ប្រជាពលរដ្ឋនៅភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រតិកម្មចំពោះរោងចក្រផលិតជីគីមីសញ្ញាផ្កាយប្រាំរបស់ក្រុមហ៊ុនវៀតណាម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខភូមិនោះ ដែលបានសាយភាយក្លិនស្អុយឆ្អេះឆួល ប៉ះពាល់ដល់ការដកដង្ហើម និងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ។
ក្រុមអ្នកភូមិ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ និងសូមឲ្យមានការធានាលើសុវត្ថិភាពនៃការរស់នៅ ជាពិសេសបញ្ហាសុខភាពរបស់ពលរដ្ឋនៅជុំវិញតំបន់នោះ។
ក្លិនស្អុយឆ្អេះឆួល ដែលភាយចេញពីសារធាតុគីមីផ្សំគ្នាក្នុងដំណើរការផលិតជីគីមី សម្រាប់ដំណាំកសិកម្មនៃរោងចក្រផលិតជីគីមីសញ្ញាផ្កាយប្រាំរបស់ប្រទេសវៀតណាម កំពុងក្លាយជាក្តីកង្វល់សម្រាប់អ្នកភូមិក្បែររោងចក្រនោះ។
«សំឡេងពលរដ្ឋត្អូញត្អែរពីក្លិនស្អុយ»
ក្លិនមិនល្អដែលសាយភាយចេញមកខាងក្រៅរបងរោងចក្រនោះ បានបង្ខំចិត្តឲ្យអ្នកភូមិម្នាក់ៗត្រូវពាក់ម៉ាស់បិទច្រមុះ ដោយសារពិបាកទ្រាំនឹងក្លិននោះ។
«ពេលថ្ងៃអ៊ីចឹងចេះតែពាក់ម៉ាស់ទៅ វាចេះតែឆួលមកភាយៗ ចេះតែទិញម៉ាស់ពាក់ទៅ ហើយអាណិតតែអាក្មេងៗតូចៗ មិនដឹងពាក់ធ្វើម៉េច វាហប់វាស្រែក ខ្លាចតែចូលដល់គ្រឿងក្នុងក្មេងៗ អាវាមួយខួបពីរខួប ហើយមិនដែលបានទៅពិនិត្យអីម៉េចផង»។
ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ព្រាប ជុំ រស់នៅភូមិព្រែកត្រែង ស្ថិតនៅទល់មុខរោងចក្រដោយពុះចែកដោយផ្លូវជាតិលេខ១ នោះ ឲ្យដឹងថា ការពាក់ម៉ាស់នេះអាចកាត់បន្ថយក្លិនឆ្អេះឆួលច្រមុះបានខ្លះ និងបង្ការកុំឲ្យមានផលប៉ះពាល់ដល់សុខភាព ប៉ុន្តែគាត់ពិបាកនឹងណែនាំឲ្យកូនក្មេងពាក់ម៉ាស់នេះដូចមនុស្សចាស់ដែរ៖ «ពេលថ្ងៃអ៊ីចឹងចេះតែពាក់ម៉ាស់ទៅ វាចេះតែឆួលមកភាយៗ ចេះតែទិញម៉ាស់ពាក់ទៅ ហើយអាណិតតែអាក្មេងៗតូចៗ មិនដឹងពាក់ធ្វើម៉េច វាហប់វាស្រែក ខ្លាចតែចូលដល់គ្រឿងក្នុងក្មេងៗ អាវាមួយខួបពីរខួប ហើយមិនដែលបានទៅពិនិត្យអីម៉េចផង»។
ចំណែកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ កាត់មុខរោងចក្រនោះ ក៏ត្រូវស្រង់ស្រូបក្លិនឆួលឆ្អេះដែលភាយចេញពីរោងចក្រផលិតជីគីមីនោះដូចអ្នកភូមិដែរ។
ការលំបាករបស់អ្នកភូមិសព្វថ្ងៃ គឺពិបាកទ្រាំនឹងក្លិនអាក្រក់នោះ ពិបាកដកដង្ហើម ហើយក្តីកង្វល់ធំជាងគេនោះ គឺបារម្ភខ្លាចប៉ះពាល់ដល់សុខភាពទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខទៀត។

ស្ត្រីវ័យជាង ៤០ឆ្នាំមួយរូបក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត ក្នុងភូមិព្រែកត្រែង បានបង្ហាញពីក្តីកង្វល់ និងអាការៈជំងឺរបស់គាត់ កូនៗ ព្រមទាំងអ្នកភូមិផ្សេងទៀត ក្រោយពីទទួលក្លិននៃសារធាតុគីមី ដែលចេញពីរោងចក្រផលិតជីនោះក្នុងរយៈពេលប្រមាណជា ៣ខែចុងក្រោយនេះ៖ «ធុំក្លិនអាក្រក់ពីរបីយ៉ាង អាក្រក់ណាស់ពិបាកទ្រាំណាស់ ឡើងឆួលស្ងួតក បើមិនជឿ សួរប្រជាជនទាំងអស់មើលចុះ ធុំក្លិនដូចគ្នា ពិបាកដូចគ្នា ខ្ញុំស្ងួតកផឹកតែទឹក ហើយក្រដាសយកៗតែម្តង ហើយក្រហល់ក្រហាយពេញមុខពេញមាត់ច្រមុះ ក្រហាយទាំងខ្លួន ហើយការកូនខ្ញុំនោះគ្រុនចង់កន្លះខែ ហើយលេបថ្នាំមិនបាត់សោះ ផ្ដាសាយដោយសារធុំក្លិនអាហ្នឹង បើកភ្នែកពីមុងធុំក្លិន ដឹងខ្លួនកណ្ដាលអធ្រាត្រក៏ធុំក្លិន ធុំក្លិនទាំងអស់»។
អ្នកភូមិផ្សេងទៀត ក៏បានត្អូញត្អែរប្រហាក់ប្រហែលគ្នាដែរ ជាពិសេសស្ត្រីកូនខ្ចី ត្រូវឈឺទាស់សន្លប់ក៏មាន ដោយសារឥទ្ធិពលនៃក្លិនចេញពីរោងចក្រផលិតជីគីមីរបស់វៀតណាម នោះ៖ «កូនខ្ញុំជួនកាលពេលថ្ងៃសន្លប់ ដល់ពេលព្រលប់សន្លប់ ហើយខ្ញុំហ្នឹងបីតែចៅហ្នឹង ទម្រាំម៉ែវាដឹងខ្លួន បានយកស្អីៗមកលាបមករឹតឲ្យទៅ»។
ក្រុមអ្នកភូមិឲ្យដឹងទៀតថា ក្លិនស្អុយឆួលឆ្អេះបែបនេះ កាលពីឆ្នាំទៅកើតមានម្តងមកហើយ តែមិនខ្លាំងដូចនៅឆ្នាំនេះទេ។
ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ អំពីការសាយភាយក្លិនចេញពីរោងចក្រផលិតជីគីមីនេះ អគ្គនាយករងនៃក្រុមហ៊ុន លោក ឆៃ យ៉ាចន ទទួលស្គាល់ថា រោងចក្រផលិតជីជៀសមិនផុតពីការធុំក្លិនខ្លះនោះទេ ពីព្រោះសារធាតុផ្សំមួយចំនួនមានជាតិអាម៉ូញ៉ាក់ ដែលមានក្លិនដូចទឹកនោម ប៉ុន្តែមិនធុំក្លិនខ្លាំងដូចពលរដ្ឋអះអាងនោះទេ ហើយក៏មិនអាចប៉ះពាល់ដល់សុខភាពមនុស្សសត្វឡើយ៖ «ការជះក្លិនពីរោងចក្រទៅដល់អ្នកភូមិវាមានចម្ងាយឆ្ងាយណាស់ អ៊ីចឹងវាមិនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់អ៊ីចឹងទេ បើពួកខ្ញុំនៅក្នុងហ្នឹងផ្ទាល់ បាយនៅក្នុងហ្នឹង ដេកនៅក្នុងហ្នឹង ធ្វើនៅក្នុងហ្នឹង ពួកខ្ញុំមិនអីផងហ្នឹង ឥឡូវបើនិយាយឲ្យច្បាស់ អូខេ (ok) ឲ្យស្ថាប័នពាក់ព័ន្ធដែលមានសមត្ថភាពវាយតម្លៃ ឲ្យគេមកវាយតម្លៃទៅ ថាតើវាអាចប៉ះពាល់ដល់សុខុមាលភាពអត់? ប៉ុន្តែខ្ញុំទទួលស្គាល់ថា ប្រជាពលរដ្ឋបារម្ភ យើងមិនថាអីគាត់ទេ ប៉ុន្តែបើធ្វើប៉ះពាល់ដល់សុខភាពគាត់ គឺមិនអាចទេ»។
លោកបន្តថា អ្នកបច្ចេកទេសខាងរោងចក្រ ក៏ខំថែរក្សាអនាម័យនៅក្នុងរោងចក្រ ដូចជាពេលលាយវត្ថុធាតុគីមីផ្សំធ្វើជាជីគីមី រហូតទៅជាផលិតផលសម្រេចចុងក្រោយនោះ គឺមានការប្រើតង់កៅស៊ូគ្របពីលើ កុំឲ្យភាយក្លិនចេញមកក្រៅរបងរោងចក្រ ប៉ុន្តែដោយរដូវកាលនេះជារដូវធ្លាក់ខ្យល់ខ្លាំង ដូច្នេះមិនអាចទប់ក្លិនកុំឲ្យភាយចេញបានមួយរយភាគរយនោះទេ។
ចំណែកខាងអាជ្ញាធរស្រុកកៀនស្វាយ វិញ ហាក់យល់ស្របចំពោះការពន្យល់របស់តំណាងក្រុមហ៊ុន។

អភិបាលស្រុកកៀនស្វាយ លោក ហេង ធៀម មានប្រសាសន៍ថា អាជ្ញាធរពុំទាន់អាចសន្និដ្ឋានចំពោះអាការៈជំងឺរបស់អ្នកភូមិនោះ ថាអាចបណ្ដាលមកពីការសាយភាយក្លិនចេញពីរោងចក្រជីនោះ ឬក៏យ៉ាងណានោះទេ។ តែយ៉ាងណាក្តី អាជ្ញាធរឃុំស្រុក បានចុះពិនិត្យ និងជួបពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋជុំវិញបញ្ហាក្លិនជីគីមីនេះ៖ «យើងបានណែនាំហើយ ឲ្យគេរកវិធីម៉េច បើមានបញ្ហាហ្នឹងមែន ត្រូវដោះស្រាយក្លិននេះ ដើម្បីកុំឲ្យមានបន្តទៅទៀត»។
ស្របពេលគ្នានេះដែរ លោកអះអាងថា អាជ្ញាធរក៏កំពុងសិក្សាព័ត៌មានលម្អិតជុំវិញការសាយភាយក្លិនចេញពីរោងចក្រជីគីមីនេះ ដើម្បីបញ្ជូនទៅមន្ទីរ និងក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតដែលជាអ្នកផ្តល់អាជ្ញាប័ណ្ណ ដើម្បីមានវិធានការដោះស្រាយបន្តនៅពេលខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
