នកជំងឺ ហើយនឹងរួចក្នុងពេលឆាប់ៗ។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានពលរដ្ឋចាត់ទុកថា សេវាព្យាបាលមានប្រសិទ្ធភាព ការព្យាបាលមិនចំណាយលុយ និងអាចសង្គ្រោះជីវិតកុមារកម្ពុជា រាប់ម៉ឺននាក់ក្នុងមួយៗឆ្នាំ ប៉ុន្តែនៅរបងខាងក្រៅនៃមន្ទីរពេទ្យនេះ មិនមានបង់ កៅអី ឬរោងសម្រាប់ជ្រក បង្កើនភាពងាយស្រួលជូនពលរដ្ឋអ្នកជំងឺជ្រកនោះទេ។
ពលរដ្ឋដែលទៅទទួលសេវាព្យាបាលនៅទីនោះ មានក្តីប្រាថ្នាមួយជាយូរមកហើយ គឺពួកគាត់ចង់បានកៅអី ឬរោងសម្រាប់ជ្រក និងបង្គន់អនាម័យ ដើម្បីអាចការពារកម្ដៅក្តៅថ្ងៃ និងអាចបាំងតំណក់ទឹកភ្លៀងកុំឲ្យធ្លាក់ត្រូវកុមារាកុមារីទាំងឡាយដែលមានជំងឺ៖ «បាទ! មានតែពេទ្យហ្នឹងមួយទេដែលអាចជួយឲ្យក្មេងៗមានអាយុជីវិតបានរស់បន្តទៅទៀតណាអូន»។
ពលរដ្ឋអ្នកជំងឺម្នាក់មកពីខេត្តកំពង់ចាម លោកស្រី វ៉ែន សុវណ្ណ មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតក្តីសោមនស្សសម្រាប់ផ្លូវចិត្តលោកស្រី។ ការរីករាយនេះ គឺកើតចេញពីការសង្គ្រោះកូនរបស់លោកស្រីដែលមានជំងឺជាប់កាយ ដោយជិតដាច់ខ្យល់ទៅទីឋានដទៃ ឲ្យមានដង្ហើមដកឡើងវិញ តាមរយៈការព្យាបាលជំងឺមិនអស់លុយ និងមានប្រសិទ្ធភាពរបស់គ្រូពេទ្យនៅទីនោះ។
«សំឡេងក្មេងយំង៉ាៗៗៗៗៗ»
ការកើតមានស្នាមញញឹមលាយទុក្ខនេះ មិនមែនកើតមានចំពោះតែ លោកស្រី វ៉ែន សុវណ្ណ ម្នាក់នោះទេ ប៉ុន្តែក៏កើតមានលើកុមារាកុមារី និងស្ត្រីដទៃជាច្រើនផ្សេងទៀតដែលមានជំងឺ តែមិនមានលុយសម្រាប់ព្យាបាល និងខ្វះភាពជឿជាក់ចំពោះគ្រូពេទ្យមួយចំនួននៅកម្ពុជា។
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋអ្នកជំងឺទាំងនោះ ទទូចស្នើសុំនូវរោងសម្រាប់ជ្រក និងកៅអីសម្រាប់អង្គុយនៅខាងក្រៅរបងនៃមន្ទីរពេទ្យគន្ធបុប្ផា ពីរដ្ឋាភិបាល សប្បុរសជន ក្នុងន័យជៀសវាងការអង្គុយផ្ទាល់លើដី។
ជុំវិញការស្នើសុំរបស់ប្រជាជននេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អះអាងថា នៅដើមខែធ្នូ ខាងមុខនេះ លោកនឹងនាំយករោងសម្រាប់ជ្រកទៅដាក់ជូនពលរដ្ឋអ្នកជំងឺ ដែលទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ឲ្យគ្រប់ចំនួន ដើម្បីសម្រួលការរង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនោះ។ លោកបន្តថា លោកក៏នឹងសាងសង់បង្គន់អនាម័យជូនពលរដ្ឋដែរ ដើម្បីអាចសម្រួលក្នុងពេលបន្ទោបង់ និងការផ្តល់ជូននូវទឹកដែលមានអនាម័យឲ្យពលរដ្ឋអ្នកជំងឺបានប្រើប្រាស់៖ «ជាទឹកចិត្តសប្បុរសរបស់ខ្ញុំ ហើយខ្ញុំជួយដោយស្មោះទេ មិនចង់បានអ្វីនោះទេ ហើយក៏មានសប្បុរសជនមួយចំនួនចូលរួមផងដែរ»។
កាលពីពេលកន្លងទៅ ប្រធាន និងស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ប្រកាសស្វែងរកជំនួយពីរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃប្រទេសស្វីស និងសហគមន៍អឺរ៉ុប ឲ្យជួយផ្តល់ថវិកាបន្ថែមដើម្បីអាចឲ្យមន្ទីរពេទ្យនេះអាចដំណើរបាន ១០ឆ្នាំទៅមុខទៀត។
មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០១៥ មានលុយជំនួយ ៤៥លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ការព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកទាំងអស់ ២.៥០០នាក់។ បុគ្គលិកម្នាក់ៗមិនអាចមានសិទ្ធិធ្វើការនៅមន្ទីរពេទ្យផ្សេងនោះឡើយ។ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញមានទីតាំងក្បែរវត្តភ្នំ និងឆៀងខាងត្បូងនៃព្រះបរមរាជវាំង និងមួយកន្លែងទៀតនៅទីរួមខេត្តសៀមរាប។
ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផា លោក មាស សារិទ្ធ មានប្រសាសន៍ថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផា ចំណាយលុយលើការព្យាបាលជំងឺប្រមាណ ១២ម៉ឺនដុល្លារ ហើយក្នុងមួយឆ្នាំចំណាយប្រមាណជាង ៤២លានដុល្លារ។ មន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមប្រកាសរកជំនួយពីសប្បុរសជននៅប្រទេសកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១៣។
កុមារជាង ៣.០០០នាក់ ត្រូវបានពិនិត្យព្យាបាលដោយមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ថ្ងៃ។ កុមារទាំងនោះ ភាគច្រើនមានជំងឺធ្ងន់ប្រមាណ ៨៥% ហើយកុមារដែលមានជំងឺគ្រុនឈាម ៩២% បានទៅរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍ធនាគារពិភពលោក (World Bank) បង្ហាញថា ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់ មានជីវភាពជិតក្រ។ របាយការណ៍ដដែលបង្ហាញថា កុមារកម្ពុជា ប្រហែល ៤២% ដែលមានអាយុក្រោម ៥ឆ្នាំ គឺកង្វះអាហារូបត្ថម្ភ ហើយពាក់កណ្ដាលនៃប្រជាជនកម្ពុជា មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។
មាត្រា ៧២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។ រីឯមាត្រា ៧៣ ចែងថា រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំឲ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
