ក្រសួង​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី​ពេល​អាកាសធាតុ​ត្រជាក់

0:00 / 0:00

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លូវ​ដង្ហើម ជាពិសេស​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ត្រជាក់។ ជំងឺ​ផ្ដាសាយ​បក្សី H5N1 ច្រើន​កើត​មាន​ពី​ខែ​នេះ​ទៅ។

ការ​ណែនាំ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង គឺ​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ឲ្យ​ដឹង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង និង​ឦសាន​កម្ពុជា នឹង​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ធ្នូ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ថា ក្រៅ​ពី​ជំងឺ​អេបូឡា (Ebola) និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ទៀត ជំងឺ​ផ្ដាសាយ​បក្សី​ក៏​ជា​ជំងឺ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពីព្រោះ​វា​ច្រើន​ផ្ទុះ​ឡើង​ក្នុង​រដូវ​នេះ៖ «បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង​នៅ​តែ​ប្រឈម ហើយ​ដូច​អស់​លោក​លោកស្រី​ជ្រាប​ហើយ​ថា រដូវ​រងា​មក​ដល់​ហើយ ហើយ​ធម្មតា​ជំងឺ​នេះ​តែង​តែ​មាន​ផ្ទុះ​ឡើង​រៀង​រាល់​ខែ​រងា​ហ្នឹង ជាពិសេស គឺ​ខែ​ធ្នូ រហូត​ដល់​ខែ​មេសា ពីព្រោះ​វា​ជា​រយៈពេល​ដែល​រងា​ផង ស្ងួត​ផង ហើយ​ប្រជាពលរដ្ឋ​យើង​មាន​ពិធី​បុណ្យ​ច្រើន ហើយ​ធ្វើ​ឲ្យ​មាន​ការ​ចល័ត​មាន់​ទា​ក៏​ច្រើន​ដែរ។ ដូច្នេះ យើង​អាច​ប្រឈម​បញ្ហា​សុខភាព​ទាក់ទង​ជំងឺ​ផ្ដាសាយ​បក្សី»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​ប្រុង​ប្រយ័ត្ន​នេះ​ក៏​ព្រោះ​តែ​ក្រសួង​កសិកម្ម មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ណា​មួយ​បញ្ជាក់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​រួច​ផុត​ពី​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ ក្រសួង​សុខាភិបាល បាន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​ថ្មី​មួយ​ចំនួន ដូច​ជា ជំងឺ​អេបូឡា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា ជំងឺ​ផ្ដាសាយ H7N9 និង​ជំងឺ​ផ្ដាសាយ H5N1 ជាដើម។ កន្លែង​ត្រួត​ពិនិត្យ​សំខាន់ គឺ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បួន គឺ​អាកាសយានដ្ឋាន​ភ្នំពេញ សៀមរាប និង​ច្រក​ទ្វារ​ប៉ោយប៉ែត និង​បាវិត។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ដើម្បី​បង្ការ​ជំងឺ​នានា​ដែល​បណ្ដាល​មក​ពី​អាកាសធាតុ​ត្រជាក់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នឹង​បន្ត​តាម​ដាន​ស្ថានភាព​ជំងឺ​ទាំង​នោះ ជាពិសេស​ជំងឺ​ផ្ដាសាយ H5N1៖ «នៅ​តែ​តាម​ដាន​បន្ត។ ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​ហ្នឹង យើង​មាន​រាយការណ៍ ហ៊តឡាញ (Hotline) ជា​ប្រចាំ ហើយ​និង​យើង​មាន​ប្រព័ន្ធ​តាម​ដាន​ជំងឺ​ផ្ដាសាយ។ យើង​មាន​ប្រព័ន្ធ​តាម​ដាន​ឃ្លាំ​មើល​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន ដើម្បី​តាម​ដាន​នូវ​មេរោគ​ហ្នឹង និង​ប្រព័ន្ធ​មួយ​ទៀត ហៅ​ថា ប្រព័ន្ធ​រលាក​សួត។ ដូច្នេះ​មាន​ន័យ​ថា យើង​មាន​ប្រព័ន្ធ​ទាំង​ពីរ ប្រព័ន្ធ​ទាំង​អ្នក​ជំងឺ​ផ្ដាសាយ និង​ប្រព័ន្ធ​អ្នក​ជំងឺ​ដែល​ផ្ដាសាយ ហើយ​វិវឌ្ឍ​ទៅ​រក​រលាក​សួត​ធ្ងន់ធ្ងរ ក៏​យើង​មាន​ប្រព័ន្ធ​ហ្នឹង​តាម​ដាន។ បើ​សិន​ឃើញ​មាន​ជំងឺ​ផ្ដាសាយ​បក្សី ឬ​ស្រដៀង​ជំងឺ​ផ្ដាសាយ​បក្សី​ហ្នឹង យើង​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់»

ប្រសិន​បើ​មាន​ជំងឺ​អ្វី​ចម្លែក ឬ​ចង់​បាន​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ទាក់ទង​ទៅ​លេខ ០១២ ៤៨៨ ៩៨១ និង ០៨៩ ៦៦៩ ៥៦៧។

ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ ស្ដីពី​ការ​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដែល​បណ្ដាល​មក​ពី​មេរោគ​វីរុស (Virus) ដូចជា​គ្រុន​ផ្ដាសាយ ជំងឺ​រលាក​បំពង់​ក ដោយ​មេរោគ​ស្ត្រិបតូកូក (Streptococcus) និង​ជំងឺ​រលាក​ក្រពះ​ពោះវៀន ដោយ​វីរុស។

ស្ថាប័ន​ទាំង​ពីរ ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​សាមញ្ញ​មួយ​ចំនួន ដូចជា ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាធារណៈ បើ​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម គ្រុន​ក្ដៅ ក្អក ឈឺ​ក និង​ឈឺ​សាច់​ដុំ ផ្អាក​ធ្វើ​ដំណើរ​ពេល​មាន​ផ្ដាសាយ ខ្ទប់​មាត់​នឹង​ក្រណាត់ ឬ​គន្លាក់​ដៃ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​មិន​ត្រូវ​ប្រើ​បាត​ដៃ​ទេ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ការ​ប៉ះ​ភ្នែក មាត់ និង​ច្រមុះ និង​ប៉ះ​អ្នក​ជំងឺ កុំ​ទទួល​ទាន​សត្វ​ឈឺ​ងាប់ និង​ចម្អិន​សាច់ និង​ស៊ុត​ឲ្យ​បាន​ឆ្អិន​ល្អ​ពេល​ធ្វើ​ម្ហូប។

ទាក់ទង​នឹង​អាកាសធាតុ​ត្រជាក់​ក្នុង​រដូវ​រងា​ខាង​មុខ​នេះ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្លៀក​ដណ្ដប់​ឲ្យ​បាន​កក់​ក្ដៅ​ចំពោះ​កុមារ និង​មនុស្ស​វ័យ​ចំណាស់ ពីព្រោះ​មនុស្ស​ពីរ​ប្រភេទ​នេះ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​អាកាសធាតុ​ត្រជាក់ ដោយសារ​មាន​សកម្មភាព​រាងកាយ (ធ្វើ​ចលនា​រាងកាយ) តិច ជាពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។