យុវជន និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត

ដោយ ខែ សុណង
2014.10.11
យុវជន​និង​ផ្លូវ​ចិត្ត ៦២០ យុវជន​ចូលរួម​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​លើក​ទី​២ នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Khe Sonorng

យុវជន និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត គឺ​ជា​ប្រធានបទ​មួយ​ដែល​មនុស្ស​ជាច្រើន​កំពុង​រស់នៅ​ក្នុង​សង្គម​កម្ពុជា មាន​ក្ដី​បារម្ភ។ វិបត្តិ​សុខភាព​ផ្លូវ​ចិត្ត បាន​នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ឆ្គង​នានា ដូចជា ការ​ធ្វើ​អត្តឃាត ជាដើម។

អ្នក​សិក្សា​ផ្នែក​ចិត្ត​វិទ្យា បាន​កត់​សម្គាល់​ថា យុវជន​មាន​ការ​យល់​ដឹង​តិចតួច​ពី​សុខភាព​ផ្លូវ​ចិត្ត។ សាស្ត្រាចារ្យ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្រៀន និង​ធ្វើ​ការ​ក្នុង​វិស័យ​សុខភាព​ផ្លូវ​ចិត្ត បាន​រៀបចំ​ឲ្យ​យុវជន​ប្រមាណ ១.៥០០​នាក់ ទទួល​បាន​ការ​យល់​ដឹង​តាម​រយៈ​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​លើក​ទី​២ នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

ស្ថានភាព​ផ្លូវ​ចិត្ត​កាន់​តែ​តានតឹង បាន​នាំ​ឲ្យ​យុវជន​យុវនារី​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ តាម​រយៈ​ការ​សម្រេច​ចិត្ត​ធ្វើ​ផ្ដេសផ្ដាស ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​ចង​ក លោត​ទឹក លោត​ពី​លើ​អគារ អារ​ដៃ​សម្រក់​ឈាម និង​លេប​ថ្នាំ​សម្លាប់​ខ្លួន ថែម​ទាំង​បាន​ថត​រូប​បង្ហោះ​តាម​បណ្ដាញ​សង្គម​ទៀត​ក៏​មាន។ ទាំង​នេះ គឺ​ដោយសារ​របួស​ផ្លូវ​ចិត្ត ខ្វះ​អ្នក​ប្រឹក្សា​យោបល់ និង​ខ្វះ​ព័ត៌មាន​អំពី​ដំណោះស្រាយ។

សាស្ត្រាចារ្យ​ចិត្ត​វិទ្យា និង​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក កៅ សុវណ្ណតារា មាន​ប្រសាសន៍​នៅ​ក្នុង​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​លើក​ទី​២​ថា យុវជន គឺ​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ដែល​ទាមទារ​ឲ្យ​មាន​ភាព​រឹងមាំ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ លោក​ថា បញ្ហា​ស្នេហា បញ្ហា​គ្រួសារ បញ្ហា​ការ​សិក្សា ឬ​ភាព​អត់​ការងារ​ធ្វើ​ជាដើម ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ជំងឺ​នេះ។ ប៉ុន្តែ​លោក​ថា ទិវា​នេះ​នឹង​ផ្ដល់​ដំណោះស្រាយ​ឲ្យ​យុវជន​យល់​ថា តើ​អ្វី​ទៅ​ជា​សុខភាព​ផ្លូវ​ចិត្ត ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​វិធី​ណា និង​រក​សេវា​ព្យាបាល​នៅ​កន្លែង​ណា។

លោក កៅ សុវណ្ណតារា៖ «បញ្ហា​ផ្លូវ​ចិត្ត គឺ​ជា​ភាព​អសមត្ថភាព​ក្នុង​ការ​គិត ក្នុង​ការ​ពិចារណា ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​គាត់​ធ្លាប់​តែ​ធ្វើ​បាន​ដោយ​ងាយ គាត់​ធ្វើ​លែង​បាន ការ​គិត​របស់​គាត់​ច្របូក​ច្របល់ ពីព្រោះ​កាល​ណា​និយាយ​ពី​បញ្ហា​ផ្លូវ​ចិត្ត វា​មាន​តាម​ប្រភេទ​ករណី​ជំងឺ។ ដំបូង​បំផុត​គេ​ហៅ​ថា​កម្រិត​ស្រាល គឺ​ស្ត្រេស (Stress) ភាព​តានតឹង​ចិត្ត​គិត​នេះ​បន្តិច​គិត​នុះ​បន្តិច មាន​ភាព​ច្របូក​ច្របល់​ពេញ​ហ្នឹង។ កាល​ណា​យើង​មាន​ស្ត្រេស​យូរៗ​ទៅ វា​វិវឌ្ឍ​ទៅ​ជា​ជំងឺ​ថប់​បារម្ភ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា ចាប់​ផ្ដើម​ភ័យ​ខ្លាច​ខ្លួន​ឯង ខ្លាច​ស្លាប់​អ៊ីចឹង​មក។ ដល់​ពេល​ផុត​ពី​ជំងឺ​ថប់​បារម្ភ អ្នក​ខ្លះ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត អត់​គិត​អ្វី​ដែល​ល្អ​ទេ គិត​អាក្រក់ ហើយ​ចង់​តែ​ស្លាប់​វិញ។ អ្នក​ខ្លះ​អាច​ហូបៗ​ពេក ឬ​អត់​ហូប​សោះ ការ​គេង​អ្នក​ខ្លះ​គិត​តែ​គេង ឬ​អ្នក​ខ្លះ​អត់​គេង​សោះ»

យុវជន​ជាច្រើន​រយ​នាក់​បាន​ឈរ​តម្រង់​ជា​ជួរ​ចូល​ទៅ​ក្នុង​អគារ​មួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាំង​ពី​ព្រឹក​ព្រលឹម ដើម្បី​ចូលរួម​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។ អ្នក​រៀបចំ​កម្មវិធី​បាន​ចែក​អាវ​យឺត និង​អាហារ​សម្រន់​ជូន​ពួក​គេ។

យុវជន​មួយ​រូប​ដែល​បាន​ចូល​ទៅ​ដល់​សាល​ប្រជុំ និង​បាន​ពាក់​អាវ​យឺត​នោះ​រួច​ជា​ស្រេច គឺ​យុវជន ប៊ុន បូរ៉ា និស្សិត​ផ្នែក​សង្គមវិទ្យា ឆ្នាំ​ទី​៤ បាន​ថ្លែង​ថា គាត់​ចង់​ទទួល​បាន​ការ​ចែក​រំលែក​ពី​សិស្ស​ប្អូន និង​សិស្ស​ច្បង​ដែល​រៀន​ផ្នែក​សង្គម​វិទ្យា និង​ចិត្ត​វិទ្យា ស្រប​ពេល​ដែល​យុវជន​ក្នុង​ពេល​បច្ចុប្បន្ន​មិន​សូវ​យល់​ច្បាស់​ពី​បញ្ហា​ផ្លូវ​ចិត្ត ដែល​តោង​ឲ្យ​ពួក​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​រឿង​សំខាន់៖ «តាម​មើល​ទៅ​រឿង​ហ្នឹង គឺ​ជា​រឿង​សំខាន់​បង នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​សតិ​អារម្មណ៍​របស់​គាត់​មាន​បញ្ហា ហើយ​អត់​មាន​អ្នក​ផ្ដល់​ប្រឹក្សា​ទៅ​ឲ្យ​គាត់​ទេ អាច​ធ្វើ​ឲ្យ​គាត់​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ដែល​ខុស​នឹង​ច្បាប់ អាច​ថា​គាត់​ទៅ​លោត​ពី​លើ​អគារ​ទៅ​សម្លាប់​ខ្លួន ទៅ​អារ​ដៃ​អ៊ីចឹង​ទៅ ដោយសារ​គាត់​អត់​បាន​ប្រឹក្សា ហើយ​អត់​បាន​យល់​រឿង​ហ្នឹង​ច្បាស់ អ៊ីចឹង​ហើយ​អត់​មាន​អ្នក​ផ្ដល់​ដំបូន្មាន​ថា​ដើរ​ផ្លូវ​នេះ​ល្អ ផ្លូវ​នេះ​មិន​ល្អ​អ៊ីចឹង​ទៅ»

ក្នុង​វ័យ ២២​ឆ្នាំ ជា​និស្សិត​សិក្សា​ផ្នែក​គីមី​វិទ្យា យុវតី ម៉ែន ស៊ីណាត ដែល​កំពុង​អង្គុយ​ជជែក​ជាមួយ​មិត្តភ័ក្ដិ​ស្រីៗ​របស់​នាង​មួយ​ក្រុម បាន​ថ្លែង​ថា នៅ​ពេល​ជួប​បញ្ហា​តានតឹង​ផ្សេងៗ​នៅ​ក្នុង​ចិត្ត នាង​តែង​តែ​លើក​យក​បញ្ហា​នោះ​ទៅ​ពិភាក្សា​ជាមួយ​មិត្តភ័ក្ដិ ឪពុក​ម្ដាយ ឬ​ដើរ​កម្សាន្ត​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​របស់​ខ្លួន​មួយ​គ្រា៖ «ព្រោះ​អី​ខ្ញុំ​ក៏​ជា​យុវជន​ម្នាក់​ដែរ ដូច្នេះ​ខ្ញុំ​ចង់​ដឹង​ថា​តើ​យើង​ជា​យុវជន​ហ្នឹង​ត្រូវ​រៀបចំ​ផ្លូវ​ចិត្ត​ម៉េច? បើ​សិន​ជា​យើង​មាន​បញ្ហា​អី យើង​ត្រូវ​ពិគ្រោះ​ជាមួយ​នរណា​គេ? បើ​សិន​ជា​យើង​មក​កម្មវិធី​នេះ យើង​អាច​ដឹង​ថា ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​បន្ទប់​ណា​គេ​អាច​ផ្ដល់​ជា​យោបល់​ខាង​ផ្លូវ​ចិត្ត​ឲ្យ​យើង ព្រោះ​អី​ការ​សិក្សា​របស់​ខ្ញុំ ជួន​កាល​ក៏​មាន​ការ​លំបាក​អ៊ីចឹង​ទៅ។ បើ​យើង​ស្ត្រេស​ខ្លាំង​ពេក យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​ធ្វើ​ម៉េច​ដើម្បី​ជួយ​កាត់​បន្ថយ​ស្ត្រេស​របស់​យើង ដើម្បី​ឲ្យ​ការ​សិក្សា​របស់​យើង​កាន់​តែ​រលូន​ទៅ។ កាល​ណា​យើង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ហើយ ការងារ​អ្វី​ដែល​យើង​ធ្វើ​ទាំងអស់ គឺ​វា​អត់​អាច​សម្រេច​បាន​ទេ ព្រោះ​យើង​រវល់​តែ​មាន​បញ្ហា។ ផ្លូវ​ចិត្ត​សំខាន់​ជាង​ផ្លូវ​កាយ​ទៀត តែ​ផ្លូវ​ចិត្ត​មាន​បញ្ហា ផ្លូវ​កាយ​របស់​យើង​ក៏​អត់​អាច​ទៅ​មុខ​បាន​ដែរ»

អ្នក​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ ហៅ​កាត់​ថា ធីភីអូ (TPO) លោក ស៊ាង លាប ដែល​បាន​សហការ​រៀបចំ​កម្មវិធី​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​កត់​សម្គាល់​ថា យុវជន​មាន​តិចតួច​បំផុត​ដែល​ស្វែងរក​សេវា​ប្រឹក្សា​យោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត។ លោក​ថា ក្នុង​សម័យ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ ជាពិសេស​ហ្វេសប៊ុក (Facebook) យុវជន​បាន​យក​វិធី​មួយ​នេះ​បញ្ចេញ​អារម្មណ៍​តានតឹង ឬ​កំហឹង​របស់​ពួក​គេ។ ម្យ៉ាង​ទៀត យុវជន​នៅ​ខ្វះ​ព័ត៌មាន​ពី​សេវា​ប្រឹក្សា​យោបល់ ឬ​ព្យាបាល។ ក៏ប៉ុន្តែ មាន​ការ​បញ្ជូន​មក​ដល់ ធីភីអូ ពី​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​ពួក​គេ​មាន​កម្រិត​ធ្ងន់​រួច​ទៅ​ហើយ។ លោក ស៊ាង លាប បាន​ផ្ដល់​ដំណោះស្រាយ​តាម​រយៈ​បច្ចេកទេស​សម្រាល​ចិត្ត​កាយ​មួយ​ចំនួន​ដូចជា អ្នក​មាន​បញ្ហា​អាច​ទៅ​លំហែ​កាយ ហាត់​ប្រាណ ទៅ​កន្លែង​ម៉ាស្សា​បែប​វិជ្ជាជីវៈ ជាដើម នោះ​នឹង​ជួយ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្ត​របស់​ពួក​គេ​បាន​ធូរ​ស្រាល។

លោក ស៊ាង លាប៖ «នៅ​ក្នុង​ផ្នែក​ចិត្ត​សាស្ត្រ​គេ​ហៅ​ថា​បច្ចេកទេស​សម្រាល​ចិត្ត​កាយ ដែល​អាច​ជួយ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្ត​បាន​ធូរ​ស្រាល​ដែរ ដូចជា មាន​លំហាត់​ដក​ដង្ហើម លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់ៗ។ លំហាត់​ដក​ដង្ហើម ជាទូទៅ​នៅ​ពេល​ដែល​មនុស្ស​យើង​មាន​បញ្ហា យើង​មាន​ផ្លាស់​ប្ដូរ​ផ្នែក​ខ្យល់​ដង្ហើម ជាទូទៅ​យើង​ដក​ត្រឹម​តែ​ទ្រូង​ទេ ដក​ទៅ​រង្គើ​ស្មា​មាន​ន័យ​ថា យើង​ដក​បច្ចេកទេស ដើម្បី​ឲ្យ​ដក​ត្រូវ​បច្ចេកទេស​មាន​ន័យ​ថា ឲ្យ​ខ្យល់​ចូល​ដល់​ពោះ។ ពោះ​ប៉ោង​ពោះ​ផត។ យើង​ផ្ចង់​អារម្មណ៍​លើ​ដង្ហើម​ចេញ​ចូល​របស់​យើង ដើម្បី​សម្រួល​ខ្យល់​ដង្ហើម​របស់​យើង ព្រោះ​ពេល​ដែល​ដង្ហើម​យើង​ផ្លាស់​ប្ដូរ វា​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ បញ្ហា​សន្ធប់​ខ្លាំង យើង​អស់​ថាមពល​ក្នុង​ការ​ទប់ទល់ ប៉ុន្តែ​ពេល​យើង​សម្រួល​ខ្លួន​ទៅ ថាមពល​យើង​នឹង​មាន​ឡើង​វិញ»

យ៉ាង​ណា​មិញ លោក​សាស្ត្រាចារ្យ កៅ សុវណ្ណតារា មាន​ទស្សនៈ​ថា អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត ពុំ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​មាន​បញ្ហា​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម​មាន​ការ​រើសអើង​ចំពោះ​អ្នក​ដែល​ស្វែងរក​សេវា​ព្យាបាល​នេះ។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ទាំងអស់ ហ៊ាន​ចូលរួម និង​បញ្ចេញ​សមត្ថភាព​ខ្លួន​ឯង​ក្នុង​ការ​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត កុំ​វាយ​តម្លៃ​ថា​អ្នក​ជំងឺ​ជា​មនុស្ស​វិកល​ចរិត។

លោក កៅ សុវណ្ណតារា៖ «យុវជន​គាត់​នៅ​មាន​ផ្នត់​គំនិត​មួយ​ថា កាល​ណា​គាត់​គិត​ថា​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​គាត់​ឆ្កួត។ មិន​មែន​ឆ្កួត​ទេ នៅ​ណា​មាន​បញ្ហា​ផ្លូវ​ចិត្ត គឺ​នៅ​ពេល​មាន​ដំណាក់​កាល​នៃ​ភាព​តានតឹង គាត់​ពិបាក​ចិត្ត គាត់​គិត​ច្រើន​ធ្វើ​អី​មិន​បាន អា​ហ្នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ហើយ។ កាល​ណា​ឆ្កួត លុះត្រា​តែ​លែង​ដឹង​អី​សោះ​ហ្មង​បាន​ឆ្កួត។ គាត់​អត់​ហ៊ាន​ទៅ​រក​សេវា ដោយសារ​ពេល​ដែល​គាត់​ទៅ​ខ្លាច​គេ​ថា​អូ​អា​នេះ​ចូល​ទៅ​កន្លែង​ប្រឹក្សា​ផ្លូវ​ចិត្ត គេ​ថា​គាត់​ឆ្កួត។ យើង​លើក​ទឹក​ចិត្ត​ថា គាត់​កុំ​មាន​ការ​យល់​ច្រឡំ​បែប​ហ្នឹង គាត់​អាច​ទៅ​រក​សេវា​ព្យាបាល​ផ្លូវ​ចិត្ត​បាន ពេល​ដែល​គាត់​ត្រូវ​ការ ហើយ​កុំ​មាន​ភាព​ខ្មាសអៀន។ សំណូមពរ​ឲ្យ​ប្រជាជន​ទាំងអស់​កុំ​រើស​អើង»

ការ​រៀបចំ​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​នេះ អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​សេវា​សុខភាព​ផ្លូវ​ចិត្ត ក៏​បាន​តាំង​ពិព័រណ៍​សម្រាប់​ឲ្យ​យុវជន​ដើរ​ទស្សនា និង​ណែនាំ​ពី​ទីកន្លែង​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​ផង​ដែរ។

«សំឡេង​ក្នុង​សាល​ពិព័រណ៍»

នេះ​ជា​ការ​រៀបចំ​ទិវា​សុខភាព​ផ្លូវ​ចិត្ត និង​យុវជន​លើក​ទី​២​ហើយ​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៣ មាន​យុវជន​ប្រមាណ ១.៣០០​នាក់ បាន​ចូលរួម​ទិវា​នេះ។ ការ​ប្រារព្ធ​ទិវា​លើក​ទី​១ និង​លើក​ទី​២ មាន​អង្គការ​ជាង​១០ សហការ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​អាល្លឺម៉ង់ ហៅ​កាត់​ថា ជី​អាយ​ហ្សិត (GIZ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។