នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​​រឹត​បន្តឹង​ករណី​អ្នក​ទោស​បញ្ជា​ចេញ​ពី​គុក​ឲ្យ​ចែក​ចាយ​និង​ជួញ​ដូរ​គ្រឿង​ញៀន

ដោយ ខែ សុណង
2016.10.06
ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ២០១៦ ៨៥៥ មណ្ឌល​អប់រំ​កែប្រែ​ទី​៤ (ម.៤) ខេត្ត​ពោធិ៍សាត់។ Photo ADHOC
Photo ADHOC

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​​ជួញដូរ និង​ចរាចរណ៍​គ្រឿង​ញៀន​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​គ្រឿង​ញៀន។ គ្រា​ដែល​លោក​យក​បញ្ហា​នេះ​មក​និយាយ លោក​បាន​អំពាវនាវ​ឲ្យ​យុវជន ជាពិសេស​ក្រុម​និស្សិត ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពន្ធនាគារ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​ជន​កំពុង​អនុវត្ត​ទោស បញ្ជា​ចេញ​ពី​ពន្ធនាគារ​ឲ្យ​ចែក​ចាយ និង​ជួញដូរ​គ្រឿង​ញៀន ដែល​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​៦ ខែ​តុលា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា កម្ពុជា នឹង​មិន​យក​វិធានការ​តាម​បែប​ប្រទេស​មួយ​ចំនួន ដែល​អនុវត្ត​ទោស​លើ​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ដោយ​ប្រហារ​ជីវិត​ទេ ប៉ុន្តែ​កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​នោះ​ដែរ ការ​ដាក់​ទោស​រហូត​ដល់​ជាប់​ពន្ធនាគារ​មួយ​ជីវិត គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ«ពួក​អ្នក​គ្រឿង​ញៀន​ទាំងឡាយ​មិន​ត្រូវ​មើល​ឃើញ​ថា បញ្ហា​នេះ​វា​ស្រាល​ពេក​សម្រាប់​អស់​លោក​អ្នក​នោះ​ទេ។ ខ្ញុំ​ករុណា​ខ្ញុំ​អង្គុយ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន គាត់​បាន​និយាយ​អំពី​គ្រឿង​ញៀន​នៅ​ប្រទេស​របស់​គាត់ ហើយ​ខ្ញុំ​ករុណា​ខ្ញុំ​ក៏​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ពេល​ប្រជុំ​សម្រាក​ពេល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី រឿងរ៉ាវ​វា​ប្រហាក់​ប្រហែល​នឹង​យើង​នៅ​ត្រង់​ថា វា​នៅ​ក្នុង​គុក ហើយ​វា​អាច​បញ្ជា វា​លក់​គ្រឿង​ញៀន​នៅ​ក្នុង​គុក​បាន​ទៅ​ទៀត វា​ដូច​ករណី​ដូច​ស្រុក​ខ្មែរ​នេះ​ដែរ។ អ៊ីចឹង​ករណី​នេះ​ត្រូវ​បាន​ពង្រឹង។ វា​មិន​មែន​ពន្ធនាគារ​ទាំងអស់​នោះ​ទេ អ៊ីចឹង​ទេ​ចំណុច​អស់​ទាំងនេះ សុទ្ធតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ»

លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ពិសេស​អាជ្ញាធរ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បង្ក្រាប​គ្រឿង​ញៀន​ដែល​កំពុង​រីក​រាលដាល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​បញ្ហា​បញ្ជា​ឲ្យ​ចែក​ចាយ និង​ជួញ​ដូរ​គ្រឿង​ញៀន​ដោយ​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​នេះ។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ​មនុស្ស ៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿង​ញៀន ដែល​បញ្ជា​ចេញ​ពី​ពន្ធនាគារ​ឲ្យ​ចែក​ចាយ និង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ។ ការ​សាកសួរ​នេះ ក្រោយ​ពី​កង​រាជ​អាវុធហត្ថ​ចាប់​បាន​ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​កាល​ពី​ចុង​ខែ​កុម្ភៈ និង​រក​ឃើញ​ថា មាន​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ជា​ជនជាតិ​ខ្មែរ​ផង បរទេស​ផង ចំនួន ៥​នាក់ បញ្ជា​ឲ្យ​ចែក​ចាយ​គ្រឿង​ញៀន​នេះ​ចេញ​ពី​ពន្ធនាគារ គឺ​ពួក​គេ​កំពុង​អនុវត្ត​ទោស​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃ​ស។ អ្នក​ជាប់​ពាក់ព័ន្ធ​មាន ៥​នាក់​ផ្សេង​ទៀត​ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ២​នាក់ ជនជាតិ​វៀតណាម ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ ២​នាក់ ដែល​ចាត់ចែង​បញ្ជា​ចេញ​ពី​ក្នុង​ពន្ធនាគារ។

អនុប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក សន កែវ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ការងារ​ចុះ​ជួយ​ពង្រឹង​មណ្ឌល​អប់រំ​កែប្រែ​ពន្ធនាគារ​រាជធានី-ខេត្ត«ក្រុម​ការងារ​នេះ​មាន ១៣​ក្រុម។ ជា​រួម គឺ​យើង​ពង្រឹង​ការងារ​គ្រប់គ្រង​ទប់ស្កាត់​ការ​លួច​នាំ​ចូល​គ្រឿង​ញៀន និង​ការងារ​ប្រើប្រាស់​ទូរស័ព្ទ​បញ្ជា​ចេញ​ពី​ពន្ធនាគារ គឺ​យើង​ទប់ស្កាត់​ជា​ប្រចាំ»

នៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​ផែនការ​ពិសេស​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ការ​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​ដូច​ភ្លៀង​រលឹម រហូត​ដល់​សភាពការណ៍​គ្រឿង​ញៀន​ត្រូវ​បាន​ថយ​ចុះ ក្រោម​កិច្ច​បញ្ជា​ដឹកនាំ​របស់​បញ្ជាការ​យុទ្ធនាការ​ពិសេស​មួយ​នា​ពេល​ឆាប់ៗ​នេះ។

លោក នេត សាវឿន បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ចាប់​ខ្លួន​មុខ​សញ្ញា​គ្រឿង​ញៀន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។