ពលរដ្ឋខេត្តស្វាយរៀង ត្អូញត្អែរផ្លូវលំក្រាលខ្សាច់សមួយខ្សែ គឺផ្លូវលេខ១០ ពីទីរួមខេត្តស្វាយរៀង ឆ្ពោះទៅទីរួមស្រុករមាសហែក ចម្ងាយប្រហែល ៤០គីឡូម៉ែត្រខូចខាត និងមានដីហុយខ្លាំង។
ការត្អូញត្អែរនេះ ដោយសារតែពលរដ្ឋរស់នៅតាមដងផ្លូវ រួមទាំងអ្នកធ្វើចរាចរ កំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែធូលីដីហុយខ្លាំង។ ក្រុមពលរដ្ឋនៅតំបន់នោះអះអាងថា កូនចៅរបស់គាត់មានជំងឺផ្លូវដង្ហើម រលាកសួត ទំនងជាមកពីធូលីដីនេះ។
ពលរដ្ឋរស់នៅស្រុកចំនួន៣ គឺស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក អំពាវនាវឲ្យរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជួយជួសជុលផ្លូវខូចខាត ធ្វើឲ្យដីហុយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងអ្នកធ្វើដំណើរឆ្លងកាត់។
ពលរដ្ឋចាត់ទុកថា បញ្ហាដីហុយខ្លាំងនេះបង្កជាគុណវិបត្តិធ្ងន់ធ្ងរ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យប្រឡាក់សម្លៀកបំពាក់ និងប្រឈមបញ្ហាសុខភាព ជាដើម។
ពលរដ្ឋមានទីលំនៅជាប់ផ្លូវនេះក្នុងស្រុកស្វាយជ្រំ រួមទាំងស្រុករមាសហែក បារម្ភដូចៗគ្នាថា បើរដ្ឋាភិបាលមិនកសាងផ្លូវនេះទេ នឹងបង្កផលប៉ះពាល់ដល់ជីវិតរស់នៅពលរដ្ឋរាប់ពាន់នាក់ ដែលធ្វើដំណើរ រួមទាំងសិស្សានុសិស្សទៅសាលារៀងរាល់ថ្ងៃ៖ «ម៉ូតូឡានអីហ្នឹងមកពីក្រោយបុកគ្នាទៅ បើមិនគ្របទេមិនបាច់ហូបទេ ហុយពេញលើចាន»។
ពលរដ្ឋរស់នៅឃុំមុខដា ស្រុករមាសហែក មានទីលំនៅជាប់ផ្លូវនេះ លោក មាស សាន ថ្លែងថា នៅពេលមានរថយន្តធ្វើដំណើរម្តងៗ ធូលីដីហុយចូលផ្ទះលោកដូចជាប្រឡាក់ចានឆ្នាំង ភួយ ខ្នើយ រួមទាំងសម្ភារៈនៅក្នុងផ្ទះ ជាដើម។ លោកបន្តថា អ្វីដែលលោកបារម្ភចម្បងនោះ គឺកូនៗរបស់លោកដែលកំពុងសិក្សា ធ្វើដំណើរទៅសាលាឆ្ងាយជាង ២គីឡូម៉ែត្រពីផ្ទះ ធ្វើដំណើររាល់ថ្ងៃ មួយថ្ងៃៗប្រឡាក់ធូលីដី។

សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោក ស៊ុំ ម៉ារ៉ា ឲ្យដឹងនៅថ្ងៃទី៣១ ឧសភា ថា មុនបោះឆ្នោត តំណាងរាស្ត្រក្រុមប្រឹក្សាទាំងអស់ បានអនុម័តរួចរាល់ហើយក្នុងការកសាងផ្លូវនេះ ដែលជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្តែមុនពេលបោះឆ្នោតជាតិនៅឆ្នាំ២០១៣ បែរជាអាជ្ញាធរខេត្តអះអាងថា ផ្លូវនេះធ្វើដោយគណបក្សកាន់អំណាចទៅវិញ។ លោកបន្តថា គម្រោងត្រូវបានអាក់ខានអំឡុងពេលដែលសំឡេងឆ្នោតគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ប្រហាក់ប្រហែលគ្នា។ បន្ថែមពីលើនេះទៀត លោកអំពាវនាវឲ្យក្រុមបណ្ដាគណបក្សនយោបាយទាំងអស់ ចូលរួមអភិវឌ្ឍប្រទេសជាតិកុំប្រកាន់បក្សនយោបាយ៖ «ខ្ញុំនឹងជំរុញទៅគណៈអភិបាលស្រុក ដើម្បីឲ្យជួយកសាងផ្លូវមិនមែនមានតែផ្លូវហ្នឹងមួយទេ»។
ក្រុមប្រជាពលរដ្ឋអះអាងថា ផ្លូវនេះមានធូលីដីហុយខ្លាំងតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលមិនទាន់មានគម្រោងធ្វើនៅឡើយ។
ពលរដ្ឋម្នាក់ឈ្មោះ យឹម សារិន លើកឡើងថា ធូលីដីនេះបណ្ដាលឲ្យកូនរបស់លោកមានជំងឺរលាកទងសួតធ្ងន់ធ្ងរ៖ «ដេកចឹងផ្ទះជិតថ្នល់ ដល់ចឹងដីហ្នឹងហុយចូលច្រមុះ នៅក្នុងមុង ក៏អាដីហ្នឹងហុយចូលដែរ បានប្រហែលជា ៦ខែកន្លះមកពិនិត្យពេទ្យ គេថារលាកទងសួត ពិនិត្យដង្ហើមមិនថា តែកូនខ្ញុំមានកូនអ្នកជិតៗខ្ញុំក៏រលាកទាំងអស់គ្នាដែរ»។
ទាក់ទិនបញ្ហានេះ លោកវេជ្ជបណ្ឌិត សុខ សោភ័ណ្ឌ មានប្រសាសន៍ថា ធូលីដីប៉ះពាល់ដល់ផ្លូវដង្ហើម និងសួត ដែលបណ្ដាលឲ្យមានជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើម ជាដើម។ លោកបារម្ភថា កុមារប្រឈមសុខភាពធ្ងន់ធ្ងរជាងមនុស្សចាស់ នៅពេលដែលស្រូបធូលីដីនេះ៖ «ពិសេសក្មេងហ្នឹងហ្មង អាសួតហ្នឹង វានៅខ្ចីវាអ៊ីចឹង បើកាលណាបឺតចូលវាធ្វើឲ្យរលាក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីអភិបាលខេត្តស្វាយរៀង លោក ជៀង អំ បានទេនៅថ្ងៃទី៣១ ឧសភា។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសីលធម៌សង្គម លោក ប៉ូ សំណាង ចាត់ទុកករណីនេះថា ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលត្រូវធានាការរស់នៅរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «កុំទុកចោលទាល់តែផ្លូវហ្នឹងវាខូច ទៅជាបឹងទៅជាក្រឡុក ហើយតាំងនាំគ្នាចេះមួយចេះពីរ ឡានធំឡានអី»។
ក្រុមប្រឹក្សាស្រុកស្វាយជ្រំ អះអាងថា ផ្លូវលេខ១០ ចាប់ពីសង្កាត់ចេក ក្រុងស្វាយរៀង ឆ្ពោះទៅស្រុករមាសហែក មានពលរដ្ឋរស់នៅចំនួន ៣ឃុំ ក្នុងស្រុកស្វាយជ្រំ ដូចជា ឃុំពោធិ៍រាជ ឃុំធ្លក និងឃុំដូនស។ ចំណែកពលរដ្ឋរស់នៅស្រុករំដួល មានឃុំធ្មា ដោយឡែកស្រុករមាសហែក មានឃុំចំនួន៨ ដែលពលរដ្ឋតែងតែធ្វើដំណើរលើផ្លូវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
