មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ផ្ដល់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​អ្នក​ជំងឺ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ នៅ​ឱកាស​ប្រារព្ធ​ធ្វើ​ទិវា​សុខភាព​ភ្នែក​ពិភពលោក ឆ្នាំ​២០១៣។

ប្រធាន​សាល​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​អ្នក​ជំងឺ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​មាន​រយៈពេល ៤​ថ្ងៃ៖ «ក្នុង​ខែ​នេះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គាត់​បាន​ទទួល​នូវ​កម្មវិធី​នេះ គឺ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​អត់​បង់​ប្រាក់ ហើយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ម្សិលមិញ រហូត​ដល់​ថ្ងៃ​ទី​១១ តុលា នេះ គឺ​អ្នក​ជំងឺ​ដែល​គាត់​អញ្ជើញ​មក​ពិនិត្យ​ភ្នែក គឺ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់ និង​ពិនិត្យ​ជូន ហើយ​ជូន​ថ្នាំ​ភ្នែក បើ​សិន​គាត់​មាន​ជំងឺ​អី គឺ​មាន​ថ្នាំ​ជូន។ ប៉ុន្មាន​ថ្ងៃ​នេះ ចាប់​តាំង​មាន​ភ្លៀង​ធ្លាក់​ច្រើន​មក មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ទទួល​បាន​អ្នក​ជំងឺ​ដែល​ភ្នែក​ក្រហម​ច្រើន។ ពេល​ខ្លះ គាត់​ឈឺ​ភ្នែក​ក្រហម​រហូត​ដល់​ទៅ ៥​នាក់។ ៣​នាក់ ៥​នាក់។ មួយ​ផ្ទះ​គាត់​មាន​ប៉ុន្មាន​ឈឺ​ទាំងអស់ គាត់​មក​ទទួល​សេវា​ព្យាបាល​ទាំងអស់។ ឥឡូវ គាត់​បាន​ធូរ​សះស្បើយ​ហើយ»

អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ជា​ធម្មតា​ទិវា​សុខភាព​ភ្នែក​ពិភពលោក ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តែ​មួយ​ថ្ងៃ​ទេ គឺ​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា រៀង​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​២០១៣ នេះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ពង្រីក​ដល់ ៤​ថ្ងៃ។

អ្នកស្រី​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា អំពាវនាវ​ដល់​ជន​ក្រីក្រ​ដែល​មាន​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ឱ្យ​រួស​រាន់​មក​ទទួល​សេវា​ឥត​បង់​ថ្លៃ​ផ្ដល់​ដោយ​មន្ទីរពេទ្យ ទាំង​ការ​ពិនិត្យ ព្យាបាល និង​ទាំង​ការ​វះកាត់​ផង។ កម្មវិធី​ពិនិត្យ​ព្យាបាល​ឥត​បង់​ថ្លៃ​នេះ មិន​កំណត់​ចំនួន​អ្នក​ជំងឺ​ទេ ដែល​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៤​រសៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។