សង្គម​ស៊ីវិល​ថា​អាជ្ញាធរ​នឹង​មិន​អាច​លុប​បំបាត់​គ្រឿង​ញៀន​បើ​មិន​ចាប់​ឈ្មួញ​ចែក​ចាយ​ធំៗ

0:00 / 0:00

សង្គម​ស៊ីវិល​មើល​ឃើញ​ថា គ្រឿង​ញៀន​មិន​អាច​លុប​បំបាត់​អស់​ពី​ប្រទេស​កម្ពុជា នោះ​ទេ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​អាច​វែក​មុខ និង​បង្ក្រាប​អ្នក​ចែកចាយ​ធំៗ​បាន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ រយៈពេល ៦​ខែ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ល្អ​មួយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​បង្ការ​ភាព​រីក​រាលដាល​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តែ​លោក​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​វែក​មុខ​អ្នក​ចែកចាយ​គ្រឿង​ញៀន​នេះ​បាន​នៅ​ឡើយ​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​ចរាចរ​គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន៖ « យើង​ឃើញ​ថា​ករណី​នេះ​ច្រើន​ប៉ះ​ទៅ​លើ​អ្នក​ប្រើប្រាស់ ឬ​ក៏​អ្នក​ចែកចាយ​តូចតាច។ បាទ ! ប៉ុន្តែ​សម្រាប់​អ្នក​ឈ្មួញ​ជួញដូរ​ធំៗ​នោះ អត់​ទាន់​ចាប់​បាន​មួយ​ទេ​បាទ ! ចឹង​រឿង​ទាំងអស់​នេះ មិន​អាច​មាន​មោទនភាព​បាន​ទេ​បាទ ! យើង​ចាំ​មើល​រហូត​ដល់​ចប់​យុទ្ធនាការ​នេះ ហើយ​យើង​ចាំ​មើល​រហូត​ទាល់​តែ​ថា សម្បុក​ធំៗ​នៃ​ពួក​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​ហ្នឹង ត្រូវ​បាន​ចាប់​ខ្លួន​ឬ​អត់

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​អ្នក​ចែកចាយ​គ្រឿង​ញៀន​ទាំងអស់។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អនុវត្ត​វិធានការ​ទាំង ៥ ក្នុង​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១។

គណៈកម្មការ​ដែល​ទើប​បង្កើត​នោះ​មាន គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ មាន​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ជា​ប្រធាន គណៈកម្មការ​ទទួល​បន្ទុក​អនុវត្ត​វិធានការ​រដ្ឋបាល មាន​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា ជា​ប្រធាន គណៈកម្មការ​ទទួល​បន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​តាម​ច្រក​ដែល​មាន មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ជា​ប្រធាន គណៈកម្មការ​ទទួល​បន្ទុក​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន គណៈកម្មការ​ទទួល​បន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ និង​គណៈកម្មការ​ទទួល​បន្ទុក​ផ្គត់ផ្គង់។

ដោយឡែក​គណៈកម្មការ​ទទួល​បន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​តាម​ច្រក​ដែល​មាន បាន​បែងចែក​ជា​អនុ​គណៈកម្មការ​ចំនួន​បី​ផ្សេង​ទៀត មាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​តាម​ច្រក​ព្រំដែន​កម្ពុជា-ឡាវ មាន​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​តាម​អាកាសយានដ្ឋាន​អន្តរជាតិ និង​កំពង់ផែ​អន្តរជាតិ មាន​នាយ​ឧត្តមសេនីយ៍ សុខ ផល ជា​ប្រធាន និង​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​តាម​បញ្ញើ​ប្រៃសណីយ៍ មាន​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ជា​ប្រធាន។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក យង់ គិមអេង នេះ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែង​ថា នេះ​ជា​ទស្សនៈ​ដែល​ផ្ទុយ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​មើល​ឃើញ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រសើរ​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែម​ថា ការ​បង្ក្រាប​អ្នក​ជួញដូរ​តូចតាច គឺ​ជា​ជំហាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​ចែកចាយ ឬ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ធំ​បាន៖ « យើង​គិត​ថា​ប្រុង​តែ​ចាប់​ឲ្យ​ឃើញ​ធំ​ហ្នឹង​រាប់​តោន ហើយ​មនុស្ស​ហ្នឹង​មាន​ឥទ្ធិពល មាន​អី ! ចុះ​ប្រសិន​បើ​អ្នក​ប្រព្រឹត្តិ​គេ​ជួល​មនុស្ស​ផ្សេងៗ​ទៀត ឲ្យ​ធ្វើ​សកម្មភាព​ជំនួស​គេ។ តើ​យើង​មាន​ភស្តុតាង​ឯណា​ទៅ​ដាក់​បន្ទុក ទៅ​ចោទ​អ្នក​នេះ ទៅ​ចោទ​អ្នក​នោះ ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​នោះ »

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ រាជ​រដ្ឋាភិបាល​បាន​បង្កើត​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ ដែល​មាន​រយៈពេល ៦​ខែ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

យុទ្ធនាការ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ប្រធាន និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ជា​អនុប្រធាន។

ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ខែ​មករា ឆ្នាំ​២០១៧ បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ជាង ១​ពាន់​ករណី (១.១៤៤​ករណី) ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជិត ៣​ពាន់​នាក់ (២.៧៧៣​នាក់) និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង ៩​ពាន់​ក្រាម (៩.១៤៤,៥៣​ក្រាម)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។