ក្រសួង​សុខាភិបាល​បង្កើន​ការ​អប់រំ​អំពី​ជំងឺ​ផ្ដាសាយ​បក្សី

ផ្ដាសាយ​បក្សី ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​អេចហ្វាយអ៊ិនវ័ន (H5N1)។ ផ្ដាសាយ​បក្សី​កើត​ឡើង​លើ​សត្វ​ស្លាប​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​បក្សី​ងាប់​ច្រើន​ក្នុង​ពេល​តែ​មួយ។

0:00 / 0:00

ជំងឺ​ផ្ដាសាយ​បក្សី អាច​ចម្លង​ទៅ​មនុស្ស និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន ប្រសិន​បើ​មិន​បាន​ប្រើ​វិធី​ការពារ​ម៉ត់ចត់ ឬ​នាំ​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​នោះ​ទេ។

ស្ថានភាព​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០៥ មាន​របាយការណ៍​អំពី​ករណី​មនុស្ស​កើត​ផ្ដាសាយ​បក្សី​លើក​ដំបូង​ហើយ​ស្លាប់។ ការ​ចម្លង គឺ​មាន​សារធាតុ​សំខាន់ៗ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចម្លង​មក​ពី​ឈាម សំបោរ រោម លាមក ពោះវៀន និង​តាម​រយៈ​ស៊ុត​របស់​បក្សី​ជាដើម។ អ្នក​ជំងឺ​ផ្ដាសាយ​បក្សី​ភាគ​ច្រើន បណ្ដាល​មក​ពី​មនុស្ស​នោះ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់ ឬ​ជិតស្និទ្ធ​ជាមួយ​បក្សី​កើត​ជំងឺ ឬ​វត្ថុ​ផ្សេងៗ​ដែល​ប្រឡាក់​ជាប់​មេរោគ​H5N1។

ក្រសួង​សុខាភិបាល​បង្កើន​ការ​អប់រំ​អំពី​វិធី​បង្ការ និង​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​កំពុង​ផ្សាយ​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ តាម​វិទ្យុ និង​ទូរទស្សន៍ ដើម្បី​ឲ្យ​មនុស្ស​កាន់​តែ​យល់​ដឹង​ច្រើន និង​កុំ​ឲ្យ​ប៉ះពាល់ ឬ​ទទួល​ទាន​សត្វ​ស្លាប មាន់ ទា ដែល​ងាប់។

អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ថា ការ​បង្កើន​កម្មវិធី​អប់រំ​នេះ​ដោយ​សារ​នៅ​ដើម​ឆ្នាំ​២០១៣ មនុស្ស​អាយុ​ក្រោម ១៥​ឆ្នាំ បាន​ស្លាប់​បន្ត​បន្ទាប់ ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី​H5N1៖ «ពី​ខែ​មករា រហូត​ដល់​ខែ​មេសា ហ្នឹង​ជា​រដូវ​មួយ​ដែល​យើង​តែង​តែ​ជួប​ប្រទះ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ។ ដូច្នេះ ការ​ប៉ះពាល់​នេះ​ជា​ហានិភ័យ​ខ្ពស់​ណាស់ សូម​បងប្អូន​កុំ​ប៉ះពាល់ និង​កុំ​យក​មក​បរិភោគ​ឲ្យ​ទាល់​តែ​សោះ»

ក្រសួង​សុខាភិបាល​បង្កើន​ការ​អប់រំ​ពលរដ្ឋ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ និង​ទូរទស្សន៍​បន្ថែម ដើម្បី​ឲ្យ​ពលរដ្ឋ​ចៀសវាង និង​បង្ការ​ការ​ចម្លង​ជំងឺ​ផ្ដាសាយ​បក្សី ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​តែ​ប៉ះពាល់ និង​ហាម​ទទួល​ទាន​សត្វ​ងាប់។ ទន្ទឹម​នោះ បង្រៀន​ឲ្យ​ពលរដ្ឋ និង​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​បន្ទាន់​ទៅ​ភ្នាក់ងារ​សត្វ​ប្រចាំ​ភូមិ ដោយ​ទូរស័ព្ទ​ចំនួន ៣​ខ្សែ សម្រាប់​រាយការណ៍​បន្ទាន់​អំពី​តំបន់​ដែល​មាន​សត្វ​ស្លាប​ឈឺ ងាប់ ឬ​មនុស្ស​គ្រុន​ក្តៅ​ច្រើន​ថ្ងៃ អ្នក​ជំងឺ​ដក​ដង្ហើម​ញាប់ ឬ​ពិបាក​ដក​ដង្ហើម ហើយ​ឈឺ​បំពង់​ក​ខ្លាំង ឈឺ​សាច់​ដុំ ជាដើម។

រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​លើ​មនុស្ស គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ។ ដូច្នេះ ត្រូវ​សម្គាល់​ថា បើ​អ្នក​ជំងឺ​គ្រុន​ក្តៅ​មាន​កម្ដៅ​លើស​ពី ៣៨​អង្សា​សេ ឈឺ​សន្លាក់​សាច់​ដុំ ក្អក ដក​ដង្ហើម​ថប់ ឈឺ​ក ឈឺ​ភ្នែក ឈឺ​ក្បាល រាករូស ហើយ​ធ្លាប់​ប៉ះពាល់​បក្សី​ឈឺ ឬ​ងាប់ ពី​៧-១០ ថ្ងៃ​មុន មនុស្ស​នេះ​ឈឺ ឬ​បាន​ប៉ះពាល់​អ្នក​ជំងឺ​ផ្ដាសាយ​បក្សី ឬ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី​រយៈពេល ៧​ថ្ងៃ​កន្លង​មក ត្រូវ​រហ័ស​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ជួយ​សង្រ្គោះ​ឲ្យ​បាន​ទាន់​ពេល។

អ្នក​ភូមិ​ត្រពាំងគុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត លោក សំ សុខ ថ្លែង​ថា អ្នក​ភូមិ​ភាគ​ច្រើន​គ្មាន​វិទ្យុ​ស្តាប់​ទេ តែ​មាន​ទូរទស្សន៍​មើល។ ពួក​គេ​ចូល​ចិត្ត​មើល​តែ​ភាពយន្ត មិន​បាន​មើល​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ការ​អប់រំ​ទេ ទើប​ការ​អប់រំ​ពី​វិធី​បង្ការ​ជំងឺ​ផ្ដាសាយ​បក្សី ពួក​គាត់​មិន​បាន​ដឹង។

អ្នក​ភូមិ​មហាសេនា ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ចាន់ ថា ថ្លែង​ថា គាត់​ឃើញ​ការ​អប់រំ​បង្ការ​ជំងឺ​ផ្ដាសាយ​បក្សី​តាម​ទូរទស្សន៍។ លោក​ថា ក្នុង​ខែ​កុម្ភៈ ផ្ទះ​គាត់​មាន​សត្វ​មាន់​ញី ២​ក្បាល បាន​ងាប់ មិន​ដឹង​មូលហេតុ។ គាត់​បាន​យក​មាន់​ងាប់​នោះ​ទៅ​កប់​ក្នុង​ដី​យ៉ាង​ជ្រៅ នៅ​ឆ្ងាយ​ពី​ភូមិ៖ «ខ្ញុំ​កប់​ដាក់​ជម្រៅ ៥​តឹក​ទៅ​ក្រោម ដាក់​បន្លា​ពី​លើ​ទៀត ខ្លាច​មាន់ ឬ​ក៏​ឆ្កែ ទៅ​កាយ​ស៊ី ខ្លាច​ឆ្លង​ដល់​គេ​គ្រប់​គ្នា»

ប្រធាន​ការិយាល័យ​កសិកម្ម ស្រុក​ត្រាំកក់ លោក សាក់ វន ថ្លែង​ថា ការិយាល័យ​នេះ​បាន​បិទ​រូប​គំនូរ​ជាច្រើន​សន្លឹក​តាម​ផ្លូវ និង​តាម​ទីធ្លា​សាធារណៈ ដែល​អប់រំ​មនុស្ស​កុំ​ឲ្យ​ប៉ះពាល់​សត្វ​បក្សី​ងាប់។ លោក​ថា ក្នុង​ក្រដាស​គំនូរ​នោះ មាន​ដាក់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ទូរស័ព្ទ​ទាក់ទង​ទៅ​ពេទ្យ​សត្វ​ភូមិ​ដែល​មាន ២៥០​នាក់ នៅ​ក្នុង​ស្រុក​ត្រាំកក់ ចាំ​ជួយ​បន្ទាន់ និង​រាយការណ៍​បន្ត​ទៅ​ក្រសួង​សុខាភិបាល អំពី​ជំងឺ​កើត​ថ្មី ក៏​ដូច​ជា​សត្វ​ល្អិត​យាយី​ដំណាំ​ជាដើម។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ អ្នក​កើត​ជំងឺ​ផ្ដាសាយ​បក្សី​ចំនួន ៨​ករណី ក្នុង​នោះ​អ្នក​ជំងឺ​បាន​ស្លាប់ ៧​នាក់ មាន​អាយុ​ក្រោម ១៥​ឆ្នាំ។ អ្នក​ស្លាប់​ទាំង ៧​នាក់ មក​ពី​ខេត្ត​តាកែវ កំពត កំពង់ចាម កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ។ លោក​ប្រាប់​ថា រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​លើ​សត្វ​ស្លាប គឺ​សត្វ​បក្សី​ងាប់​ច្រើន​ក្នុង​ពេល​តែ​មួយ។ សត្វ​ឈឺ​មុន​ដំបូង វា​សំកុក ងងុយ​ដេក ទន់​ខ្សោយ និង​ដើរ​យឺតៗ។ នៅ​លើ​សត្វ ឃើញ​ហើម​មុខ ហើម​ក្បាល ហើម​សិរ​នៅ​ខាង​លើ និង​ខាង​ក្រោម និង​ហើម​គន្លាក់​ជើង ហើយ​ជើង​ប្រែ​ទៅ​ជា​ពណ៌​ស្វាយ សន្លាក់​ជើង​ឡើង​ជាំ ឬ​របក​ស្រកា​ជើង។ ឯ​ច្រមុះ វា​ហៀរ​សំបោរ ហើយ​វា​រាក។ ចំណែក​សត្វ​បក្សី​ផ្តល់​កំណើត​វិញ សំបក​ស៊ុត​មិន​រឹង ទៅ​ជា​ទន់ ឬ​ខូច​ទ្រង់ទ្រាយ។

វិធានការ​សំខាន់ៗ​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី ចូរ​ដាក់​មាន់​ទា​នៅ​ក្នុង​ទ្រុង ឬ​របង ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រប់​ប្រភេទ រួច​សម្អាត​ទីធ្លា​ក្នុង​របង​ឲ្យ​បាន​ស្អាត។ ចូរ​ដាក់​ទា និង​មាន់ ឲ្យ​នៅ​ដាច់​ពី​គ្នា ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ទៅ​វិញ​ទៅ​មក។ ចូរ​ដាក់​មាន់ និង​ទា ដែល​ទើប​ទិញ​មក​ថ្មីៗ ឲ្យ​នៅ​ដាច់​ពី​មាន់ ទា ដទៃ​ទៀត ឲ្យ​មាន​រយៈពេល ១៤​ថ្ងៃ។ ត្រូវ​កប់​បក្សី​ងាប់ ឬ​ដុត​បក្សី និង​កុំ​បរិភោគ​បក្សី​ងាប់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។