NGO រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំងឺ​អេដស៍​ប្រមាណ ៥ម៉ឺន​នាក់ បាន​ទទួល​ឆ្នាំ​ព្យាបាល​ជំងឺ​អេដស៍ ដែល​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ។ ថ្នាំ​ទាំង​នោះ ទទួល​បាន​ពី​ម្ចាស់​ជំនួយ​បរទេស និង​ត្រូវ​ផ្ដល់​អោយ​អ្នក​ជំងឺ​អេដស៍​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក។

0:00 / 0:00

នៅ​ដើម​ឆ្នាំ​២០១៣ នេះ មាន​ការ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ពី​ការ​ផ្ដល់​ថ្នាំ​នៅ​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល​មួយ​ចំនួន។

បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ជាមួយ​អ្នក​ជំងឺ​អេដស៍ រក​ឃើញ​ថា មាន​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ដែល​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ បាន​ត្រូវ​ចែក​ជូន​អ្នក​ជំងឺ​អេដស៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

ប្រធាន​កម្មវិធី​នៅ​គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​អេអេចស៊ីស៊ី (AHCC) លោក ហេង ថុនា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​បាន​រក​ឃើញ​ថ្នាំ​ដែល​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ ត្រូវ​ផ្ដល់​អោយ​អ្នក​ជំងឺ​អេដស៍​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ លោក ថុនា បន្ត​ថា ថ្នាំ​ដែល​ក្រុម​លោក​បាន​រក​ឃើញ ជា​ប្រភេទ​ថ្នាំ​ឌីហ្វធី (d4T)។

លោក ហេង ថុនា៖ «ជាក់ស្តែង យើង​ឃើញ​ថ្នាំ​មួយ​ប្រភេទ​ហ្នឹង ហួស​ដឺឡេ (កាល​បរិច្ឆេទ​កំណត់​ប្រើ​ប្រាស់) តាំង​ពី​ខែ​១​ម្ល៉េះ។ ហើយ​គ្រូ​ពេទ្យ​ហ្នឹង​ណាត់​ជួប​ទៅ​ដល់​ខែ​បី។ អីចឹង​បើ​សិន​ជា​យើង​គិត​ថា​ថ្នាំ​ហួស​ដឺឡេ​ហ្នឹង​វា​រយៈពេល ២​ខែ ដែល​គាត់​ត្រូវ​ប្រើ​ប្រាស់»

ចំណែក​អ្នក​សម្រប​សម្រួល​កម្មវិធី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៃ​បណ្ដាញ​ ប្រជាពលរដ្ឋ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ស៊ីភីអែនផ្លាស់ (CPN+) លោក ហ៊ន ប៊ុនវីរៈ មាន​ប្រសាសន៍​ថា សមាជិក​បណ្ដាញ​របស់​លោក​ក៏​បាន​ទទួល​ថ្នាំ​ព្យាបាល​មេរោគ​អេដស៍​ដែល​ហួស​កាល ​បរិច្ឆេទ​កំណត់​អោយ​ប្រើ​ប្រាស់​ដែរ។ លោក ប៊ុនវីរៈ បន្ត​ថា នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​ណែនាំ​អោយ​ប្រមូល​ថ្នាំ​ដែល​ហួស​កាល​ បរិច្ឆេទ​ប្រើ​ប្រាស់​នោះ ប្រគល់​ត្រឡប់​ទៅ​អ្នក​ផ្ដល់​សេវា​វិញ។

លោក ហ៊ន ប៊ុនវីរៈ៖ «ឮ​ម៉ោ​វា​មាន​នៅ​រតនគិរី នៅ​ក្រចេះ ស្ទឹងត្រែង ដែរ។ គាត់ ថ្នាំ​ហ្នឹង​ហួស​ដឺឡេ ពេទ្យ​ប្រាប់​ថា​ដល់​ខែ​បី បើ​មាន​ថ្នាំ​បន្ត​គេ​បើក​អោយ​វិញ តែ​បើ​អត់​អោយ​លេប​សិន​ទៅ។ កន្លែង​ខ្លះ​ប្រមូល​វិញ តាម​សួរ​អ្នក​ធ្វើ​ការ គេ​កំពុង​ប្រមូល​វិញ​អីចឹង ខ្លះ​នៅ​ទេ ព្រោះ​កំពុង​ដំណើរ​ការ​ដោះស្រាយ»

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ លោក​វេជ្ជបណ្ឌិត មាន ឈីវុន មាន​ប្រសាសន៍​ដោយ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​ថ្នាំ​ហួស​កាល​បរិច្ឆេទ​កើត​ឡើង​មែន នោះ​គឺ​ដោយ​សារ​ខាង​ម្ចាស់​ជំនួយ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជា​ទិញ​ថ្នាំ ដើម្បី​ជំនួស​ថ្នាំ​ដែល​មាន​ក្នុង​ឃ្លាំង​ឱសថ។ យ៉ាង​ណា លោក​វេជ្ជបណ្ឌិត មាន ឈីវុន បាន​បដិសេធន៍​ថា ពុំ​មាន​ថ្នាំ​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ត្រូវ​ចែក​អោយ​អ្នក​ជំងឺ​អេដស៍ ​ឡើយ។ មក​ដល់​ពេល​នេះ មជ្ឈមណ្ឌល​បាន​ទទួល​ថ្នាំ​ថ្មី​សម្រាប់​ឆ្នាំ​២០១៣ នេះ និង​កំពុង​ចាត់​ចែង​ផ្ដល់​ជូន​អ្នក​ជំងឺ។

លោក​វេជ្ជបណ្ឌិត មាន ឈីវុន៖ «គឺ​យើង​បាន​ជូន​ដំណឹង​ដល់​មូលនិធិ​សកល ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឱសថ​គ្រប់​ប្រភេទ ដែល​ព្យាបាល​ប្រឆាំង​នឹង​មេរោគ​អេដស៍ តាំង​ពី​ចុង​ឆ្នាំ​២០១១ មក គឺ​យើង​មាន​បញ្ហា​នៅ​មុខ​ឱសថ​ខ្លះ​ទេ វា​ផុត​កំណត់។ ហើយ​យើង​អត់​អោយ​ប្រើ​ទេ​ឱសថ​ទាំង​អស់​ហ្នឹង។ រហូត​មក​ដល់​ពេល​នេះ គឺ​យើង​ចាត់​ចែង​ឡាន​ភ្លាម​ពី​មជ្ឈមណ្ឌល គឺ​តាំង​ពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ដឹក​ឱសថ​ដែល​ខាង​មូលនិធិ​សកល​ហ្នឹង​បាន​ខិតខំ​ផ្ញើ​តាម​យន្តហោះ​មក​ អោយ»

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ បាន​បញ្ជាក់​ថា គម្រោង​ផ្ដល់​ថ្នាំ​ព្យាបាល​អ្នក​ជំងឺ​អេដស៍​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០១ ដោយ​ចែក​ជា​ទៀត​ទាត់​ក្នុង​រយៈពេល ១ខែ ឬ ២​ខែ​ម្តង។ ក្នុង​១​ឆ្នាំ ការ​ផ្ដល់​ថ្នាំ​ព្យាបាល​អ្នក​ជំងឺ​អេដស៍​ចំណាយ​ថវិកា​សរុប ១២​លាន​ដុល្លារ ក្នុង​នោះ​ការ​ចំណាយ​លើ​ថ្នាំ​មាន​ចំនួន ៨​លាន​ដុល្លារ។ គម្រោង​នេះ​នឹង​មិន​ខ្វះ​ខាត​ថវិកា​ទេ គឺ​អាច​បន្ត​រហូត​ដល់​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។