មនុស្ស​ប្រមាណ​២​លាន​នាក់​ក្នុង​ពិភពលោក​ស្លាប់​រាល់​ឆ្នាំ​ដោយសារ​អាហារ​គ្មាន​សុវត្ថិភាព

ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា បញ្ហា​ចំណី​អាហារ​គ្មាន​សុវត្ថិភាព បណ្ដាល​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ប្រមាណ ២​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ។

ការ​បង្ហាញ​តួលេខ​នេះ គឺ​ចំ​ថ្ងៃ​ដែល​ស្ថាប័ន​ទាំង​នេះ​ប្រារព្ធ​ទិវា​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។ ចំណី​អាហារ​គ្មាន​សុវត្ថិភាព ក៏​ជា​មូលហេតុ​នាំ​មុខ​គេ​លំដាប់​ទី​២ ដែល​ធ្វើ​ឲ្យ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​ស្លាប់។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ជំងឺ​រាតត្បាត​ដែល​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ស្ទើរ​តែ​ពាក់​កណ្ដាល​បង្ក​ឡើង​ដោយសារ​បញ្ហា​ចំណី​អាហារ និង​ទឹក​គ្មាន​សុវត្ថិភាព៖ «ចាប់​តាំង​ពី​ឆ្នាំ​២០១២ ដល់ ២០១៥ ក្នុង​ចំណោម​ជំងឺ​រាតត្បាត​សរុប ១៤២​លើក ក្នុង​នោះ​ជំងឺ​រាតត្បាត​បង្ក​ដោយ​ពុល​ចំណី​អាហារ និង​ទឹក​សរុប ៦៥​លើក ដែល​ស្មើ​នឹង ៤៦% នៃ​ចំនួន​សរុប។ ចំពោះ​ជំងឺ​រាក​ដែល​ចូល​ព្យាបាល​នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ជា​រៀង​រាល់​ឆ្នាំ មាន​ប្រមាណ ៣​សែន​ករណី»

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៤ មាន​ការ​ផ្ទុះ​ជំងឺ​បណ្ដាល​មក​ពី​ការ​ពុល​ចំណី​អាហារ​ចំនួន ៤៦៤​ករណី ដែល​មាន​មនុស្ស ៨​នាក់​ស្លាប់។ ថ្មីៗ​នេះ​ដែរ មាន​ករណី​ពុល​នំ​ប៉័ង​សាច់​រាប់​រយ​នាក់​នៅ​ខេត្ត​សៀមរាប។ មន្ត្រី​ក្រសួង​សុខាភិបាល បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ មេសា ថា លទ្ធផល​នៃ​ការ​ពិសោធ​រក​ឃើញ​ថា សាច់​នៅ​ក្នុង​នំ​ប៉័ង​នោះ​មាន​មេរោគ តែ​មិន​បាន​និយាយ​ឲ្យ​លម្អិត​ថា ជា​មេរោគ​ឈ្មោះ​អ្វី​នោះ​ទេ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ទើប​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដាក់​ប្រធានបទ​សម្រាប់​ទិវា​សុខភាព​ពិភពលោក​នៅ​ឆ្នាំ​២០១៥ ថា "ពី​កសិដ្ឋាន​ដល់​តុ​បរិភោគ ធ្វើ​ឲ្យ​អាហារ​មាន​សុវត្ថិភាព"។ ក្នុង​ន័យ​នេះ គឺ​ចង់​សំដៅ​ដល់​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​គ្រប់​រូប យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀបចំ​ចម្អិន និង​ការ​រក្សា​ទុក​ចំណី​អាហារ​ឲ្យ​មាន​សុវត្ថិភាព គ្មាន​មេរោគ និង​គ្មាន​ជាតិ​គីមី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។