មានមនុស្សប្រមាណ ១.៥០០នាក់ នាំគ្នាប្រារព្ធធ្វើទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមនឹងទិវាគ្រុនចាញ់ពិភពលោកឆ្នាំ២០១៣ ក្រោមប្រធានបទ "វិនិយោគក្នុងអនាគត ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់"។
ប្រទេសកម្ពុជា ទទួលបានការកោតសរសើរ ដែលបានកាត់បន្ថយអត្រាជំងឺគ្រុនចាញ់បានច្រើនជាងការរំពឹងទុក។
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមនឹងទិវាគ្រុនចាញ់ពិភពលោក ដែលប្រារព្ធធ្វើនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ នេះ ត្រូវបានចូលរួមជាអន្តរជាតិ ដោយម្ចាស់ក្សត្រី អាស្ទ្រីដ (Astrid) នៃប្រទេសបែលហ្ស៊ិក (Belgium) ដែលជាតំណាងពិសេសនៃភាពជាដៃគូកាត់បន្ថយជំងឺគ្រុនចាញ់របស់អង្គការសហប្រជាជាតិ ព្រមទាំងរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត ច ម៉េងជួ។
ទាំងលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងលោកវេជ្ជបណ្ឌិត ច ម៉េងជួ ថ្លែងឱ្យដឹងក្នុងទិវានេះថា អត្រាជំងឺគ្រុនចាញ់ នៅក្នុងប្រទេសកម្ពុជា បានថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០០០ និង២០១០។ លោកវេជ្ជបណ្ឌិត ច ម៉េងជួ បញ្ជាក់ទៀតថា ប្រទេសកម្ពុជា មានផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា បានថយចុះ ៦២% ខណៈដែលអត្រាជំងឺគ្រុនចាញ់សកលលោកចំនួន ៩៩ប្រទេស បានថយចុះបានត្រឹមតែ ២៥%។ នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ២ឆ្នាំ គឺឆ្នាំ២០១១ និងឆ្នាំ២០១២ ជំងឺគ្រុនចាញ់បានថយចុះពាក់កណ្ដាល។
ម្ចាស់ក្សត្រី អាស្ទ្រីដ ទ្រង់មានព្រះសវនីយ៍កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានធ្វើឱ្យតួលេខជំងឺគ្រុនចាញ់ថយចុះគួរឱ្យកត់សម្គាល់។
ម្ចាស់ក្សត្រី អាស្ទ្រីដ ទ្រង់មានព្រះសវនីយ៍បន្តថា ការចូលរួមកាត់បន្ថយជំងឺគ្រុនចាញ់ គឺជាការចូលរួមអភិវឌ្ឍន៍សហគមន៍ ព្រោះបញ្ហាសុខភាពជាឧបសគ្គចំពោះការអភិវឌ្ឍនានា។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត ហ្ស៊ីន យុងស៊ូ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានបង្កើតប្រព័ន្ធតាមដានបានល្អ ហើយធ្វើឱ្យពលរដ្ឋយល់ដឹង និងមកជួសឈាមរកមេរោគគ្រុនចាញ់កាន់តែច្រើន។
ភ្នាក់ងារស្ម័គ្រចិត្តតាមភូមិមួយរូប គឺអ្នកស្រី ប៊ូ សុំ ថ្លែងថា នៅក្នុងតំបន់របស់អ្នកស្រីសឹងតែគ្មានជំងឺគ្រុនចាញ់ ពីព្រោះអ្នកភូមិបានយល់ដឹងច្រើនអំពីវិធីការពារ និងប្រើប្រាស់មុងជ្រលក់ថ្នាំការពារគ្រប់គ្នា។
លោកវេជ្ជបណ្ឌិតថ្លែងថា បើទោះជាកម្ពុជា បានធ្វើឱ្យតួលេខជំងឺគ្រុនចាញ់ថយចុះយ៉ាងនេះក្ដី ក៏ប្រទេសកម្ពុជា នៅមិនទាន់ចាកផុតពីជំងឺនេះដែរ ហើយតួលេខថយចុះពាក់កណ្ដាលនេះ នៅតែជាតួលេខខ្ពស់នៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់អាស៊ីបូព៌ា។ ដូច្នេះ កម្ពុជា នឹងអនុវត្តយុទ្ធសាស្ត្រទី១ បង្កើនភ្នាក់ងារស្ម័គ្រចិត្តតាមភូមិពីចំនួន ៣.២០០នាក់ ឱ្យទៅដល់ចំនួន ៨.០០០នាក់នៅឆ្នាំ២០១៥ ជួសឈាមពិនិត្យតាមដានឡើងវិញនៅថ្ងៃទី៧ និងថ្ងៃទី២៨ បន្ទាប់លេបថ្នាំព្យាបាល ហើយនិងការផ្ដល់គ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពការងារនេះ។ ទី២ នឹងសិក្សាលើជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ដែលអាចលាប់ឡើងវិញ។

មួយទៀត គឺក្រសួងសុខាភិបាលកម្ពុជា នឹងពង្រីកដៃគូដែលធ្វើការប្រយុទ្ធជំងឺគ្រុនចាញ់ទាំងវិស័យឯកជន និងសាធារណៈ។
បណ្ដាញដៃគូកាត់បន្ថយជំងឺគ្រុនចាញ់របស់អង្គការសហប្រជាជាតិ ឈ្មោះ រ៉ូលបេក ម៉ាឡារៀ ផាតនឺសឹប (Roll Back Malaria Partnership = RBM) តំណាងដោយម្ចាស់ក្សត្រី អាស្ទ្រីដ នៃប្រទេសបែលហ្ស៊ិក បង្ហាញតួលេខថា បើទោះជាមានភាពជឿនលឿននៅក្នុងឆ្នាំថ្មីៗនេះក្ដី ក៏នៅតែមានមនុស្សប្រមាណ ២១៩លាននាក់ កើតជំងឺគ្រុនចាញ់ ហើយសម្លាប់មនុស្សជាង ៦៥ម៉ឺននាក់នៅវិញពិភពលោកជារៀងរាល់ឆ្នាំ។ បណ្ដាញនេះ បានទទូចដល់ប្រទេសអាស៊ានឱ្យបង្កើនការវិនិយោគ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
