ប្រទេសកម្ពុជា ក៏ដូចជាប្រទេសអភិវឌ្ឍន៍ដទៃទៀត ត្រូវបានអង្គការយូនីសេហ្វ (UNICEF) រកឃើញថា ក្មេង ៥នាក់ក្នុងចំណោម ៦នាក់កំពុងជួបបញ្ហាកង្វះសារធាតុចិញ្ចឹម។ ការលើកឡើងរបស់អង្គការយូនីសេហ្វនេះ គឺធ្វើឡើងស្របនឹងទិវាស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ ទី១៦ តុលា។
គោលដៅពិភពលោកមួយសម្រាប់ ១៥ឆ្នាំខាងមុខ គឺការធ្វើឲ្យកម្រិតនៃភាពអត់ឃ្លានធ្លាក់មកកម្រិតសូន្យ។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៦ តុលា អង្គការសហប្រជាជាតិ ប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលជាថ្ងៃដែលអង្គការស្បៀងអាហារ និងកសិកម្ម ហ្វាវ (FAO) ត្រូវបានបង្កើតឡើង។ គោលបំណងនៃទិវានេះ គឺដើម្បីជំរុញឲ្យប្រទេសទាំងអស់ងាកមកមើលបញ្ហានានាទាក់ទងនឹងចំណីអាហារ និងសហការគ្នាបំបាត់កង្វះស្បៀងអាហារ។
នៅថ្ងៃសុក្រ ទី១៤ តុលា អង្គការយូនីសេហ្វ ប្រកាសថានៅប្រទេសកំពុងអភិវឌ្ឍក្មេងជាង ៨៥ភាគរយនៅចន្លោះ ៦ខែទៅ ២ឆ្នាំ កំពុងជួបបញ្ហាកង្វះសារធាតុចិញ្ចឹម។
បញ្ហានេះមិនមែនកើតឡើងតែលើកុមារដែលមិនមានចំណីអាហារបរិភោគគ្រប់គ្រាន់នោះទេ ពោលគឺកុមារដែលបានបរិភោគច្រើនហើយ តែមិនត្រឹមត្រូវតាមអ្វីដែលរាងកាយត្រូវការ ក៏ជួបបញ្ហាកង្វះសារធាតុចិញ្ចឹមដែរ។
ប្រជាជននៅប្រទេសកម្ពុជា ក្រោមការសិក្សាស្រាវជ្រាវរបស់អង្គការយូនីសេហ្វ បានរកឃើញថា ជាមធ្យមពួកគេចំណាយប្រាក់ ៦% ទៅ ៧% នៃប្រាក់ចំណូលសរុបរបស់ពួកគេទៅលើនំចំណី ហើយនំចំណីទាំងនោះទៀតសោត គឺសម្បូរទៅដោយខ្លាញ់ ស្ករ និងអំបិល។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអង្គការយូនីសេហ្វ នៅកម្ពុជា បានទេនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។
អ្នកឯកទេសផ្នែកអាហារូបត្ថម្ភរបស់អង្គការយូនីសេហ្វ អ្នកស្រី ហ្វ្រាន បេហ្គីន (France Begin) ថ្លែងទៅទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ថា « ហេតុអ្វីបានជាមកដល់ឆ្នាំ២០១៦ ហើយ យើងនៅតែបណ្តោយឲ្យក្មេងជាច្រើនជួបបញ្ហាកង្វះសារធាតុចិញ្ចឹមទៀត ? រយៈពេលពីរឆ្នាំដំបូងនៃជីវិតរបស់ក្មេង គឺមានសារសំខាន់បំផុតដែលយើងមិនអាចត្រឡប់ក្រោយបានទេ »។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ឆ្លើយតបថា ទិន្នន័យរបស់អង្គការយូនីសេហ្វ មិនឆ្លុះបញ្ចាំងពីកម្ពុជា ឡើយ ដែលលោកថាមានភាពល្អប្រសើរជាងនេះ ប៉ុន្តែលោកមិនបានបង្ហាញស្ថិតិណាមួយច្បាស់លាស់ឡើយ។
ចំណែកឯការរកឃើញថា នំចំណីដែលកុមារបរិភោគនៅកម្ពុជា គឺពោរពេញទៅដោយខ្លាញ់ ស្ករ និងអំបិល មន្ត្រីសុខាភិបាលរូបនេះបកស្រាយថា វាបណ្ដាលមកពីការរីកចម្រើននៃទីផ្សារចំណីអាហារទៅវិញទេ៖ « បច្ចុប្បន្ន យើងប្រឈមនឹងការផ្សព្វផ្សាយ និងការរីកចម្រើននៃចំណីអាហារបរទេសដែលសម្បូរទៅដោយប៊័រ និងជាតិខ្លាញ់ ដែលធ្វើឲ្យកុមារធាត់។ ឯកុមារដែលបរិភោគមិនបានគ្រប់គ្រាន់ បែរជាខ្វះសារធាតុចិញ្ចឹមទៅវិញ »។
យ៉ាងណាក៏ដោយ លោក លី សូវ៉ាន់ អំពាវនាវឲ្យប្រជាជនងាកមកចាប់អារម្មណ៍លើនំចំណីក្នុងស្រុកដែលលោកថាមានសារធាតុចិញ្ចឹមយ៉ាងច្រើន។
អង្គការយូនីសេហ្វនៅកម្ពុជា រកឃើញថា មានក្មេងនៅចន្លោះអាយុ ៦ខែដល់ ៨ខែជាង ៨០ភាគរយមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ។ ក្មេងជាង ៣៥ភាគរយក្រោមអាយុ ៥ឆ្នាំកើតរោគក្រិន ហើយជាង ២៥ភាគរយមានរាងកាយស្គមរីងរៃខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
