បុគ្គលិកសុខាភិបាលមួយចំនួននៅមន្ទីរពេទ្យខេត្តតាកែវ តវ៉ាថាលុយឧបត្ថម្ភជនក្រីក្រប្រចាំខែមិនបានបើកពីខែតុលា ឆ្នាំ២០១២ មកដល់បច្ចុប្បន្ន បើទោះបីវិក្កយបត្រព្យាបាលបញ្ជូនទៅមន្ទីរសុខាភិបាលច្រើនខែហើយក៏ដោយ។
គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះថ្លែងថា ច្រើនឆ្នាំមកហើយ កិច្ចសហការរវាងមន្ទីរពេទ្យនៅខេត្តនេះជាមួយអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព តែងតែជួយបង់ថ្លៃព្យាបាលជំនួសជនក្រីក្រថ្នាក់លេខ១ និងលេខ២ (បច្ចុប្បន្នហៅថាជនក្រីក្រ ម១ និង ម២)។ ប៉ុន្តែ ចាប់ពីខែតុលា ឆ្នាំ២០១២ មកដល់ខែមិថុនា ឆ្នាំ២០១៣ មន្ទីរពេទ្យនេះមិនបានទទួលប្រាក់នោះឡើយ ក្រោយពីធ្វើរបាយការណ៍នៃចំនួនអ្នកជំងឺក្រីក្រមកព្យាបាលបញ្ជូនទៅមន្ទីរសុខាភិបាល។
ពួកគាត់ឲ្យដឹងថា ប្រាក់នោះគ្រូពេទ្យម្នាក់អាចទទួលបានក្នុង១ខែ ២០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ប្រហែល ១០០ដុល្លារ ទៅតាមមុខតំណែងបន្ថែមពីលើប្រាក់ខែ៖ «ហើយលុយហ្នឹងពីមុនបើកនៅមន្ទីរពេទ្យទេ ដល់ហើយលុយហ្នឹងខាងក្រសួងគេយកទៅលើវិញ គេថាទៅបើកពីក្រសួងមកវិញបានធ្លាក់មកវិញ។ គេថាចាំគេបើកឲ្យ មិនដឹងអង្កាល់ ៧-៨ខែហើយ។ លុយហ្នឹងពីមុនឮសូរថាពួកខាងមូលនិធិហ្នឹង គេកាន់ គ្រាន់តែលុយហ្នឹងបានមក គេនៅមន្ទីរពេទ្យហ្នឹង គេបង្វិលចូលមន្ទីរពេទ្យតែម្តង ស្រាប់តែឥឡូវ គេធ្វើជាក្រដាសលិខិតស្លាកស្នាមហើយ គេយកទៅក្រសួង ហើយបានគេទម្លាក់ពីក្រសួងមកវិញ»។
គ្រូពេទ្យម្នាក់ទៀតបន្ថែមថា៖ «គ្រាន់តែខែ១០ ខែ១១ ខែ១២ ឮលោកប្រធានខ្ញុំនិយាយថា មួយរយលាន គ្រាន់តែ ៣ខែហ្នឹង។ ខ្ញុំអំពាវនាវដល់គ្រប់ក្រសួងដែលពាក់ព័ន្ធ សុំជួយធ្វើម៉េចឲ្យបានបើករៀងរាល់ខែទៀងទាត់ទៅ កុំឲ្យដូចលេង ៨ខែហើយ មិនទាន់ធ្លាក់មកម្តងអីចឹង»។
ឆ្លើយតបការលើកឡើងនោះ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ វេជ្ជបណ្ឌិត ហែម សារ៉េត ថ្លែងថា ម្ចាស់ជំនួយទំនងមិនទាន់មានថវិកាដើម្បីផ្តល់មក ប៉ុន្តែអាចនឹងបើកផ្តាច់នៅក្នុងឆ្នាំ២០១២។ លោកបានសំណូមពរបុគ្គលិកសុខាភិបាលខេត្តតាកែវ ទាំងអស់ គួរលើកបញ្ហានេះក្នុងពេលប្រជុំ ចៀសវាងផ្តល់ព័ត៌មានទៅអ្នកសារព័ត៌មាន៖ «លុយធម្មតាលុយនោះវាត្រូវតែមកហើយ ប៉ុន្តែវាអាចយឺតយ៉ាវកន្លែងណាមួយ ឬមួយក៏កន្លែងហ្នឹង តែជំងឺតិច អីចឹងអាចំណូលនោះក៏តិចដូចគ្នា។ ហើយខ្ញុំចំណាំមើលអ្នកដែលពូកែរអ៊ូ ពូកែទាស់ហ្នឹង គឺអ្នកដែលច្រើនតែមិនសូវធ្វើការទេ»។
ផ្ទុយពីនោះ ប្រធានមណ្ឌលសុខភាពស្លា ស្រុកសំរោង ខេត្តតាកែវ លោក សុខ ជូវណ្ណវុធ ថ្លែងថា ថវិកាសងថ្លៃព្យាបាលជនក្រីក្រ គឺមណ្ឌលសុខភាពនេះទទួលបានរាល់ខែ។ លោកថា តាមគម្រោង អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ជួយចេញថ្លៃព្យាបាលជំនួសអ្នកជំងឺក្រីក្រក្នុង១ខែចំនួនបីពាន់នាក់៖ «ក្នុងមួយករណីកុងស៊ុលមួយ គេចេញឲ្យមណ្ឌល ៤ពាន់ បើសម្រាលគេឲ្យ ៦ម៉ឺន។ គេឲ្យ ៦ម៉ឺនហ្នឹង គេអត់ឲ្យមានប៉ះពាល់សគុណសុដាអីណីណាជាមួយអ្នកជំងឺអីទៀតទេ»។
តំណាងអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព លោក យ៉ាវ ចាន់ថន ថ្លែងថា លោកទើបចូលកាន់ការងារថ្មីជំនួសអ្នកចាស់ ដូច្នេះបញ្ហាលើកឡើងរបស់បុគ្គលិកមន្ទីរពេទ្យមួយចំនួននៅខេត្តតាកែវ អំពីប្រាក់ជំនួយព្យាបាលជនក្រីក្រ លោកមិនទាន់ដឹងច្បាស់នៅឡើយ។ លោកបានអះអាងថា ប្រាក់ជួយដល់ជនក្រីក្រព្យាបាលជំងឺ គឺនៅតែផ្តល់ជាធម្មតា មិនមានការកាត់កងអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
