រដ្ឋាភិបាល​គ្រោង​បណ្តុះ​បណ្តាល​ពេទ្យ​សត្វ​ឆ្នើម​ជាង​២.០០០​នាក់​នៅ​ឆ្នាំ​២០១៦

0:00 / 0:00

រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​បសុសត្វ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការ​ប្រកប​របរ​ចិញ្ចឹម​សត្វ​របស់​កសិករ​ចេះ​តែ​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល នឹង​សហការ​គ្នា​បណ្តុះបណ្តាល​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ជាង ២.០០០​នាក់​នៅ​ឆ្នាំ​២០១៦ នេះ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​បសុសត្វ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

មន្ត្រី​ក្រសួង​កសិកម្ម និង​សង្គម​ស៊ីវិល អះអាង​ថា កត្តា​សេដ្ឋកិច្ច​សំខាន់​ទី​ពីរ​បន្ទាប់​ពី​ផល​ដំណាំ​សម្រាប់​ប្រជាជន​កម្ពុជា នោះ​គឺ​ការ​ចិញ្ចឹម​សត្វ​ដែល​ប្រជាជន​ប្រមាណ ៩០% នៃ​កសិករ​ប្រកប​របរ​នេះ។

ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​កសិកម្ម និង​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​អភិវឌ្ឍន៍​បសុសត្វ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​កសិករ​ប្រសើរ​ឡើង ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។

ថ្លែង​ក្នុង​ពិធី​សម្ពោធ អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នកស្រី អ៊ុក សាវិន មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ថា​តម្រូវ​ការ​សាច់​សត្វ​នៅ​ប្រទេស​កម្ពុជា មាន​កាន់​តែ​ច្រើន ប៉ុន្តែ​វិស័យ​បសុសត្វ​នៅ​តែ​ជួប​ឧបសគ្គ​នៅ​ឡើយ​នោះ ទើប​រដ្ឋាភិបាល​មាន​គោលដៅ​បង្កើន​ចំនួន​ភ្នាក់ងារ​សត្វ​ភូមិ​បន្ថែម​ទៀត។ អ្នកស្រី​បញ្ជាក់​ថា តាម​រយៈ​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ភ្នាក់ងារ​សត្វ​ភូមិ​ជាង ២.០០០​នាក់ នឹង​ជួយ​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​កាន់​តែ​យល់​ដឹង​ពី​បច្ចេកទេស​ផលិត​ពី​ភ្នាក់ងារ​ពេទ្យ​សត្វ​ភូមិ ដើម្បី​ពង្រឹង​ផ្នែក​ផលិតកម្ម​កាន់​តែ​មាន​គុណភាព​ខ្ពស់ « សម្រាប់​នាយកដ្ឋាន​បសុព្យាបាល ពិសេស​ក្រសួង​កសិកម្ម យើង​មិន​ព្រងើយ​កន្តើយ​ដើម្បី​ដោះស្រាយ​លើ​វិស័យ​កសិកម្ម​តាម​រយៈ​ពេទ្យ​ទាំងនេះ ឲ្យ​ដឹង​ពី​របៀប​ព្យាបាល ផលិតកម្ម ការ​ជ្រើសរើស​ពូជ ដើម្បី​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​ទទួល​បាន​តម្លៃ​ទីផ្សារ​កាន់​តែ​ប្រសើរ​ជាង​មុន​លើ​ការ​ផ្គត់ផ្គង់​សាច់​សត្វ »

សម្រាប់​គម្រោង​អភិវឌ្ឍន៍​បសុសត្វ​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ភ្នាក់ងារ​សត្វ​ភូមិ​ជាង ២.០០០​នាក់​នៅ​ឆ្នាំ​២០១៦ នេះ ទទួល​បាន​ជំនួយ​ពី​សហភាព​អឺរ៉ុប ហើយ​ត្រូវ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៦ ក្នុង​នោះ​មាន​ខេត្ត​ពោធិ៍សាត់ ព្រៃវែង តាកែវ ស្វាយរៀង កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ។ គម្រោង​នេះ​មាន​រយៈពេល ២​ឆ្នាំ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ ត​ទៅ។ អង្គការ ភីផល អ៊ីន នីត (People in Need) និង​អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យ​សត្វ​គ្មាន​ព្រំដែន​ជា​អ្នក​ទទួល​អនុវត្ត​សកម្មភាព​ដោយ​ផ្ទាល់​លើ​ការ​បណ្តុះបណ្តាល​ភ្នាក់ងារ​ពេទ្យ​សត្វ​នេះ។

ជាង​នេះ​ទៀត ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​ទទួល​អនុវត្ត​សកម្មភាព​លើ​គម្រោង​នេះ​រំពឹង​ថា កសិករ​ចិញ្ចឹម​សត្វ​ប្រមាណ​ជាង ៥​ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គម្រោង​នេះ។

ទន្ទឹម​គ្នា​នេះ ប្រធាន​សម្របសម្រួល​អង្គការ​អ្នក​ក្សេត្រសាស្ត្រ លោក មិន សូភ័ន និង​ពេទ្យ​សត្វ​គ្មាន​ព្រំដែន​មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​ចំនួន​អ្នក​ចិញ្ចឹម​សត្វ​នៅ​តាម​ជនបទ ពិសេស​កសិករ​តូចតាច​មាន​ការ​ថយ​ចុះ តែ​លោក​ថា ប្រសិន​បើ​មាន​ការ​ចិញ្ចឹម​មែន វា​បែរ​ជា​នៅ​មិន​ទាន់​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ទៅ​វិញ។ លោក​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ប្រកួត​ប្រជែង​នឹង​ការ​នាំ​ចូល​សត្វ​ពី​ក្រៅ​ប្រទេស​បាន។ លោក​បញ្ជាក់​ថា ជំហាន​ដំបូង​នៃ​គម្រោង​នេះ អង្គការ​លោក​នឹង​ធ្វើ​ការ​បណ្តុះបណ្តាល​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដែល​មាន​ស្រាប់​ចំនួន​ជិត ២.០០០​នាក់ (១.៩០០​នាក់) ហើយ​បន្ទាប់​មក នឹង​ធ្វើ​ការ​បណ្តុះបណ្តាល​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ចំនួន ២០០​នាក់​បន្ថែម​ទៀត។ លោក​រំពឹង​ថា តាម​រយៈ​គម្រោង​នេះ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ផ្នែក​បសុព្យាបាល​ប៉ុណ្ណោះ​ទេ គម្រោង​នេះ​នឹង​ជួយ​ស្វែងរក​ទីផ្សារ​ជូន​កសិករ​ដែល​ជា​អ្នក​ចិញ្ចឹម​សត្វ​ផង​ដែរ « គឺ​យើង​រៀបចំ​ឲ្យ​មាន​បណ្ដាញ​ភ្នាក់ងារ​អភិវឌ្ឍន៍​សត្វ​ភូមិ ដើម្បី​ផ្លាស់ប្ដូរ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ទាក់ទិន​នឹង​បសុសត្វ។ ក្រៅ​ពី​នេះ គម្រោង​នេះ​នឹង​មាន​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ឲ្យ​អាច​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន ដែល​អាច​ឈរ​ជើង​ក្នុង​ការ​ជួយ​ផ្តល់​សេវាកម្ម​បសុព្យាបាល​នៅ​ជនបទ​ក្នុង​រយៈពេល​វែង និង​សកម្មភាព​ចងក្រង​ជា​សមាគម​កាន់​តែ​ងាយ​ស្រួល »

តំណាង​សហភាព​អឺរ៉ុប ដែល​បាន​ផ្តល់​មូលនិធិ​ជិត ៧​លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍន៍​បសុសត្វ​នៅ​កម្ពុជា ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ដែរ​នោះ បាន​ផ្តល់​អនុសាសន៍​ជូន​រដ្ឋាភិបាល ពិសេស​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ត្រូវ​តែ​ធ្វើ​ការ​សហការ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ជាមួយ​ក្រុម​អ្នក​ផលិត ពិសេស​កសិករ ក្រុម​អ្នក​ផ្តល់​សេវា អាជ្ញាធរ​មូលដ្ឋាន សង្គម​ស៊ីវិល និង​ផ្នែក​ទីផ្សារ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចូលរួម​បាន​ខ្លាំងក្លា​ពី​វិស័យ​ឯកជន​ឲ្យ​កាន់​តែ​ទូលាយ​ជាង​មុន ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​សាច់​សត្វ​នៅ​កម្ពុជា៕

វីដេអូ៖ រដ្ឋាភិបាល​គ្រោង​បណ្តុះ​បណ្តាល​ពេទ្យ​សត្វ​ជាង​២ពាន់​នាក់​ដើម្បី​ជួយ​កសិករ​ចិញ្ចឹម​សត្វ

រដ្ឋាភិបាល​គ្រោង​បណ្តុះ​បណ្តាល​ពេទ្យ​សត្វ​ជាង​២ពាន់​នាក់​ដើម្បី​ជួយ​កសិករ​ចិញ្ចឹម​សត្វ រដ្ឋាភិបាល​គ្រោង​បណ្តុះ​បណ្តាល​ពេទ្យ​សត្វ​ជាង​២ពាន់​នាក់​ដើម្បី​ជួយ​កសិករ​ចិញ្ចឹម​សត្វ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។