កម្មករ​ជាង​១០​ម៉ឺន​នាក់​នឹង​អាច​ប្រើ​សេវា​ផ្នែក​ថែទាំ​សុខភាព​ចាប់​ពី​ដើម​ខែ​ឧសភា

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ខាង​មុខ​នេះ កម្មករ​កម្មការិនី​ជាង ១០​ម៉ឺន​នាក់ អាច​ប្រើប្រាស់​សេវា​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចាត់​ទុក​ថា ការ​អនុវត្ត​ដំណើរការ​គម្រោង​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​នេះ នឹង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​កម្មករ​នៅ​កម្ពុជា។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម អះអាង​ថា កម្មករ កម្មការិនី​ជាង ១០​ម៉ឺន​នាក់ ដែល​កំពុង​បម្រើការ​ក្នុង​រោងចក្រ សហគ្រាស​ចំនួន​៦៦ នឹង​អាច​ប្រើ​សេវា​ថែទាំ​សុខភាព​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ នៅ​ដើម​ខែ​ឧសភា។

នាយក​រង​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ស៊ុំ សោភ័ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ថា ដោយសារ​ទំហំ​ការងារ និង​កម្លាំង​របស់​ក្រសួង​ក្នុង​ការ​ចុះ​បញ្ជិកា​កម្មករ-​និយោជិត​នៅ​តាម​សហគ្រាស​នៅ​មាន​កម្រិត ហេតុ​នេះ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នេះ ជំហាន​ដំបូង នឹង​ត្រូវ​អនុវត្ត​ដំណើរ​ការ​ជូន​កម្មករ​ជាង ១០​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ៖ «កម្មករ​ជាង ១០​ម៉ឺន​នាក់​នេះ ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម អ៊ីចឹង​ទីតាំង​ទាំង​បី​នេះ​យើង​នឹង​អនុវត្ត​មុន​គេ»

​លោក ស៊ុំ សោភ័ណ មាន​ប្រសាសន៍​ថា កន្លង​មក កម្មករ កម្មការិនី​មាន​ធានា​រ៉ាប់រង​ចំពោះ​ហានិភ័យ​ការងារ​រួច​ហើយ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៦ នេះ កម្មករ​នឹង​មាន​ធានារ៉ាប់រង​ផ្នែក​សុខភាព​បន្ថែម​ទៀត ដោយ​គ្រាន់តែ​កម្មករ​អាច​ចំណាយ​ប្រាក់​ដើម្បី​បង់​វិភាគទាន​តិចតួច​សម្រាប់​សន្សំ តាម​រយៈ​ការ​ចុះ​បញ្ជី​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ប៉ុណ្ណោះ តែ​ទទួល​បាន​មក​វិញ​នូវ​សេវា​សុខភាព​ពេញលេញ។

ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​វិភាគទាន​ដែល​កម្មករ និង​និយោជក ត្រូវ​បង់​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រសួង​កំពុង​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​នេះ៖ «ធានា​រ៉ាប់រង​នេះ បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ ទាក់ទង​នឹង​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព គឺ​គាត់​អាច​ធានា​បាន​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​សេវា​សុខភាព ហេតុ​នេះ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​មែន​ទែន»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សាទរ​ចំពោះ​របប​ផ្នែក​ថែទាំ​សុខភាព​នេះ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កម្មករ​និយោជិត​ចំណេញ​ច្រើន។ ប៉ុន្តែ​លោក​ក៏​ស្នើ​ឲ្យ​បេឡា​ជាតិ ត្រូវ​តែ​បង្កើន​ចំនួន​កម្មករ​បញ្ចូល​ក្នុង​របប​នេះ​បន្ថែម​ទៀត និង​ត្រូវ​ពិនិត្យ ហើយ​តាមដាន​ឲ្យ​បាន​ម៉ត់ចត់​លើ​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម តើ​អនុវត្តន៍​មាន​ប្រសិទ្ធភាព​កម្រិត​ណា៖ «ត្រូវ​ពិនិត្យ​ថា តើ​មន្ទីរពេទ្យ​ដែល​បាន​ចុះ​កិច្ច​សន្យា​នោះ ពិនិត្យ​បាន​ដិត​ដល់​អត់​មាន​សម្ភារៈ​គ្រប់គ្រាន់​អត់ តើ​ពេទ្យ​នោះ​គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​អត់ អ៊ីចឹង​ត្រូវតែ​ពិនិត្យ​ឲ្យ​ច្បាស់»

សេចក្ដី​ប្រកាស​ស្ដីពី​ការ​កំណត់​ដំណាក់កាល និង​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​អនុវត្ត​សម្រាប់​តែ​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​ប៉ុណ្ណោះ ទើប​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​ផ្ដល់​ដោយ​មូលដ្ឋាន​សុខាភិបាល ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។

នាយក​រង​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ស៊ុំ សោភ័ណ ក៏​បញ្ជាក់​ថា ជំងឺ​រាប់​រយ​មុខ​របស់​កម្មករ​នឹង​ត្រូវ​ធានា​ថា ទទួល​បាន​សេវា​ព្យាបាល​តាម​រយៈ​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​មួយ​នេះ លើកលែងតែ​ជំងឺ​ខ្លះ ដូចជា មហារីក ការ​កែ​សម្ផស្ស ការ​បន្ត​ពូជ​ដោយ​សិប្បនិមិត្ត និង​ការ​បំបាត់​សារធាតុ​គ្រឿងញៀន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។