ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីក្រុមហ៊ុនឡានដឹកដីជាច្រើនគ្រឿងឆ្លងកាត់មុខផ្ទះ ធ្វើឲ្យខូចផ្លូវ និងបង្កឲ្យមានដីហុយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ អ្នកភូមិលើកឡើងថា អាជ្ញាធរហាក់មិនអើពើចាត់វិធានការទៅលើក្រុមហ៊ុនឡានដឹកដីឲ្យទទួលខុសត្រូវបញ្ហាទាំងនេះឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ អន្តរាគមន៍ទៅក្រុមហ៊ុនដឹកដីឲ្យចាក់ទឹកថែទាំផ្លូវឲ្យបានទៀងទាត់ និងកុំឲ្យបើកឡានប្រជែងគ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក ស៊ុន សារឹន ឲ្យដឹងនៅថ្ងៃទី៧ កុម្ភៈ ថា ក្រុមហ៊ុនឡានដឹកដីប្រមាណ ៣ក្រុមហ៊ុន ប៉ុន្តែលោកមិនស្គាល់ឈ្មោះ បានបើកឆ្លងកាត់មុខផ្ទះរបស់លោកប្រមាណ ១០០គ្រឿងក្នុងមួយថ្ងៃ ដែលបង្កឲ្យមានដីហុយជាប្រចាំ។ លោកបន្ថែមថា នៅពេលឡានដឹកដីមកដល់មុខផ្ទះម្ដងៗ ធ្វើឲ្យដីហុយខ្លាំងមើលផ្លូវមិនឃើញ និងពិបាកដកដង្ហើម ជាពិសេសគឺកុមារតូចៗដែលប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង។
លោកបន្តថា ក្រៅអំពីនេះ ពេលខ្លះឡានបើកប្រជែងគ្នាយ៉ាងលឿន ដែលធ្វើឲ្យអ្នកដំណើរ និងពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការភ័យខ្លាច៖ « បាទ ! លំបាកនៅពេលដីហុយទៅមានខ្យល់បក់មក ដីចូលពេញផ្ទះតែម្ដង ហើយផ្ទះខ្ញុំ កូនតូចៗ ជាច្រើនដែលប៉ះពាល់ដល់សុខភាព »។
ឆ្លើយតបនឹងបញ្ហានេះ ចៅសង្កាត់ផ្សារកណ្ដាល លោក គាត ហុល ទទួលស្គាល់ថា ក្រុមហ៊ុនឡានដឹកដីពិតជាបានបើកប្រជែងគ្នា និងបង្កឲ្យមានដីហុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រាកដមែន។ ប៉ុន្តែលោកអះអាងថា ឡានដែលបើកប្រជែងគ្នា ភាគច្រើនឡានក្រុមហ៊ុនតូចៗដែលគ្មានច្បាប់ទម្លាប់ ចំណែកក្រុមហ៊ុនធំៗគោរពច្បាប់បានល្អ គឺមិនហ៊ានលឿន និងបើកប្រជែងគ្នានោះទេ។
លោកបន្ថែមថា កន្លងទៅ អាជ្ញាធរតែងហៅក្រុមហ៊ុនទាំងនោះមកព្រមាន ដោយឲ្យចាក់ទឹកតាមដងផ្លូវ និងឲ្យបញ្ឈប់បើកប្រជែងគ្នារួចមកហើយ៖ « ចុងសប្ដាហ៍នេះខ្ញុំហៅក្រុមហ៊ុនដឹកដីទាំងអស់ មកប្រជុំ ព្រោះខែនេះ ខែប្រាំង ហើយឲ្យស្រោចទឹកកម្រិតប៉ុ នណា ហើយគាត់បើកប្រជែងគ្នាយ៉ាង ម៉េច ? បើសិនជាមានអ្នករាយការណ៍មក ព្រមទាំង បានថតលេខឡានមកឲ្យខ្ញុំផង ខ្ញុំនឹងឲ្យឡានក្រុមហ៊ុននោះផ្អាករត់មួយថ្ងៃតែម្ដង »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា ក្រុមហ៊ុនឡានដឹកដីនៅក្រុងប៉ោយប៉ែត មិនត្រឹមតែដីហុយ និងធ្វើឲ្យខូចផ្លូវប៉ុណ្ណោះទេ គឺឡានដឹកដីជ្រុះដីពាសពេញផ្លូវសំខាន់ក្នុងក្រុងមួយនេះ ដែលធ្វើឲ្យខូចបរិស្ថាន និងប៉ះពាល់ដល់សុខភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ទៅទស្សនាអង្គរវត្ត និងប្រទេសថៃ៖ « បាទ ! ឡានដឹកដីធ្លាក់កណ្ដាល ក្នុងនោះ ពេលខ្លះដឹកធ្លាក់មុខប៉ូលិសទៀតផង ក៏ប៉ូលិស ធ្វើមិន បើកភ្នែក មើលផង មិនបាច់ ត្រឹមតែ លោក អភិបាលក្រុង ឬចៅសង្កាត់ទេ ។ បើទោះជា ទីក្រុងនេះវាក្លាយទៅ ភក់ជ្រាំ ឬក៏ ក្លាយទៅធូលីហុយខ្លាំងអី គឺអត់មាននរណាហ៊ានថា អត់នរណាហ៊ាននិយាយ ដោយគេធ្វើទៅតាមតែចិត្តគេចង់ »។
លោក ស៊ុំ ច័ន្ទគា បន្ថែមថា បញ្ហានេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការឲ្យបានតឹងរ៉ឹងដើម្បីឲ្យទីក្រុងប៉ោយប៉ែត បានស្អាតល្អទេ នាំឲ្យខូចមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិកាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
