ក្រុម​គ្រួសារ​សព​នៅ​កំពង់ចាម​គ្រោង​ប្ដឹង​មន្ទីរពេទ្យ​កាល់ម៉ែត​ថា​ទុក​ឲ្យ​អ្នក​ជំងឺ​ស្លាប់

0:00 / 0:00

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​បាន​បញ្ជូន​ដល់​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ព្យាបាល​នៅ​ទីនោះ​រយៈពេល​មួយ​ថ្ងៃ។

ការ​ស្លាប់​នោះ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សព​នៅ​តែ​មិន​អស់​ចិត្ត ដោយ​អះអាង​ថា ស្ថានភាព​អ្នក​ជំងឺ​មិន​គួរ​ស្លាប់​នោះ​ទេ ប៉ុន្តែ គឺ​ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ​ពី​សំណាក់​គ្រូពេទ្យ​នៅ​ទីនោះ បន្ទាប់​ពី​គ្រួសារ​អ្នក​ជំងឺ​ប្រាប់​ថា គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង់​ឱ្យ។ ក្រុម​គ្រួសារ​សព គ្រោង​នឹង​ប្ដឹង​មន្ទីរពេទ្យ​មួយ​នេះ ចំពោះ​ការ​ស្លាប់​របស់​សមាជិក​គ្រួសារ​ខ្លួន។

ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​បន្ទាប់​ពី​គ្រួសារ​អ្នក​ជំងឺ​ម្នាក់ រស់នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​បញ្ជូន​សមាជិក​របស់​ខ្លួន គឺ​អ្នកស្រី រុន គឹមស្រេន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ហើយ​ត្រូវ​បាន​ស្លាប់​នៅ​ទីនោះ​នៅ​ថ្ងៃ​ដដែល។

និយាយ​សម្ដី​ម៉ឺងម៉ាត់ ទឹក​មុខ​ស្រងូតស្រងាត់ ចង​បូ​កាន់​ទុក្ខ​នៅ​ជាប់​នឹង​សក់ កញ្ញា រុន គឹមស្រឿន ដែល​ត្រូវ​ជា​ប្អូន អ្នកស្រី រុន គឹមស្រេន បាន​រៀបរាប់​ថា ជំងឺ​បង​កញ្ញា គឺ​មិន​សម​នឹង​ស្លាប់​ឡើយ ព្រោះ​អាការៈ​អ្នក​ជំងឺ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​នៅ​ពេល​បញ្ជូន​ពី​មន្ទីរ​ខេត្ត​កំពង់ចាម នោះ។ កញ្ញា​បន្ត​ថា ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ដំបូង គឺ​គេ​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវា​ចំនួន​ជាង ៦០​ដុល្លារ ហើយ​ក៏​យក​អ្នក​ជំងឺ​ទៅ​ពិនិត្យ​នៅ​កន្លែង​មាន​ឧបករណ៍​ទំនើបៗ ដែល​ទំនង​ជា​គិត​ថា​គ្រួសារ​កញ្ញា​ជា​គ្រួសារ​ធូរធារ។

កញ្ញា រុន គឹមស្រឿន៖ «ពេទ្យ​គាត់​ខ្នះខ្នែង​ខ្លាំង​ណាស់ ពេល​មាន​អ្នក​ជំងឺ​ចូល ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជំងឺ​ហ្នឹង​គ្មាន​លុយ ពួក​គាត់​អត់​ខ្នះខ្នែង​ទេ គាត់​អត់​ជួយ​ទេ ព្រោះ​អី​ខ្ញុំ​សង្កេត​ឃើញ​ថា មុន​ដំបូង​ពេល​ខ្ញុំ​ទៅ​ដល់ គេ​ប្រហែល​ជា​គិត​ថា ខ្ញុំ​ហ្នឹង​មាន​លុយ​ខ្លាំង​ហើយ គេ​មក​ជួយ​បង​ខ្ញុំ​យ៉ាង​ខ្លាំង គេ​មក​ចាក់​ថ្នាំ បង​ខ្ញុំ​ធូរ​ស្រាល។ ពេល​បន្ទាប់​ពី​ពួក​គាត់​ដឹង​ថា ខ្ញុំ​អត់​មាន​ប្រាក់ ពួក​គាត់​ទុក​ចោល។ ហើយ​មួយ​ទៀត ក្រុម​ពេទ្យ​ទាំងអស់​ដែល​គាត់​ធ្វើ​ការ គាត់​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​សម្រាប់​ពេទ្យ​របស់​ពួក​គាត់​ដោយ​មិន​គិត​ពី​សង្គម ខ្ញុំ​គិត​ថា​នឹង​រលាយ​នៅ​ថ្ងៃ​ណា​មួយ»

ប្រភព​ដដែល​បន្ថែម​ថា ពី​ដំបូង មាន​គ្រូពេទ្យ​ជាច្រើន​បាន​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ​ជា​ខ្លាំង រហូត​ធ្វើ​ឱ្យ​អាការៈ​អ្នក​ជំងឺ​ប្រែ​ជា​ស្រស់ស្រាយ​ភ្លាមៗ ដែល​ធ្វើ​ឱ្យ​កញ្ញា និង​ក្រុម​គ្រួសារ សង្ឃឹម​ថា​នឹង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់ៗ។ ប៉ុន្តែ ក្តី​សង្ឃឹម​នោះ​ប្រែ​ជា​រលាយ​វិញ បន្ទាប់​ពី​កញ្ញា​ប្រាប់​គ្រូពេទ្យ​នៅ​ទីនោះ​ថា គ្រួសារ​កញ្ញា​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​នោះ​ទេ។ ក្រោយ​ពី​ប្រាប់​ដូច្នេះ​រួច គេ​ក៏​ចេញ​លិខិត​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ប្រហែល​មាន​តែ​លិខិត​ទេ ព្រោះ​គ្រូពេទ្យ​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ ក្រៅ​តែ​ពី​មក​ដើម្បី​សួរ​ឈ្មោះ​ប៉ុណ្ណោះ។

រូបថត​សព រុន គឹមស្រេន និង​អដ្ឋិធាតុ ទុក​សម្រាប់​ធ្វើ​បុណ្យ ៧​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤
រូបថត​សព រុន គឹមស្រេន និង​អដ្ឋិធាតុ ទុក​សម្រាប់​ធ្វើ​បុណ្យ ៧​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ (RFA/Saut Sokprathna)

ខុស​ប្លែក​ពី​បងស្រី​កញ្ញា​ដែល​គ្មាន​ប្រាក់​សម្រាប់​បង់ រីឯ​អ្នក​ជំងឺ​ផ្សេងៗ​ដែល​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​មើល គ្រូពេទ្យ​មក​សួរ​នាំ​ឥត​ឈប់​ឈរ ធ្វើ​ឱ្យ​គ្រួសារ​កញ្ញា​គិត​ថា ទាល់​តែ​មាន​លុយ​ទៅ​បង់​ឱ្យ​គេ​ខ្លះ ទើប​មាន​ការ​មើល​ថែ​ដិតដល់​ដូច​គេ។ ក្រោយ​មក ក៏​សម្រេច​រ៉ៃ​លុយ​គ្នា​បាន​ប្រមាណ​ជា ៧០០​ដុល្លារ​ឱ្យ​ពេទ្យ ប៉ុន្តែ​ត្រូវ​បាន​ខាង​ពេទ្យ​បញ្ជាក់​ថា បង​កញ្ញា​បាន​បង់​រួច​ហើយ គឺ​សំអាង​ទៅ​លើ​លិខិត​ឥត​បង់​ប្រាក់​ដែល​មន្ទីរពេទ្យ​ចេញ​ឱ្យ​នោះ។ ទីបំផុត​ទៅ បង​កញ្ញា​ក៏​បាន​ស្លាប់​នៅ​ម៉ោង​ជាង ១១​អាធ្រាត្រ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

កញ្ញា រុន គឹមស្រឿន៖ «ខ្ញុំ​ឃើញ​អ្នក​ជំងឺ​មួយៗ​ពេល​ដែល​ពួក​គាត់​យក​អ្នក​ជំងឺ​ទៅ ឃើញ​ពួក​គាត់​ស្ពាយ​លុយ​ទាំង​កាបូបៗ​ទៅ​ហ្មង ហើយ​សុទ្ធ​តែ​ឡាន​ទំនើបៗ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ពួក​ខ្ញុំ​ដែល​ខ្វះខាត​លុយ ពេទ្យ​អត់​សូវ​មក​អើត​មក​ឈ្ងោក​ពួក​ខ្ញុំ។ នេះ គឺ​ជា​បញ្ហាៗ​ត្រង់​ថា​ពួក​ខ្ញុំ​អត់​មាន​លទ្ធភាព​បង់ ហើយ​ខ្ញុំ​ឮ​សូរ​សម្ដី​អ្នក​នៅ​ខាង​ក្រៅ ដែល​គេ​និយាយ​ជាច្រើន​នាក់​ថា ពេទ្យ​នីមួយៗ​យើង​បង់​លុយ​ឱ្យ​ហើយ ប៉ុន្តែ​យើង​ត្រូវ​យក​លុយ​បន្តិចបន្តួច​ទៅ​សូក​ហោប៉ៅ​ពេទ្យ​ទៀត​ដើម្បី​ឱ្យ​ពួក​គាត់​ឧស្សាហ៍​មក​មើល ឧស្សាហ៍​មក​ឈ្ងោក​អ៊ីចឹង​ទៀត។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាក់​ទឹក​ចិត្ត​មែន​ទែន ដោយសារ​តែ​បញ្ហា​លុយ​បង​ខ្ញុំ​ត្រូវ​បាន​ជា ប៉ុន្តែ​ដោយសារ​លុយ បង​ខ្ញុំ​ត្រូវ​បាត់​បង់​ជីវិត​នៅ​ពេទ្យ​កាល់ម៉ែត»

ការ​ស្លាប់​របស់ អ្នកស្រី រុន គឹមស្រេន ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​អាយុ ៣២​ឆ្នាំ​នោះ បាន​បន្សល់​ទុក​នូវ​កូន​តូចៗ​ចំនួន​ពីរ​នាក់ រស់នៅ​ជាមួយ​ជីដូន និង​បន្សល់​ទុក​នូវ​ភាព​មិន​អស់​ចិត្ត ពីព្រោះ​ជំងឺ​អ្នកស្រី គឺ​កើត​ឡើង​បាន​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

ចំណែក កញ្ញា រុន គឹមស្រឿន វិញ​យល់​ថា ពេទ្យ​នេះ​មើល​ឃើញ​តែ​លុយ និង​សម្រាប់​តែ​អ្នក​មាន៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​ពេទ្យ​នៅ​ប្រទេស​កម្ពុជា យើង បើ​សិន​ពេទ្យ​នៅ​តែ​របៀប​នេះ ប្រជាពលរដ្ឋ​ដែល​គ្មាន​លុយ គឺ​គ្មាន​សង្ឃឹម​ទេ។ ហើយ​ខ្ញុំ​សូម​ដាក់​ឈ្មោះ​ពេទ្យ​នេះ​ថា ជា​ពេទ្យ​ទេវតា​សម្រាប់​អ្នក​មាន តែ​ជា​ពេទ្យ​ឃាតក​សម្រាប់​អ្នក​ក្រ។ ដោយសារ​អ្នក​ក្រ​គ្នា​ខ្វះខាត​លុយ​អ៊ីចឹង ហើយ​ពេទ្យ​ហ្នឹង​គាត់​នៅ​តែ​ប្រកាន់​ថា គាត់​ត្រូវ​ការ​លុយ​ដោយសារ​គ្មាន​ក្រម​សីលធម៌​អាណិត​អ្នក​ជំងឺ​អ៊ីចឹង អ្នក​ជំងឺ​នៅ​ក្នុង​ប្រទេស​ទាំងអស់ នឹង​ត្រូវ​បាន​ស្លាប់ ប្រសិន​បើ​បញ្ជូន​ទៅ​ពេទ្យ​ហ្នឹង​ដូច​បង​ស្រី​ខ្ញុំ​អ៊ីចឹង»

កញ្ញា គឹមស្រឿន ចង់​ឱ្យ​គ្រប់​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ទាំងអស់ គប្បី​មិន​ត្រូវ​គិត​តែ​ប្រាក់​នោះ​ទេ ពោល គឺ​ត្រូវ​គិត​រឿង​អាយុ​ជីវិត​មនុស្ស​ជា​សំខាន់។ បន្ថែម​ពី​នេះ​ទៀត កញ្ញា​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​អំពើ​ពុក​រលួយ គប្បី​ពិនិត្យ​មន្ទីរពេទ្យ​នេះ ពីព្រោះ​មាន​អ្នក​ជំងឺ​ក្រីក្រ​ជាច្រើន​ត្រូវ​ការ​យុត្តិធម៌។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​មន្ទីរពេទ្យ​កាល់ម៉ែត លោក ឈៀង រ៉ា និង​ប្រធាន​ផ្នែក​រដ្ឋបាល​ជាច្រើន​លើក​ច្រើន​សា នៅ​តែ​គ្មាន​ការ​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​១៨ កញ្ញា។

ប៉ុន្តែ បុគ្គលិក​ផ្នែក​រដ្ឋបាល​ក្នុង​មន្ទីរពេទ្យ​នេះ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត មិន​ប្រកាន់​អ្នក​មាន ឬ​អ្នក​ក្រ​ទេ។ ចំពោះ​អ្នក​បង់​ប្រាក់ និង​អ្នក​មិន​បង់​ប្រាក់ គឺ​ព្យាបាល​ដូច​គ្នា ពោល គឺ​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ពីព្រោះ​សុទ្ធ​តែ​ជា​ខ្មែរ។ បុគ្គលិក​ដដែល​បន្ត​ថា ករណី​ខ្លះ​អាច​មាន​ស្លាប់ ដោយសារ​តែ​ជំងឺ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ដឹង​ពី​ស្ថានភាព​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ ឃើញ​តែ​សភាព​ខាង​ក្រៅ​ថា​ប្រសើរ ដល់​ពេល​អ្នក​ជំងឺ​ស្លាប់ ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​គ្រូពេទ្យ៖ «អាច​តាម​ដាន​អាការៈ​ជំងឺ​របស់​គាត់ ប្រសិន​បើ​គាត់​ទន់​ហើយ ឬ​យ៉ាង​ម៉េច​ហើយ។ ពេល​ខ្លះ​អា​ហ្នឹង​បង​ធ្លាប់​ឃើញ​ទេ​ណា៎ ពេល​ខ្លះ​អ្នក​ជំងឺ​ខ្លះ គាត់​មើល​ឃើញ​ថា​ស្រួល ប៉ុន្តែ​តាម​ពិត​ខាង​ក្នុង​គាត់​មិន​មែន​ស្រួល​ទេ។ អ្នក​ជំងឺ​ខ្លះ​មើល​ថា​ទន់ ប៉ុន្តែ​ពេល​ខ្លះ​គាត់​អាច​មាន​កម្លាំង​ឡើង​វិញ។ អា​ហ្នឹង​អាស្រ័យ​លើ​អ្នក​ជំងឺ។ ហើយ​ទទួល​បាន​ហើយ​ថា​ក្នុង​មន្ទីរពេទ្យ​យើង​បាន​ព្យាបាល​អី​ហើយ ប៉ុន្តែ​អាការៈ​ថា​មក​ពី​ខាង​កំពង់ចាម ថា​គាត់​គ្រុន​ឈាម។ គ្រុន​ឈាម អូន​ដឹង​ហើយ​ថា បើ​សិន​ជា​លើស​ចំនួន​ថ្ងៃ​របស់​គេ វា​មាន​គ្រោះ​ថ្នាក់ ឬ​មួយ​គាត់​ទុក​ដល់​ថ្ងៃ​ទី​ប៉ុន្មាន? កម្រិត​ទី​ម៉ាន​ដែល​គាត់​មក​ដល់​មន្ទីរពេទ្យ​ធំ»

ប្រភព​ដដែល​បន្ថែម​ថា គ្មាន​មន្ទីរពេទ្យ​ណា ឬ​គ្រូពេទ្យ​ណា​ចង់​ឱ្យ​អ្នក​ជំងឺ​របស់​ខ្លួន​ស្លាប់​ឡើយ ហើយ​កន្លង​មក ក៏​មិន​ដែល​មាន​ការ​ចោទ​ប្រកាន់​ដូច​នេះ​ទេ។ ចំណែក​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ គឺ​វា​ជា​រឿង​មិន​ត្រឹមត្រូវ និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់ ព្រោះ​គ្រូពេទ្យ​ទាំងអស់​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ជួយ​ជីវិត​អ្នក​ជំងឺ​ឡើយ៖ «គ្រូពេទ្យ​មួយៗ​គាត់​ព្យាយាម​ព្យាបាល​អ្នក​ជំងឺ​អស់​ពី​សមត្ថភាព​របស់​គាត់។ ទោះ​បី​ជា​ស្លាប់ ឬ​ក៏​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​អស់​ពី​សមត្ថភាព​របស់​គ្រូពេទ្យ។ ហើយ​ក្នុង​ខណៈ​ថា​ស្លាប់ អាច​អាការៈ​របស់​គាត់​ទន់​ហើយ ឬ​ក៏​ជំងឺ​របស់​គាត់​ធ្ងន់ធ្ងរ​ហ្នឹង​ជា​អាការៈ​របស់​បុគ្គល​មួយៗ​ណា៎! ប្រសិន​បើ​និយាយ​ពី​បច្ចេកទេស​របស់​ពេទ្យ គេ​ព្យាបាល​អស់​ពី​សមត្ថភាព​របស់​គេ​ហើយ។ ចា៎! អ្នក​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ម៉េច​ក៏ដោយ គ្រូពេទ្យ​អត់​មាន​ទាមទារ​រក​អី​ផ្សេង​ទៀត​ទេ គឺ​មុខ​ជំនាញ​របស់​គាត់​ព្យាបាល​អ្នក​ជំងឺ»

ប្រសិន​បើ​មាន​អ្នក​ជំងឺ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ គេ​តែង​ចេញ​នូវ​លិខិត​មរណភាព​ឱ្យ ដោយ​ក្នុង​លិខិត​មរណៈ​នោះ គឺ​មាន​បញ្ជាក់​ពី​អាការៈ​អ្នក​ស្លាប់ ព្រោះ​បើ​គ្មាន​លិខិត​នេះ​ទេ គឺ​គេ​មិន​អាច​យក​សព​ទៅ​បូជា ឬ​បញ្ចុះ​បាន​ឡើយ ប៉ុន្តែ​ខាង​គ្រួសារ​សព អ្នកស្រី រុន គឹមស្រេន អះអាង​ថា ខាង​មន្ទីរពេទ្យ​មិន​បាន​ចេញ​លិខិត​មរណៈ​នោះ​ឱ្យ​ឡើយ វា​ហាក់​មាន​ចេតនា​បិទ​បាំង​ចំពោះ​ការ​ស្លាប់​នេះ។ យ៉ាង​ណា​ក៏ដោយ បុគ្គលិក​ផ្នែក​រដ្ឋបាល​រូប​នោះ នឹង​សាកសួរ​ទៅ​ខាង​បច្ចេកទេស​បន្ថែម​ទៀត ជុំវិញ​ករណី​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា កន្លង​មក គឺ​មាន​ការ​ត្អូញត្អែរ​ចំពោះ​មន្ទីរពេទ្យ​មួយ​នេះ​ពី​សំណាក់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់ រួម​ទាំង​គ្រួសារ​លោក​ផង។ លោក​បន្ត​ថា កន្លង​មក មន្ទីរពេទ្យ​នេះ​ហាក់​គិត​រឿង​ប្រាក់​ច្រើន​ជាង​រឿង​ជីវិត ដែល​វា​ធ្វើ​ឱ្យ​ខុស​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ពីព្រោះ​គ្រូពេទ្យ គឺ​ជា​ឪពុក​ម្ដាយ​ទី​ពីរ​របស់​មនុស្ស តែ​បើ​ឪពុក​ម្ដាយ​គិត​តែ​ប្រាក់​ហើយ​នោះ ជីវិត​មនុស្ស​នឹង​ត្រូវ​រលាយ។ លើស​នេះ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ​ដែល​ក្រីក្រ គឺ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

លោក នាង សុវ៉ាត៖ «វា​រំលោភ​ដល់​សិទ្ធិ​មនុស្ស​ដែល​ជា​សិទ្ធិ​ទទួល​បាន​សុខភាព​ស្មើ​គ្នា វា​រំលោភ​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ណាស់។ ព័ត៌មាន​នេះ​ត្រូវ​តែ​ចាត់​ការ​ជា​បន្ទាន់ បើ​មិន​ចាត់​ការ​ជា​បន្ទាន់​ទេ គោល​នយោបាយ​កែ​ទម្រង់​ប្រឆាំង​អំពើ​ពុក​រលួយ​ណា​គេ​ជឿ។ បើ​មាន​រឿង​អាសូរ​មាន​រឿង​នៅ​ស្ទឹងត្រែង រតនគិរី រឿង​នៅ​កាល់ម៉ែត រឿង​នៅ​ភ្នំពេញ។ គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ គណៈកម្មាធិការ​កើត​ក្រោយ​នៅ​ភ្នំពេញ​ហ្នឹង​ដែរ​តា! រឿង​អី​បាន​អត់​ធ្វើ ហើយ​បើ​ធ្វើ​មិន​បាន​ទេ ចប់​ហើយ កែ​ទម្រង់​ទៀត​នោះ​កែ​ទម្រង់​អី​ក៏​គេ​អត់​ជឿ​ដែរ»

លោក​បន្ថែម​ថា បញ្ហា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​មួយ​ភាគ​ធំ តែង​តែ​ទៅ​មើល​ជំងឺ​របស់​ខ្លួន​នៅ​ប្រទេស​ក្រៅ ជា​ជាង​ជឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ស្រុក​របស់​រដ្ឋ ដែល​តែង​តែ​មាន​អំពើ​ពុក​រលួយ រួម​និង​ការ​រិះគន់​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​ប្រើ​សម្ដី​មិន​សមរម្យ​ចំពោះ​អ្នក​ជំងឺ ជាដើម។ លោក​បញ្ជាក់​ថា ក្នុង​ច្បាប់​បាន​ចែង​ថា ប្រជាពលរដ្ឋ​អាច​ប្ដឹង​ទៅ​អង្គការ​រដ្ឋ ឬ​អង្គការ​សង្គម ឬ​បុគ្គលិក​នៃ​អង្គការ​ទាំង​នោះ​បាន។ ដូច្នេះ ខាង​គ្រួសារ​សព​ក៏​អាច​ប្ដឹង​ទៅ​មន្ទីរពេទ្យ​នេះ ដើម្បី​ទាមទារ​សំណង និង​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។