ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃច័ន្ទ ទី៣ និងថ្ងៃអង្គារ ទី៤ សីហា នេះ។
គ្រូពេទ្យផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺមិនរើសប្រភេទជំងឺទេ៖ «ធ្វើជូនប្រជាជនក្រីក្រដែលមានបញ្ហាភ្នែកហ្នឹង ឲ្យតែទាក់ទងភ្នែកមើលទាំងអស់ អត់យកលុយទេថ្លៃព្យាបាល។ យើងមានថ្នាំមួយចំនួនក្រោយវះកាត់ជូនគាត់អ៊ីចឹងដែរ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ ហ្នឹង»។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់បន្ថែមថា កម្មវិធីនេះមិនកំណត់អាយុអ្នកជំងឺទេ។ ដោយឡែកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ដដែល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺបាតភ្នែកមកពីប្រទេសអូស្ត្រាលី ក៏នឹងផ្ដល់សេវាពិនិត្យព្យាបាលជំងឺបាតភ្នែកដែរ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ លោកអំពាវនាវដល់អ្នកជំងឺដែលមានបញ្ហាភ្នែក ឲ្យរួសរាន់មកទទួលសេវានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
