មន្ត្រីស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ បន្តបើកយុទ្ធនាការចុះអប់រំកុមារតូចៗនៅតាមសាលាមួយចំនួន ដើម្បីបញ្ជ្រាបការយល់ដឹងពីគុណភាពនៃការជ្រើសចំណីអាហារ ឬភេសជ្ជៈគ្រប់ប្រភេទដែលមានគុណភាពមកទទួលទាន។
មន្ត្រីសង្គមស៊ីវិល គាំទ្រចំពោះសកម្មភាពនេះ ហើយស្នើដល់អាណាព្យាបាល ត្រូវចូលរួមអនុវត្តទៅតាមការណែនាំរបស់មន្ត្រីកាំកុងត្រូល មុននឹងជ្រើសរើសចំណីអាហារ ឬអាហារទទួលទាននៅតាមក្រុមគ្រួសារនីមួយៗ។
សាខាកាំកុងត្រូលខេត្តព្រះសីហនុ ប្រកាសលេខទូរស័ព្ទចំនួន ៣ខ្សែជូនប្រជាពលរដ្ឋសម្រាប់ទាក់ទងទៅកាន់ស្ថាប័ននេះ នៅពេលទទួលបានព័ត៌មានពុលចំណីអាហារ ឬទីតាំងលក់ដូរណាមួយដាក់លក់នំចំណី និងអាហារទទួលទានគ្មានគុណភាព ឬហួសកាលកំណត់ប្រើប្រាស់ ជាដើម។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បានមានប្រសាសន៍ថា បើសិនជាពលរដ្ឋសង្ស័យពីផលិតផល ឬចំណីអាហារណាគ្មានគុណភាព គឺត្រូវផ្ដល់ព័ត៌មានតាមទូរស័ព្ទមកកាន់ស្ថាប័នកាំកុងត្រូលជាបន្ទាន់ ដើម្បីចុះពិនិត្យដល់ទីតាំងឲ្យបានទាន់ពេលវេលា៖ « សូមឲ្យប្រជាពលរដ្ឋទាក់ទងមកកាន់លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១២ ៩៧៥ ៦៥៧ និង ០១៧ ៤៤៣ ៧៣៧ »។
លោក ជា ប៉ិច លើកឡើងដូច្នេះ គឺធ្វើឡើងនៅគ្រាបានដឹកនាំមន្ត្រីជំនាញស្ថាប័ននេះមួយក្រុម ចុះផ្ដល់ការអប់រំដល់កុមារតូចៗ និងគ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឲ្យយល់ដឹង និងជ្រើសរើសនំចំណី ឬអាហារណាដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ទទួលទានប្រចាំថ្ងៃ។ លោក ជា ប៉ិច ឲ្យដឹងថា សកម្មភាពនេះ គឺមន្ត្រីកាំកុងត្រូលបានចុះជាប្រចាំខែ ឬក្នុងមួយសប្ដាហ៍ម្តង គឺធ្វើនៅតាមសាលារៀន និងនៅតាមទីផ្សារនានាទូទាំងខេត្តព្រះសីហនុ។ លោកថា កន្លងមក ខេត្តនេះមិនទាន់មានបញ្ហាប្រឈមនៃការប្រើប្រាស់មុខទំនិញ ឬចំណីអាហារ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទេ ប៉ុន្តែជាគោលការណ៍របស់ស្ថាប័នកាំកុងត្រូល គឺបន្តការងារចុះអប់រំអំពីវិធីជ្រើសរើសចំណីអាហារឲ្យមានគុណភាព បានជ្រាបដល់ប្រជាពលរដ្ឋទូទៅចូលរួមសហការ។
ជាមួយការនាំមកនូវអាហារកំប៉ុងខូចគុណភាព លោក ជា ប៉ិច បានបង្ហាញកុមារតូចៗថា ទំនិញគ្រប់មុខដែលវេចខ្ចប់មិនបានល្អ គ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានចុះទីតាំងផលិត ឬក្រុមហ៊ុនឲ្យបានត្រឹមត្រូវ និងហួសកាលកំណត់ប្រើប្រាស់ជាដើម ហាមដាច់ខាតមិនត្រូវយកមកប្រើប្រាស់ ឬទទួលទានទេ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
គ្រូបង្រៀន និងកុមារតូចៗរៀននៅសាលាបឋមសិក្សាព្រៃនប់ ជាង ៣០០នាក់ បានចូលរួមស្តាប់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ អប់រំអំពីការជ្រើសរើសយកនំចំណី ឬអាហារដែលមានគុណភាពមកទទួលទានដោយយកចិត្តទុកដាក់។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ លើកទឹកចិត្តដល់ក្រុមការងារមន្ត្រីជំនាញកាំកុងត្រូលដែលបានចុះអប់រំដល់កុមារ និងគ្រូបង្រៀន អំពីសុវត្ថិភាពនៃការជ្រើសយកនំចំណី និងអាហារទទួលទានមានគុណភាពពេលនេះ។ លោក ប៊ួន ណារិទ្ធិ ចាត់ទុកថា ការងាររបស់មន្ត្រីកាំកុងត្រូលចុះអប់រំអំពីការជ្រើសយកចំណីអាហារដល់កុមារតូចៗនៅតាមសាលានានា និងត្រូវចុះត្រួតពិនិត្យទំនិញខូចគុណភាព ឬប្រើសារធាតុគីមី ដែលអាជីវករដាក់លក់នៅតាមទីផ្សារមួយចំនួន ថាមានសារសំខាន់បំផុត៖ « មន្ត្រីកាំកុងត្រូលត្រូវត្រួតពិនិត្យការនាំចូលមុខទំនិញគ្រប់ប្រភេទនៅតាមព្រំដែនគោក និងទឹក ពីប្រទេសជិតខាងកម្ពុជា មានថៃ និងវៀតណាម ឲ្យបានត្រឹមត្រូវ ព្រោះទំនិញខូចគុណភាពទាំងនោះ ភាគច្រើនបាននាំចូលពីក្រៅប្រទេស »។
នាយករងសាលាបឋមសិក្សាព្រៃនប់ លោក ប៉ែន ប៊ុនធឿន បានស្វាគមន៍មន្ត្រីជំនាញស្ថាប័នកាំកុងត្រូលដែលជ្រើសយកសាលាខ្លួន ចុះអប់រំដល់កុមារតូចៗឲ្យយល់ដឹងពីការជ្រើសយកនំចំណី និងអាហារហូបចុកឲ្យមានគុណភាព។ លោកអំពាវនាវដល់អាណាព្យាបាល ពិសេសលោកគ្រូអ្នកគ្រូនៅទូទាំងប្រទេស ឲ្យចូលរួមសហការជាមួយមន្ត្រីជំនាញកាំកុងត្រូល ដើម្បីសុខភាពកុមារនៅតាមក្រុមគ្រួសារនីមួយៗ៖ « យល់ថាការចុះអប់រំដល់កុមារ ឬប្រជាពលរដ្ឋឲ្យចេះមើលកាលបរិច្ឆេទមុខទំនិញ ឬកំប៉ុង ដបមិនល្អ និងទំនិញគ្មានដាក់ទីតាំង ឬក្រុមហ៊ុនផលិតឲ្យបានច្បាស់លាស់ គឺមានសារសំខាន់ណាស់សម្រាប់អាណាព្យាបាលគ្រប់ៗរូបនៅតាមគ្រួសារនីមួយៗ »។
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអះអាងថា យុទ្ធនាការចុះអប់រំកុមារតូចៗនៅតាមសាលានានាជាបន្តបន្ទាប់ ឬចាប់ផ្ដើមមានសកម្មភាពញឹកញាប់ គឺបានចាប់ផ្ដើមពីឆ្នាំ២០១៥ បន្តរហូតមកនេះ។ សកម្មភាពនេះ គឺមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់កុមារ ពិសេសអាណាព្យាបាលនៅតាមគ្រួសារនីមួយៗឲ្យចេះពិនិត្យ និងជ្រើសយកចំណីអាហារ ឬភេសជ្ជៈកំប៉ុង ដបដែលមានគុណភាព ឬមានកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ៕
វីដេអូ៖ យុទ្ធនាការអប់រំកុមារពីគុណភាពភេសជ្ជៈនិងអាហារនៅខេត្តព្រះសីហនុ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
