បញ្ហា​មិន​គ្រប់​លក្ខណៈ​របស់​កុមារ

0:00 / 0:00

មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស (CARITAS) ប្រារព្ធ​ទិវា​ផ្សព្វផ្សាយ​អូទីស្សឹម ពិភពលោក (World Autism Awareness Day) (បញ្ហា​មិន​គ្រប់​លក្ខណៈ​របស់​កុមារ) ដល់​គរុ​និស្សិត​ជិត ៥០០​នាក់ នា​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៣។ បញ្ហា​អូទីស្សឹម ត្រូវ​បាន​អ្នក​ជំនាញ​ឱ្យ​ដឹង​ថា កំពុង​មាន​ចំនួន​ច្រើន​លើ​ពិភពលោក​សព្វ​ថ្ងៃ​នេះ។

អូទីស្សឹម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ចាត់​ទុក​ថា​ជា​ពិការ​ភាព​ផ្នែក​ការ​អភិវឌ្ឍ​របស់​កុមារ​ពី​កំណើត ដែល​តែង​តែ​លេច​ចេញ​នូវ​អាកប្បកិរិយា​ដដែលៗ និង​មាន​ចំណាប់​អារម្មណ៍​ជាក់លាក់ ចម្លែក​ខុស​ពី​កុមារ​ដទៃ។ កុមារ​មាន​បញ្ហា​អូទីស្សឹម មិន​ចូលរួម​លេង​សើច ឬ​មិន​ចាប់​អារម្មណ៍​ជាមួយ​អ្នក​ដទៃ​ទេ។ សញ្ញា​នៃ​បញ្ហា​នេះ អាច​ប្រែប្រួល​ពី​ស្រាល​ទៅ​ធ្ងន់ ហើយ​អាច​កត់​សម្គាល់​បាន​អាយុ​រវាង ២ ទៅ ៣​ឆ្នាំ។

ការ​ប្រារព្ធ​ទិវា​ផ្សព្វផ្សាយ​អូទីស្សឹម ពិភពលោក លើក​ទី៤ នៅ​ក្នុង​ឆ្នាំ​២០១៣ គឺ​ផ្ដោត​លើ​ប្រធាន​បទ "បង្កើត​ឱ្យ​មាន​ភាព​វិជ្ជមាន​ដល់​កុមារ​អូទីស្សឹម" ដែល​លើ​ការ​អប់រំ​សម្រាប់​ពួក​គេ។

ក្នុង​ពេល​ថ្លែង​បើក​ការ​ប្រារព្ធ​ទិវា​ផ្សព្វផ្សាយ​នេះ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន នា​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស លោក​វេជ្ជបណ្ឌិត ប៊ូមី កុមារ (Bhoomi Kumar) ពន្យល់​ថា បញ្ហា​អូទីស្សឹម មិន​មែន​ជា​ជំងឺ​ខួរ​ក្បាល​វិកល​ចរិត​ទេ គឺ​គ្រាន់​តែ​ជា​ការ​បាត់​បង់​ចំណុច​ខ្លះ​នៃ​ខួរ​ក្បាល។

លោក​វេជ្ជបណ្ឌិត ប៊ូមី កុមារ៖ «ពួក​គេ​មាន​បញ្ហា​នៅ​ក្នុង​ខួរ​ក្បាល​ផ្នែក​ប្រព័ន្ធ​មួយ ទាក់ទង​នឹង​ការ​កត់​សម្គាល់​អារម្មណ៍ ឬ​ក៏​មើល​មុខ​អ្នក​ដែល​នៅ​ជុំវិញ​គេ គឺ​គេ​មាន​បញ្ហា​ហ្នឹង។ អ៊ីចឹង កុមារ​អូទីស្សឹម គឺ​វា​អត់​ចូល​ចិត្ត​មើល​មុខ​អ្នក​ផ្សេង អ្នក​ដែល​នៅ​ជុំវិញ​គេ​ទេ ហើយ​ពួក​គេ​រៀន​សូត្រ​បាន ស្វែង​យល់​ច្រើន​តាម​រយៈ​រូបភាព​ជាង​ប្រើ​ពាក្យ​សម្ដី»

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​សិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​នេះ មាន​អត្រា​កុមារ​អូទីស្សឹម កាន់​តែ​ច្រើន​ឡើងៗ គឺ​ក្នុង​ចំណោម​កុមារ ៥០​នាក់ មាន​ម្នាក់​មាន​បញ្ហា​អូទីស្សឹម ដែល​ពី​មុន​ធ្លាប់​មាន​ម្នាក់​ក្នុង​ចំណោម ៣០០​នាក់។ នៅ​ប្រទេស​កម្ពុជា វិញ មិន​ទាន់​មាន​តួលេខ​នៅ​ឡើយ​ទេ៖ «ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង អត់​ទាន់​មាន​ការ​ស្រាវជ្រាវ​ទាក់ទង​ពី​អត្រា​កុមារ​អូទីស្សឹម ហ្នឹង នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​កុមារ​ជាច្រើន​ដែល​មក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ​យើង​មាន​ការ​កើន​ឡើង​ដែរ»

នៅ​ប្រទេស​កម្ពុជា បញ្ហា​នេះ​ហាក់​នៅ​ថ្មី ហើយ​មិន​ទាន់​មាន​តួលេខ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​ចូលរួម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​អូទីស្សឹម ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង​សង្គម ទាំង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ក្រុម​គ្រួសារ​ឪពុក​ម្ដាយ សហគមន៍ អាច​ជួយ​ដល់​កុមារ​ឱ្យ​មាន​ការ​ចូលរួម និង​អភិវឌ្ឍន៍​ជីវិត​បាន​លទ្ធផល​ល្អ​ប្រសើរ។

បើ​ទោះ​ជា​បញ្ហា​នេះ​ជា​ប្រធាន​បទ​ថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា ក៏ដោយ ក៏​នៅ​ក្នុង​ពិធី​ចូលរួម​ប្រារព្ធ​ទិវា​ផ្សព្វផ្សាយ​អូទីស្សឹម ពិភពលោក​នេះ មាន​ឪពុក​ម្ដាយ​កុមារ​មាន​បញ្ហា​អូទីស្សឹម មួយ​ចំនួន បាន​ទទួល​ស្គាល់​ថា ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ផ្ដល់​ការ​អប់រំ​ពិសេស​ដល់​កុមារ​ទាំង​នេះ ពិត​ជា​បាន​ទទួល​លទ្ធផល​ល្អ​សម្រាប់​កូន​ពួក​គាត់​មែន ហើយ​ពួក​គាត់​ទាំង​នោះ​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​អូទីស្សឹម ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។