ក្រោយពេលមានអ្នកជំងឺស្លាប់បន្តបន្ទាប់នៅតាមគ្លីនិកឯកជន ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ចេញសារាចរណែនាំនូវចំណុចមួយចំនួនដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ទាំងក្នុងសេវាសាធារណៈ និងឯកជន។ ក្រសួងសុខាភិបាល ព្រមានបិទរាល់គ្លីនិក ឬមន្ទីរសម្រាកព្យាបាលណាដែលមិនអនុវត្តតាមការណែនាំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់។
សារាចររបស់ក្រសួងសុខាភិបាល មាន ៤ចំណុចសំខាន់ៗ។ គោលបំណងរបស់សារាចរនេះ គឺធានាថា រាល់មន្ទីរពិសោធន៍ មន្ទីរសម្រាកព្យាបាល គ្លីនិក និងមន្ទីរពេទ្យរដ្ឋទាំងអស់ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ដោយឈរលើគោលការណ៍សង្គ្រោះអាយុជីវិតអ្នកជំងឺដោយមិនគិតលុយជាធំ។
ទាំងមន្ទីរពេទ្យ ឬបន្ទប់ពិនិត្យព្យាបាលជំងឺឯកទេស ឬជំងឺទូទៅ ទាំងសាធារណៈ និងឯកជន ត្រូវអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិនានារបស់ក្រសួងសុខាភិបាល។ ក្រសួងប្រាប់ឲ្យស្ថាប័នសុខាភិបាលទាំងនេះ ចុះបញ្ជីកត់ត្រាអ្នកជំងឺប្រចាំថ្ងៃ ដោយសរសេរប្រវត្តិជំងឺ ការពិនិត្យជំងឺ ការធ្វើរោគវិនិច្ឆ័យ ការផ្ដល់ឱសថគ្រប់អ្នកជំងឺទាំងអស់ ហើយការចុះកត់ត្រាទៀតសោត ត្រូវសរសេរឲ្យបានច្បាស់លាស់។
ដើម្បីសរសេរឲ្យបានច្បាស់លាស់ ក្រសួងសុខាភិបាល ណែនាំថា គ្រប់វេជ្ជបញ្ជា និងលទ្ធផលវេជ្ជសាស្ត្រ ហាមសរសេរអក្សរកាត់ និងចៀសវាងសរសេរដៃក្រវេមក្រវាមខ្វិចខ្វៀនខ្ជីខ្ជា ដោយត្រូវវាយកុំព្យូទ័រឲ្យបានត្រឹមត្រូវ។
ប្រព័ន្ធកុំព្យូទ័រ ត្រូវរក្សាទិន្នន័យដែលបានកត់ត្រាការពិនិត្យ និងព្យាបាល ព្រមទាំងវេជ្ជបញ្ជា និងលទ្ធផលអមវេជ្ជសាស្ត្រ ជូនអ្នកជំងឺប្រចាំថ្ងៃ និងប្រចាំខែ។ ការណែនាំនេះ ត្រូវក្រសួងសុខាភិបាល បញ្ជាក់ថា គឺធ្វើឡើងដើម្បីងាយស្រួលធ្វើរបាយការណ៍សម្រាប់នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល។
បើតាមសារាចរ ក្រសួងទុករយៈពេលចំនួន ៣ខែ ដើម្បីរៀបចំប្រព័ន្ធកុំព្យូទ័រ គិតចាប់ពីថ្ងៃទី៩ ខែមិថុនា។ ក្រសួងសុខាភិបាល ព្រមានថា ប្រសិនបើមិនអនុវត្តតាមការណែនាំនេះទេ សេវាឯកជននឹងត្រូវបិទទ្វារមិនឲ្យដំណើរការគ្លីនិក ឬបន្ទប់ព្យាបាល ឬសេវាពាក់ព័ន្ធ ចំណែកសេវារដ្ឋវិញ នឹងមានវិធានការរដ្ឋបាលតាមផ្លូវច្បាប់។
នៅក្នុងវេជ្ជបញ្ជាទៀតសោត ត្រូវប្រាប់ឈ្មោះថ្នាំត្រឹមត្រូវ និងត្រូវដាក់ចំនួនបរិមាណ និងកម្រិតប្រើប្រាស់ឲ្យច្បាស់លាស់។ សារាចរណែនាំ ក៏លើកទឹកចិត្តឲ្យប្រើភាសាខ្មែរពេលសរសេរវេជ្ជបញ្ជាផងដែរ។
សម្រាប់ការចេញវេជ្ជបញ្ជាចាក់ថ្នាំអ្នកជំងឺវិញ ក្រសួងសុខាភិបាល ណែនាំឲ្យអ្នកចេញវេជ្ជបញ្ជា ចាំបាច់ត្រូវតែមានបញ្ជាក់ហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ និងត្រូវចេញវេជ្ជបញ្ជាឱសថទៅតាមស្ថានភាពអ្នកជំងឺជាក់ស្ដែង ដែលមានតម្លៃសមស្រប និងអាចទទួលយក ហើយមានប្រសិទ្ធភាពសម្រាប់ការព្យាបាល និងងាយស្រួលរកទិញបាននៅតាមទីផ្សារទូទៅ។
ចំពោះសេវាឯកជន ចាប់ពីគ្លីនិក ឬពហុព្យាបាលដែលមានទូតាំងឱសថ និងលក់ឱសថឡើងទៅ ត្រូវមានយ៉ាងហោចណាស់ឱសថការីជាអ្នកទទួលខុសត្រូវគ្រប់គ្រងឱសថស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
