មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បន្តព្រួយបារម្ភចំពោះការខ្វះខាតការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិសេសកុមារតូចៗទាក់ទងការជ្រើសយកចំណីអាហារឲ្យមានគុណភាពសម្រាប់ទទួលទាន។ ការព្រួយបារម្ភនេះ ស្របពេលដែលមុខម្ហូបស្រស់ និងភេសជ្ជៈហួសកាលកំណត់ប្រើប្រាស់មួយចំនួន បន្តឃើញមាននៅលើទីផ្សារ។
មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ អះអាងថា ប្រភេទម្ហូបស្រស់ ឬអាហារសមុទ្រ អាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង ឬដបខូចគុណភាពជាង ២០ប្រភេទ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលរឹបអូសពីតាមទីផ្សារ យកមកដុតកម្ទេចចោល។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បង្ហាញរបាយការណ៍ ៦ខែដើមឆ្នាំ២០១៦ នេះ រកឃើញថា ប្រភេទទំនិញ ម្ហូបអាហារសមុទ្រស្រស់ៗ អាហារកំប៉ុង និងភេសជ្ជៈដប ឬកំប៉ុងជាដើម ដែលមន្ត្រីជំនាញស្ថាប័នលោកចុះពិនិត្យ និងរឹបអូសយកទំនិញខូចគុណភាពនៅតាមទីផ្សារនានាទូទាំងខេត្តព្រះសីហនុ បានថយចុះ។ លោកថា ការថយចុះនេះ ដោយសារតែអាជីវករ ឬអ្នកលក់ទាំងនោះមានការយល់ដឹងអំពីការដាក់លក់ទំនិញដែលមានគុណភាព ដោយបានសហការជាមួយមន្ត្រីជំនាញ។
លោក ជា ប៉ិច ប្រកាសលេខទូរស័ព្ទសម្រាប់រាយការណ៍ជូនមន្ត្រីជំនាញស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ ពេលសង្ស័យ ឬឃើញមានអាជីវករដាក់លក់ទំនិញ ឬមុខម្ហូបស្រស់ខូចគុណភាព និងប្រើសារធាតុគីមីជាដើម ដើម្បីឲ្យមន្ត្រីជំនាញមានវិធានការឲ្យបានទាន់ពេល៖ « ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅបានឃើញ ឬបានដឹងអំពីការពុលអាហារ ការដាក់លក់ទំនិញខូចគុណភាព ឬហួសកំណត់ប្រើប្រាស់ជាដើម ត្រូវទាក់ទងមកស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈលេខ ០៩៨ ៥៥៥ ៦៦៦ និង ០១៧ ៤៤៣ ៧៣៧។ មន្ត្រីយើងខ្ញុំនឹងចុះដល់ទីតាំងផ្ទាល់ឲ្យបានឆាប់ និងដោយមិនកំណត់ពេលវេលាទេ »។
មន្ត្រីជំនាញកាំកុងត្រូលឲ្យដឹងថា ផលប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកំណត់ប្រើប្រាស់ នាំឲ្យសុខភាពអ្នកប្រើប្រាស់មានជំងឺផ្សេងៗ ដូចជារាករូស ក្អួតចង្អោរ ចុកពោះ និងអាចឈានដល់គ្រោះថ្នាក់ដល់អាយុជីវិត បើសង្គ្រោះមិនទាន់។ មន្ត្រីជំនាញរូបនេះ អំពាវនាវដល់អាជីវករ ពិសេសអាណាព្យាបាលសិស្ស ត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារមកទទួលទាន ឬលក់ដូរបន្ត ធ្វើយ៉ាងណាឲ្យមានគុណភាព។
សារអំពាវនាវរបស់មន្ត្រីកាំកុងត្រូលដូច្នេះ ធ្វើឡើងនៅក្នុងឱកាសចុះអប់រំសិស្សានុសិស្ស ឬកុមារតូចៗនៅព្រឹកថ្ងៃអង្គារ ទី២៦ កក្កដា នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរុង និងពិធីដុតកម្ទេចទំនិញខូចគុណភាពដែលចាប់បាន ៦ខែដើមឆ្នាំ២០១៦។
គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ពិសេសកុមារតូចៗ ឲ្យដឹងថា កន្លងមក ពួកគេខ្វះការយល់ដឹងក្នុងការជ្រើសរើសមុខម្ហូបអាហារ និងភេសជ្ជៈដែលដាក់លក់នៅលើទីផ្សារដែលមានគុណភាព ព្រោះមិនយល់ដឹងអំពីការពិនិត្យមើលទៅលើកាលបរិច្ឆេទប្រើប្រាស់ជាដើម។
នាយកអនុវិទ្យាល័យសំរុង ស្រុកព្រៃនប់ លោក សម សុវណ្ណាឫទ្ធិ ចាត់ទុកថា បញ្ហាសុខភាព គឺជាកត្តាសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះ តាមរយៈការចុះអប់រំរបស់មន្ត្រីជំនាញកាំកុងត្រូលដល់សិស្សានុសិស្សក្នុងសាលារបស់លោក ដែលមានចំនួនជាង ១ពាន់នាក់នេះ អាចនាំឲ្យពួកគេចាប់អារម្មណ៍ច្រើន និងចូលរួមពិនិត្យមុខទំនិញនីមួយៗឲ្យបានត្រឹមត្រូវ មុននឹងទិញយកទៅទទួលទាន៖ « អំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ គឺមុននឹងត្រូវទិញទំនិញ ឬអាហារផ្សេងៗមកទទួលទាន សូមឲ្យពិនិត្យមើលកាលបរិច្ឆេទ ឬការកំណត់ប្រើប្រាស់នៃការផលិត និងផ្លាកសញ្ញាឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗ »។
ទោះបីជាយ៉ាងណាក៏ដោយចុះ មន្ត្រីជំនាញស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ ស្នើប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ ត្រូវប្រយ័ត្នក្នុងការជ្រើសយកមុខម្ហូប និងភេសជ្ជៈកំប៉ុង តាមរយៈការពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ មុននឹងយកទៅប្រើប្រាស់ ឬទទួលទាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
