បេឡាជាតិនៃរបបសន្តិសុខសង្គម និងសហភាពការងារកម្ពុជា ចាប់ផ្ដើមផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់មេដឹកនាំសហជីពនៅតាមមូលដ្ឋានជាង ១០០នាក់ នៅថ្ងៃទី៨ ឧសភា។ ការធានាថែទាំសុខភាពកម្មករនិយោជិត គឺជាការពង្រីកបន្ថែមនៃរបបសន្តិសុខសង្គមនៅកម្ពុជា។
មន្ត្រីនាំពាក្យប្រចាំបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ ថ្លែងថា ការផ្សព្វផ្សាយនៅពេលនេះ គឺជាផែនការរបស់ក្រសួងការងារ ដែលត្រូវពង្រឹងយន្តការផ្ដល់សេវាថែទាំសុខភាពដល់កម្មករនិយោជិត ដែលចាប់អនុវត្តពីថ្ងៃទី១ ឧសភា មក។
លោកបញ្ជាក់ថា នេះជាការធានាទី២ បន្ទាប់ពីការធានាលើគ្រោះថ្នាក់ការងារ ហើយគ្រប់ភាគីចង់ឲ្យមានរបបធានាសុខភាពនេះ ដើម្បីឲ្យមានផលិតភាពការងារល្អ៖ « សម្រាប់បងប្អូនកម្មករ និយោជិត យើង គឺគាត់ចង់បានយូរហើយ ដែលកន្លងមកការព្យាបាល ការពិនិត្យសុខភាព គឺគាត់បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ។ អ៊ីចឹងនៅពេលរបបថែទាំសុខភាពនេះដើរ បងប្អូនកម្មករយើងអាច ទៅទទួល សេវាពិនិត្យសុខភាព ការព្យាបាលដោយឥតគិតថ្លៃ ដែលជាបន្ទុករបស់ ប . ស . ស ហើយ ប . ស . ស ក៏រៀបចំគោលនយោបាយក្នុង ការ ផ្ដល់អត្ថប្រយោជន៍ច្រើនទៀត ផ្ដល់ជូនគាត់ក្នុងពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូចជាករណីគាត់លំហែមាតុភាព គាត់សម្រាកអត់បានទៅបំពេញការងារ ក៏គាត់ទទួលបានអត្ថប្រយោជន៍ពី ប . ស . ស ដែរ » ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ គាំទ្ររបបថែទាំសុខភាពនេះ ព្រោះកន្លងមក កម្មករនិយោជិតតែងតែចំណាយទៅលើការព្យាបាលជំងឺរបស់គាត់ច្រើនក្រៅពីគ្រោះថ្នាក់ការងារ៖« អ៊ីចឹងនៅពេលរបបនេះអនុវត្ត យើងដឹងថាមានការធានា ៣សំខាន់។ ទីមួយ គឺអនុញ្ញាតឲ្យទៅពិនិត្យជំងឺជាមុនដោយឥតគិតថ្លៃ ។ អ៊ីចឹងវាជាឱកាសមួយដែលកម្មករអាចទៅពិនិត្យជំងឺបាន។ នៅពេលហ្នឹង ជំងឺធំអាចនឹងមិនកើតឡើង ព្រោះគាត់ព្យាបាលបាន។ ក្នុងករណីដែលគាត់ឈឺ មានន័យថា ត្រូវបានព្យាបាលនៅក្នុងអំឡុងពេលហ្នឹងតែម្ដង ហើយអត់មានកំណត់ថ្លៃទៀត ។ មានន័យថា ២៤ម៉ោង គាត់អាចទទួលបាន។ នៅចុងក្រោយនេះ សូម្បីតែគាត់នៅក្នុងអំឡុងពេលព្យាបាល ក៏គាត់ មានលុយ ប្រចាំថ្ងៃដែរ »។
លេខាសហជីពមូលដ្ឋាននៃសហជីព ស៊ីខៅឌូ (C-CAWDU) នៅរោងចក្រ អេស.អិល ២ (SL II) អ្នកស្រី អន វន្ថា មានប្រសាសន៍ថា អ្នកស្រីពេញចិត្តឲ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ពីព្រោះវាអាចជួយធានាដល់កម្មករនិយោជិតបានរយៈពេល ២៤ម៉ោង ទោះជានៅក្រៅម៉ោងធ្វើការក្ដី៖ « ពីមុនពេលខ្លះយើងចេញលុយដោយខ្លួនឯង។ ពេលនៅក្នុងម៉ោងការងារពេលដែលយើងឈឺ យើងបានក្រុមហ៊ុនគេចេញមែន តែពេលដែលយើងចេញមកខាងក្រៅ យើងទៅព្យាបាលអីចេញលុយដោយខ្លួនឯងទេ ។ តែដល់ពេលឥឡូវនេះ ខ្ញុំពេញចិត្តទន្ទឹងរង់ចាំយូរហើយ រង់ចាំថ្ងៃហ្នឹង »។
អ្នកស្រី អន វន្ថា ចង់ឲ្យរបបបេឡាជាតិ គ្របដណ្ដប់ការធានាផ្នែកសុខភាពទាំងសមាជិកគ្រួសារ និងអ្នកបម្រើការងារទាំងអស់ទូទាំងប្រទេសកម្ពុជា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បញ្ជាក់ថា ការបញ្ចូលការធានាសុខភាពទាំងសមាជិកគ្រួសារ នៅមិនទាន់មានទេក្នុងការអនុវត្តដំណាក់កាលទីមួយនេះ៖ « យើងបានជជែក គ្នានៅ ក្នុងក្រុមប្រឹក្សាភិបាលថា ប្រភេទជំងឺមួយចំនួនមិនទាន់បញ្ចូល ហើយជំងឺមួយចំនួនទៀតបញ្ចូល និងចំពោះគ្រួសារ បានន័យថា កូន ប្ដី ឬប្រពន្ធហ្នឹង មិនទាន់បានបញ្ចូលទេ។ ឥឡូវនេះគេបញ្ចូលវគ្គទី ១ តែអ្នក ធ្វើការ ផ្ទាល់ទេ។ ប៉ុន្តែផែនការបន្ទាប់ សូម្បីតែកូនប៉ុន្មាននាក់ក៏បញ្ចូលដែរ ហើយប្ដី ឬប្រពន្ធ ក៏ត្រូវបានបញ្ចូលដែរ ។ បានន័យថា ប្ដី ធ្វើការ ម្នាក់ អ្នកដែលត្រូវព្យាបាលទាំងអស់»។
មន្ត្រីនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ បញ្ជាក់បន្ថែមថា ផែនការអនុវត្តន៍នៅក្នុងដំណាក់កាលទីមួយ ក្រសួងចាប់ផ្ដើមនៅក្នុងតំបន់បីសិន គឺភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្ដាល៖ « ហើយនៅក្នុងនោះ យើងគ្រោងកម្មករនិយោជិ ត ដែលនៅក្នុងតំបន់ទាំងនេះ គ្រោងគឺ ៣៦ម៉ឺននាក់។ អ៊ីចឹងចំនួន ជាក់ស្ដែងអាច លើសហ្នឹង ឬក្រោមហ្នឹងតិចតួច។ អាហ្នឹងតាម ការប៉ាន់ស្មាន របស់យើង។ ដោយឡែកមន្ទីរពេទ្យ យើងនឹងចុះជាមួយនឹងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យថ្នាក់ក្រោមជាតិ គឺយើងចុះឲ្យបានច្រើន »។
លោកឲ្យដឹងថា គោលនយោបាយជាតិស្ដីពីរបបសន្តិសុខសង្គមសម្រាប់គាំពារកម្មករនិយោជិត មាន៣ គឺទីមួយ ការធានាលើហានិភ័យការងារ ឬគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ ទីពីរ ការធានាផ្នែកសុខភាព និងទីបី ការធានាលើរបបសោធន។ នេះគឺជាការអនុវត្តជំហានទីពីរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ជឿថា ការអនុវត្តគោលនយោបាយនេះ នឹងមានដំណើរការទៅល្អ ព្រោះកន្លងទៅ ខាងបេឡាជាតិរបបសន្តិសុខសង្គម បានសហការជាមួយកម្មវិធីអង្គការ ស្កាយ (SKY) និងអង្គការសម្ព័ន្ធសុខភាព និងអភិវឌ្ឍន៍ (HEAD) ដែលមានការឧបត្ថម្ភពីអង្គការបារាំង លើការថែទាំសុខភាពមនុស្សជាង ១ម៉ឺននាក់ បានទៅលើរួចហើយ។ ទោះជាយ៉ាងនេះក្ដី លោកថា បើមិនបានផ្សព្វផ្សាយឲ្យយល់ដឹងអំពីសេវាធានាសុខភាពនេះទេ ក៏នឹងមិនដំណើរការទៅល្អដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
