មន្ទីរពេទ្យ​រុស្ស៊ី​នឹង​ព្យាបាល​ជំងឺ​បាត​ភ្នែក​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​ដោយ​ឥត​បង់​ថ្លៃ

គ្រូពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​នេះ​នឹង​មាន​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​បាត​ភ្នែក សម្រាប់​អ្នក​កើត​ទឹក​នោម​ផ្អែម​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ពុធ ទី​១៨ ដល់​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា។

គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ចសហការ​រវាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ភ្នែក​មក​ពី​ប្រទេស​អូស្ត្រាលី។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្នែក​ជំងឺ​បាត​ភ្នែក លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ មាន​ប្រសាសន៍​ថា ជំងឺ​បាត​ភ្នែក​ដែល​ជួប​ភាគ​ច្រើន​ជា​ផល​វិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​បញ្ជាក់​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាត​ភ្នែក​ឥត​បង់​ថ្លៃ​រយៈពេល ៣​ថ្ងៃ​នេះ គឺ​កំណត់​ត្រឹម​តែ ២០​នាក់​ទេ​ក្នុង​មួយ​ថ្ងៃ៖ «ចំនួន​ដែល​យើង​ត្រូវ​ពិនិត្យ​ហ្នឹង​មាន​កំណត់ ព្រោះ​អ្នក​ជំងឺ​ត្រូវ​ការ​ពេល​យូរ ចំណាយ​ពេល​យូរ​ក្នុង​ការ​ពិនិត្យ ហើយ​ពេល​ហ្នឹង​រង់ចាំ។ អ៊ីចឹង​មួយ​ថ្ងៃ​អាច​ពិនិត្យ​យ៉ាង​ច្រើន​បាន​តែ ២០​នាក់​ទេ សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាត​ភ្នែក ព្រោះ​យើង​មិន​អាច​មក​ដូច​ជំងឺ​ឡើង​បាយ​វះ​ស្រួលៗ​ទេ។ អា​ហ្នឹង​ពិបាក ព្រោះ​ត្រូវ​ការ​ពេល​ពិនិត្យ​ហ្នឹង​ជាង​ជំងឺ​ភ្នែក​ទូទៅ​ធម្មតា»

អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ជា​ធម្មតា​ថ្លៃ​ព្យាបាល​ដោយ​បាញ់​កាំរស្មី​ឡាស៊ែរ​សម្រាប់​ជំងឺ​បាត​ភ្នែក​នេះ មាន​តម្លៃ ៥០​ដុល្លារ។ ប៉ុន្តែ នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក្រុម​គ្រូពេទ្យ​ឯកទេស​នឹង​ផ្ដល់​ជូន​ដោយ​ឥត​បង់​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។