មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយសមត្ថកិច្ច ចុះទៅបិទគ្លីនិកព្យាបាលជំងឺខុសច្បាប់មួយកន្លែង ដែលជារបស់ជនជាតិចិន នៅស្រុកក្រឡាញ់ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងពេលចុះអនុវត្តច្បាប់បិទកន្លែងទទួលព្យាបាលជំងឺនោះ មន្ត្រីជំនាញបានដកហូតយកថ្នាំពេទ្យច្រើនប្រភេទចំនួនជាង ១ម៉ឺន ៤ពាន់គ្រាប់ ព្រមទាំងសេរ៉ូមជាង ៣២០ដបទៀត។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា គ្លីនិកមួយកន្លែងដែលមានស្ត្រីជនជាតិចិនម្នាក់បើកព្យាបាលជំងឺដោយរកកម្រៃពីអ្នកភូមិជនបទនៅស្រុកក្រឡាញ់ គឺពុំមានច្បាប់អនុញ្ញាតទាំងកន្លែងព្យាបាល ឯគ្រូពេទ្យទៀតសោត ក៏មិនមានលិខិតទទួលស្គាល់ពីសមាគមគ្រូពេទ្យកម្ពុជា ទេ។ ដោយសារការរកឃើញបែបនេះ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះទៅបិទគ្លីនិកឯកជនមួយនោះ ព្រមទាំងដកហូតយកថ្នាំពេទ្យជាង ១ម៉ឺន ៤ពាន់គ្រាប់ និងសេរ៉ូមជាង ៣២០ដបទៀត ដែលនាំចូលមកព្យាបាលដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប គឺលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី៩ ខែធ្នូ ថា ទាំងគ្លីនិកដែលទទួលព្យាបាលអ្នកជំងឺនោះ គឺមិនមានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ទេ ឯស្ត្រីជនជាតិចិនម្នាក់ដែលជាអ្នកព្យាបាលជំងឺ ក៏មិនមានលិខិតទទួលស្គាល់វិជ្ជាជីវៈពីសមាគមគ្រូពេទ្យកម្ពុជា ដែរ។ លោក ក្រូស សារ៉ាត់ បញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចអនុញ្ញាតឲ្យគ្លីនិកឯកជនបែបនេះ បន្តទទួលព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរតទៅទៀតទេ៖ «កន្លែងហ្នឹង គឺគាត់អត់សុំច្បាប់អត់អី យើងហៅគាត់ទៅព្រមាន ខ្សឹបប្រាប់ហើយអីហើយ គាត់នៅតែមិនសុំច្បាប់មិនរៀបចំ អ៊ីចឹងតាមគោលការណ៍លុបបំបាត់មុខរបរខុសច្បាប់ គឺត្រូវតែមានវិធានការ»។

ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជិតកន្លែងព្យាបាលរបស់ស្ត្រីជនជាតិចិនម្នាក់នោះ ឲ្យដឹងថា ឧបករណ៍ខ្លះដែលគេយកទៅព្យាបាល គឺមិនសូវមានអនាម័យត្រឹមត្រូវទេ ហើយគ្លីនិកនោះពេលខ្លះក៏ទទួលធ្វើការងារដែលច្បាប់ហាមឃាត់ដែរ ដូចជា សេវារំលូតកូន បើទោះបីជាស្ត្រីខ្លះមានផ្ទៃពោះរហូតដល់ ៩ខែហើយក៏ដោយ ក៏គេហ៊ានរំលូតដែរ ឲ្យតែសាមីខ្លួនឲ្យប្រាក់ថ្លៃព្យាបាលខ្ពស់។
អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលចុះទៅអនុវត្តការបិទគ្លីនិកនោះ លោក អ៊ាប ប៊ុនលឿន មានប្រសាសន៍ថា លោកបានសម្រេចបិទកន្លែងព្យាបាលខុសច្បាប់នេះជាស្ថាពរ ព្រមទាំងដកហូតយកថ្នាំ និងសេរ៉ូមទាំងអស់។ ចំណែកឯអ្នកពាក់ព័ន្ធនឹងគ្លីនិកនេះមួយចំនួនទៀត នឹងប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរបន្ត៖ «យើងចុះមកថ្ងៃនេះ ដោយសារគាត់ជ្រកនៅក្រោមស្លាកសមាគមគ្រូពេទ្យគុណធម៌ ដែលយើងមានការលំបាកក្នុងការដឹង ប៉ុន្តែពេលយើងបានព័ត៌មានច្បាស់ទើបចុះមកបិទ»។
គ្លីនិកឯកជនទទួលព្យាបាលអ្នកជំងឺនៅទីជនបទមួយនេះ បានជ្រកនៅក្រោមស្លាករបស់សមាគមគ្រូពេទ្យគុណធម៌ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ឲ្យធ្វើសកម្មភាពតាំងតែពីឆ្នាំ២០០៦ មក ក៏ប៉ុន្តែអ្វីដែលខុស គឺលក្ខន្តិកៈរបស់សមាគមគ្រូពេទ្យគុណធម៌ ដែលក្រសួងមហាផ្ទៃ ចេញច្បាប់អនុញ្ញាតនោះ មានធ្វើសកម្មភាពតែដើរអប់រំ និងណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីអនាម័យ និងការថែទាំសុខភាពប៉ុណ្ណោះ មិនទទួលព្យាបាលជំងឺទេ។
ទោះយ៉ាងនេះក្ដី ស្ត្រីជនជាតិចិន ដែលជាម្ចាស់គ្លីនិកនេះ បានត្រឹមតែឈរមើលអាជ្ញាធរបិទកន្លែងរបស់គេ ប៉ុន្តែមិនហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
