មន្ត្រីរដ្ឋាភិបាល ឲ្យដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលជិត ២ខែនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជិត ២ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យក្នុងករណីគ្រឿងញៀននេះបានជាង ៤ពាន់នាក់។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ បញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៩ កុម្ភៈ ថា ចំនួនជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនដែលអាជ្ញាធរបង្ក្រាបបានរហូតមកដល់ពេលនេះ បានកើនឡើងជាង ៤ពាន់នាក់៖ « ម៉ោងនេះយើងមិនទាន់សរុបបានទេ សម្រាប់ថ្ងៃហ្នឹង។ ប៉ុន្តែពីពេលចាប់ផ្ដើម អនុវត្តមក ដល់ថ្ងៃសៅរ៍ ម្សិលមិញ វេលាម៉ោង ៧ យើង បានបញ្ចប់ តួលេខ យើងបាន ១.៧៣០ករណី រួមទាំងករណីប្រើប្រាស់ គ្រឿងញៀន ទាំងបទល្មើសចរាចរណ៍ជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន ។ ឃាត់ខ្លួនមនុស្សដែលជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងអស់នេះ មានចំនួន ៤.១២៣នាក់ »។
លោកមានប្រសាសន៍បន្តថា ករណីបង្ក្រាបគ្រឿងញៀនក្នុងខែកុម្ភៈ នេះ មានចំនួនប្រហាក់ប្រហែលគ្នា ប្រៀបធៀបទៅនឹងចំនួនបង្ក្រាបបានក្នុងរយៈពេល ២សប្ដាហ៍ដូចគ្នា កាលពីខែមករា។ កាលពីក្នុងរយៈពេល ២សប្ដាហ៍ដំបូងក្នុងខែមករា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៥០០ករណី ហើយឃាត់ខ្លួនជនសង្ស័យបានជាង ១ពាន់នាក់។
នៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើយុទ្ធនាការក្ដៅប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល ៦ខែ គឺចាប់ពីខែមករា ដល់ខែមិថុនា នៅទូទាំងប្រទេស។
បទល្មើសគ្រឿងញៀនដែលអាជ្ញាធរបង្ក្រាបបាននៅពេលធ្វើយុទ្ធនាការនេះ នៅមិនទាន់ជួបប្រទះការជួញដូរទ្រង់ទ្រាយធំនៅឡើយទេ។ លោក មាស វីរិទ្ធ មានប្រសាសន៍ថា អ្វីដែលអាជ្ញាធរបង្ក្រាបបានពេលនេះ គឺបណ្ដាញប្រើប្រាស់ និងជួញដូរកម្រិតទី៣៖ « យើងជួបប្រទះជាខ្សែបណ្ដាញ។ អ៊ីចឹងសមត្ថកិច្ចបានរំលាយក្រុមជួញដូរគ្រឿងញៀនជាខ្សែ ដោយចាប់ផ្ដើមបង្ក្រាបករណីប្រើប្រាស់ ឈានទៅការជួញដូរកម្រិតតូចរហូតដល់កម្រិតមធ្យម រហូតដល់កម្រិតលើមធ្យមមានខ្សែបណ្ដាញរបស់វា។ បានន័យថា អ្នកទិញយកទៅប្រើ ទិញពីអ្នកលក់មួយ អ្នកលក់នោះទិញបន្តពីអ្នកលក់មួយទៀត អ្នកលក់មួយទៀតទិញបន្តពីអ្នកលក់មួយទៀត។ សមត្ថកិច្ចបានរំលាយក្នុងកម្រិតហ្នឹង។ បើជាន់ថ្នាក់ គេហៅថាជាន់ទី៣ បន្ទាប់ពីការប្រើប្រាស់ » ។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានរាប់ពាន់នាក់ បានបង្កឲ្យផ្នែកគ្រប់គ្រងពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ព្រួយបារម្ភពីការចាល់ចង្អៀតអ្នកជាប់ឃុំក្នុងពន្ធនាគារ។ កាលពីពាក់កណ្ដាលខែមករា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ថាការដោះស្រាយបន្ទាន់របស់ខាងលោក គឺរកពន្ធនាគារផ្សេងៗសម្រាប់ដាក់អ្នកទាំងនេះ៖ «ចំពោះដំណោះស្រាយបឋម និងជាបន្ទាន់នោះ គឺយើងមើលលទ្ធភាពពន្ធនាគារដទៃដែល មានលទ្ធភាព អាចទទួល យកការ ផ្ទេរអ្នកដែលនៅកន្លែងចង្អៀតខ្លាំង ទៅកន្លែងដែលមិនសូវចង្អៀត»។
តួលេខអ្នកកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅទូទាំងប្រទេស មានប្រហែល ២ម៉ឺន ២ពាន់នាក់ ដែលក្នុងចំនួននេះ គឺមានជាង ៤០ភាគរយ ជាអ្នកជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
រដ្ឋាភិបាលគ្រោងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្នាក់ជាតិមួយកន្លែងនៅលើផ្ទៃដីទំហំ ២០ហិកតារ នៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ការព្យាបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អ្នកញៀនគ្រឿងញៀន ប៉ុន្តែនៅខ្វះថវិកា។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ថ្លែងថា រដ្ឋាភិបាលកំពុងជួសជុលកន្លែងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៖ « យើងត្រៀមមួយកន្លែងទៀត ប្រហែលជារបស់ក្រសួងសង្គមកិច្ច ដែលអាចដាក់អ្នករងគ្រោះ គឺអ្នកដែលត្រូវទៅទទួលយកសេវាព្យាបាលនោះប្រមាណជា ៥០០នាក់ ហើយកំពុងតែជួសជុល » ។
លោកបញ្ជាក់ថា ចំនួនមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅទូទាំងប្រទេសពេលនេះ មានចំនួន ១០កន្លែង។ ក្រៅពីនេះ មានមណ្ឌលសុខភាព និងមន្ទីរបង្អែកចំនួន ២៦៨កន្លែង ដែលទទួលព្យាបាលអ្នកញៀនគ្រឿងញៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
