ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រមាណ ២០០នាក់មកពីខេត្ត-ក្រុងចំនួន១០ បានជួបជុំគ្នានៅក្នុងភោជនីយដ្ឋានមួយកន្លែងនាខេត្តសៀមរាប ដើម្បីប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ ព្រមទាំងមានការចែករំលែកបទពិសោធន៍នៃជំនាញព្យាបាល និងការប្រើប្រាស់ឱសថថ្មីៗទៅឲ្យគ្នាផង។
ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងនោះ មានមកពីទីក្រុងភ្នំពេញ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តរតនគិរី។
មន្ត្រីក្រសួងសុខាភិបាល ជំរុញឲ្យគ្រូពេទ្យគ្រប់រូប ត្រូវរៀនភាសាអង់គ្លេស ឬក៏បារាំង ប្រយោជន៍ឲ្យមានមូលដ្ឋានរឹងមាំលើការស្រាវជ្រាវរកឯកសារវេជ្ជសាស្ត្រ និងជំងឺថ្មីៗ ដើម្បីបង្កើនសមត្ថភាពនៃការព្យាបាលដល់ពលរដ្ឋខ្មែរឲ្យមានប្រសិទ្ធភាព និងវិជ្ជាជីវៈពិតប្រាកដ។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងពេលដែលក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រមាណ ២០០នាក់មកពីខេត្ត-ក្រុងចំនួន១០ បានជួបជុំគ្នានៅខេត្តសៀមរាប ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ កាលពីព្រឹកថ្ងៃពុធ ទី៤ ខែឧសភា។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា គឺលោកវេជ្ជបណ្ឌិត ធា គ្រុយ។ លោកបានថ្លែងនៅក្នុងឱកាសអញ្ជើញជាគណៈអធិបតីនៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ នោះ ដោយជំរុញឲ្យគ្រូពេទ្យទាំងអស់ គួរចេះភាសាអង់គ្លេស ឬក៏បារាំង ព្រមទាំងចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវឯកសារ និងបង្កើនសមត្ថភាពនៃវិជ្ជាជីវៈពេទ្យឲ្យកាន់តែប្រសើរថែមទៀត។ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដដែល ក៏ជំរុញឲ្យប្រធានមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស គួរតែរៀបចំបង្រៀនគ្រូពេទ្យទាំងឡាយឲ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីងាយស្រួលស្រាវជ្រាវរកប្រភេទឱសថ និងបច្ចេកទេសព្យាបាលជំងឺថ្មីៗ ដើម្បីឲ្យគ្រូពេទ្យខ្មែរកាន់តែមានសមត្ថភាពព្យាបាលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់មួយកម្រិតទៀត៖ « គុណភាពនៃការថែទាំព្យាបាល គឺពិតជាមានច្រើនណាស់ ដែលធ្វើឲ្យការព្យាបាលហ្នឹងល្អប្រកបដោយគុណភាព និងសុវត្ថិភាព »។
មន្ត្រីក្រសួងសុខាភិបាល ព្រមានថា តទៅមុខប្រសិនបើគ្រូពេទ្យណាដែលមិនមានឈ្មោះចុះក្នុងបញ្ជិកានៃគណៈគ្រូពេទ្យកម្ពុជា ទេ គឺមិនអនុញ្ញាតឲ្យបើកកន្លែង ឬក៏ព្យាបាលជំងឺទេ ពីព្រោះមុខជំនាញមិនមែនជាអ្នកជំនួញឡើយ គឺជាវិជ្ជាជីវៈ។
ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា ការជួយ និងចែករំលែកបទពិសោធន៍ខាងការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រសុខាភិបាល ដើម្បីយកទៅលើកកម្ពស់ និងបម្រើសេវាសុខភាពសាធារណៈនៅកម្ពុជា បច្ចុប្បន្ន គឺជាការចាំបាច់បំផុត៖ « មិនមែនមានន័យថា គ្រូពេទ្យខ្មែរយើងអន់ គ្រូពេទ្យខ្មែរអត់ចេះ ជាងគ្រូពេទ្យដទៃទៀតទេ ក៏ប៉ុន្តែយើងនៅមានការងារមួយចំនួនដែលមិនទាន់រួមគ្នាធ្វើឲ្យប្រសើរឡើង »។
ការប្រឹងប្រែងអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ និងសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា តាមរូបភាពចែករំលែកបទពិសោធន៍នេះ បានធ្វើឡើងនៅស្របពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើន កំពុងបាត់បង់ការជឿទុកចិត្តទៅលើការព្យាបាលរបស់គ្រូពេទ្យខ្មែរ ជាមួយនឹងអាកប្បកិរិយាមិនសមរម្យខ្លះ ហើយនាំគ្នាសម្រុកចេញទៅព្យាបាលនៅប្រទេសជិតខាងកាន់តែច្រើនឡើងៗ។
បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ក្នុងមួយខែៗ បាននាំគ្នាឆ្លងដែនទៅព្យាបាលជំងឺនៅប្រទេសវៀតណាម និងប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
