មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (Royal Phnom Penh) គឺជាមន្ទីរពេទ្យថៃ ដំបូងគេ ដែលត្រូវសាងសង់ និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋខ្មែរអាចនឹងកាត់បន្ថយចំណាយបានច្រើនក្នុងការស្វែងរកសេវាព្យាបាលនៅបរទេស ខណៈមានវត្តមានមន្ទីរពេទ្យទំនើបថៃ នៅកម្ពុជា។
មន្ទីរពេទ្យទំនើបថៃ ដែលមានឈ្មោះថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបើកឲ្យដំណើរការនៅកម្ពុជា អាចនឹងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ហើយអាចទាក់ទាញភ្ញៀវទាំងនោះមកលេងកម្ពុជា កាន់តែច្រើនឡើងៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា។ លោកសង្កត់ធ្ងន់ថា ក្រៅពីការជួយដល់ពលរដ្ឋកម្ពុជា ក្នុងការស្វែងរកនូវការព្យាបាលនៅបរទេស មន្ទីរពេទ្យថៃ រ៉ូយ៉ាល់ភ្នំពេញ ក៏អាចបន្ថែមទំនុកចិត្តដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឲ្យមកកាន់កម្ពុជា ជាពិសេស ភ្ញៀវទេសចរដែលមានវ័យចាស់ៗ ឬអ្នកទេសចរដែលព្រួយបារម្ភអំពីស្ថានភាពជំងឺរបស់ពួកគេ។
លោក ហ៊ុន សែន៖ «មុននឹងមកកម្ពុជា គេក៏ត្រូវដឹងថា កម្ពុជា មានកន្លែងព្យាបាល ឬកន្លែងសង្គ្រោះសម្រាប់ជំងឺរបស់ពួកគេឬក៏អត់? ដូច្នេះ នៅពេលដែលបោះសៀវភៅឃោសនាឲ្យទេសចរមកកម្ពុជា កុំភ្លេចប្រាប់គេថាមានមន្ទីរពេទ្យភ្នំពេញរ៉ូយ៉ាល់ភ្នំពេញ ដើម្បីឲ្យគេហ៊ានមក។ អ្នកមានៗមួយចំនួន មុននឹងសម្រេចចិត្តមកធ្វើទេសចរណ៍ ឬមុនសម្រេចចិត្តដើម្បីធ្វើវិនិយោគ គឺត្រូវដឹងថា តើនៅកម្ពុជា ត្រូវមានអ្វីខ្លះដែលអាចផ្តល់ឲ្យគេនូវការជួយសង្គ្រោះ និងការព្យាបាលជំងឺរបស់គេបាន»។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាងសង់ឡើងតាមលក្ខណៈស្តង់ដារអន្តរជាតិ និងផ្តល់សេវាវេជ្ជសាស្ត្រកម្រិតឧត្តម បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗក្នុងទឹកប្រាក់វិនិយោគ ៥០លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០១៣ ភ្ញៀវទេសចរមកលេងកម្ពុជា សរុបមានចំនួន ៤លាន ២សែននាក់។ លោក ហ៊ុន សែន សង្ឃឹមថា ភ្ញៀវទេសចរនឹងកើនឡើងរហូតដល់ ៤លាន ៥សែននាក់ នៅឆ្នាំ២០១៤ បន្ទាប់ពីកម្ពុជា មានកន្លែងផ្តល់សេវាសុខភាពទំនើបដូចមន្ទីរពេទ្យថៃ រ៉ូយ៉ាល់ភ្នំពេញ ជាដើម។
កាលពីខែមករា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធឲ្យប្រើប្រាស់មន្ទីរពេទ្យវៀតណាម ឈ្មោះជោរៃភ្នំពេញ និងបានអំពាវនាវឲ្យពលរដ្ឋខ្មែរមករកសេវាព្យាបាលនៅមន្ទីរពេទ្យនោះឲ្យបានច្រើន។
ការវិនិយោគសេវាព្យាបាលពីបរទេសនៅកម្ពុជា ច្រើនធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ បានធ្វើដំណើរទៅរកសេវាព្យាបាលនៅបរទេស ពិសេសប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ជាដើម។
មន្ត្រីជំនាញខាងសុខាភិបាល និងអ្នកស្រាវជ្រាវខ្លះមានទស្សនៈដូចគ្នាថា ការជ្រើសរើសសេវាព្យាបាល និងថែទាំសុខភាពនៅក្រៅប្រទេសមានការចំណាយលុយច្រើនជាងនៅក្នុងស្រុក។ ប៉ុន្តែ ពលរដ្ឋខ្មែរដែលរកសេវាព្យាបាលទាំងនោះ មានជំនឿ និងទុកចិត្តជាង លើគុណភាព និងបច្ចេកទេសព្យាបាលរបស់គ្រូពេទ្យ។
ទន្ទឹមគ្នានោះ លោក ហ៊ុន សែន កត់សម្គាល់ថា ភ្ញៀវទេសចរខ្មែរទៅកម្សាន្តនៅប្រទេសថៃ បូកទាំងអ្នកទៅរកសេវាព្យាបាលនៅប្រទេសថៃ ផងនោះ មានចំនួន ៤៦ម៉ឺននាក់កាលពីឆ្នាំ២០១៣ ខណៈដែលភ្ញៀវទេសចរថៃ មកកម្ពុជា មានត្រឹម ២២ម៉ឺននាក់។
ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ វិញ លោក ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំពីប្រទេសថៃ។ គ្រាន់តែទំហំពាណិជ្ជកម្មមានរហូតដល់ ៤.៦០០លានដុល្លារ ក្នុងនោះ កម្ពុជា នាំទំនិញទៅថៃ មានត្រឹមជាង ៣០០លានដុល្លារប៉ុណ្ណោះ ឯប្រទេសថៃ វិញ នាំទំនិញចូលមកកម្ពុជា គិតជាទឹកប្រាក់មានជាង ៤ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
