កម្មករ ២០នាក់នៅរោងចក្រកាត់ដេរ ឈ្មោះ សាន់ស្តូន (Sunstone Garment) ស្ថិតនៅក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល បន្ទាប់ពីពួកគេដួលសន្លប់នៅព្រឹកថ្ងៃទី៩ កុម្ភៈ។
កម្មករនៅរោងចក្រកាត់ដេរ សាន់ស្តូន ដែលត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល ឱ្យដឹងថា ពួកគាត់ដួលសន្លប់បន្តបន្ទាប់គ្នាពេលធ្វើការបានប្រហែលមួយម៉ោង នៅព្រឹកថ្ងៃទី៩ កុម្ភៈ។
កម្មការិនីឈ្មោះ ជីប ស្រេង ថ្លែងថា ការដួលសន្លប់នេះ កើតឡើងនៅម៉ោងប្រហែល ៨ព្រឹក ហើយកញ្ញាមិនដឹងមូលហេតុច្បាស់លាស់ទេ។ ប៉ុន្តែកញ្ញាធំក្លិនឈ្ងៀមស្រដៀងគ្នានឹងក្លិនឆេះម៉ាស៊ីនពេលចូលទៅធ្វើការនោះ៖ «មុនដំបូងវាធុំក្លិន ធុំក្លិនទៅខ្ញុំរាងវិលមុខ ចុកដើមទ្រូង។ ខ្ញុំដេរខោបានមួយ ខ្ញុំងើបមកក្រោយរកប្រេងកូឡាហិត ហិតហើយទៅតែម្ដង។ ពេលគេបញ្ជូនមកពេទ្យនេះបានដឹងខ្លួនគេដាក់សេរ៉ូម»។
កម្មការិនីម្នាក់ទៀតឈ្មោះ ឆាន ចន្ធី ឱ្យដឹងថា រោងចក្រនេះមិនមានបាញ់ថ្នាំសម្លាប់សត្វល្អិតទេ ប៉ុន្តែក្លិនឈ្ងៀមជ័រ៖ «ពេលហ្នឹងខ្ញុំរាងធុំក្លិនឈ្ងៀមជ័រ គេចំហុយពុម្ព ដែលគេកាត់ពុម្ពដេរនោះ ឈឺក្បាល ហើយត្រជាក់ដៃជើង សន្លប់»។
នាយសាលរងផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យខេត្តកណ្ដាល វេជ្ជបណ្ឌិត ហ៊ឹម សុភន់ បញ្ជាក់ថា ក្រុមកម្មករសន្លប់ ដែលលោកបានទទួលព្យាបាលទាំងនេះ មានអាការសន្លឹម ឬសន្លប់ ខ្លះទៀតតឹងទ្រូង និងថប់ៗដង្ហើម។ លោកព្យាបាលដោយវិធីសង្គ្រោះបន្ទាន់ ដាក់អុកស៊ីហ្សែន (Oxygen) និងពិនិត្យឈាមរកមូលហេតុ។
លោកវេជ្ជបណ្ឌិត ហ៊ឹម សុភន់ ឱ្យដឹងថា កាលពីថ្ងៃទី៨ កុម្ភៈ លោកបានទទួលព្យាបាលកម្មករចំនួន ១៥នាក់ នៃរោងចក្រសាន់ស្តូន ម្ដងហើយក្នុងករណីសន្លប់ដូចគ្នានេះ។ លទ្ធផលឈាមបង្ហាញថា អ្នកសន្លប់ទាំងនោះមួយចំនួនតូចមានបញ្ហាខ្វះជាតិស្ករ និងកាល់ស្យូម៖ «រកឃើញជួនកាល ១០នាក់ឃើញ ២ ឬ ៣នាក់ខ្វះកាល់ស្យូមតិចតួច។ អាហ្នឹងជួនកាលធ្វើយប់អត់ងងុយ ដេកមិនគ្រប់គ្រាន់ និងការហូបចុកត្បិតត្បៀត។ អ៊ីចឹងវាអាចខ្វះហើយ។ បើយើងហូបឱ្យឆ្អែតៗ ហើយសម្រាកពេញៗ ភ្នែក អត់អីវិញទេ។ ក្រៅពីហ្នឹងរកហេតុផលមិនឃើញ។ ជួនកាលអារម្មណ៍ឃើញមួយដួល ដួលទ្រេលទាំងអស់ដូចដបអ៊ីចឹង ឃើញមួយដួលដួលដែរអ៊ីចឹងទៅ។ ប៉ុន្តែភាគច្រើនរកអត់ឃើញអីទេ»។
ចំពោះករណីកម្មករដួលសន្លប់ចំនួន ២០នាក់ នៅថ្ងៃទី៩ ខែកុម្ភៈ លោកនៅរង់ចាំលទ្ធផលពិនិត្យឈាមពីមន្ទីរពិសោធន៍នៅឡើយ ព្រោះអ្នកសន្លប់មានចំនួនច្រើន។ វេជ្ជបណ្ឌិត ហ៊ឹម សុភន់ ថ្លែងថា ករណីសន្លប់បែបនេះ អ្នកជំងឺអាចបានធូរស្បើយវិញ ក្នុងរយៈពេលពី ៣ ទៅ ៤ម៉ោងបន្ទាប់ពីការព្យាបាល។ ចំពោះអ្នកដែលមានអាការធ្ងន់ធ្ងរ អាចបានធូរស្បើយវិញក្នុងរយៈពេល ៨ម៉ោង។ រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែល កម្មករសន្លប់ប្រហែលពាក់កណ្ដាល បានធូរស្បើយវិលត្រឡប់ទៅផ្ទះវិញហើយ។
ទាក់ទងនឹងបញ្ហាកម្មករសន្លប់នេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរកការបញ្ជាក់ពីមន្ត្រីរោងចក្រ សាន់ស្តូន បានទេ នៅថ្ងៃទី៩ ខែកុម្ភៈ។
ដោយឡែកកម្មការិនីឈ្មោះ វ៉ាន់ ស្រីរ៉ែន ជាមេក្រុមផ្នែកដេរ នៃរោងចក្រសាន់ស្តូន នេះ ថ្លែងពេលដឹងខ្លួនវិញថា អ្នកស្រីបាត់ស្មារតីបន្ទាប់ពីឃើញកូនក្រុមមួយចំនួនសន្លប់។ អ្នកស្រីបញ្ជាក់ថា នៅកន្លែងធ្វើការមានបរិយាកាសល្អទេ ប៉ុន្តែការសន្លប់អាចបណ្ដាលមកពីការភ័យតគ្នា៖ «មកពីម្សិលមិញមានក្លិនតិចតួច។ ដល់ពេលក្លិនហ្នឹងសន្លប់ម្នាក់ហើយ បបួលគ្នាចេញពីរោងចក្រអស់ហើយ។ ពេលឃើញម្នាក់ហ្នឹងសន្លប់ ហើយចេះតែភ័យ ចេះតែសន្លប់តាមគ្នាអ៊ីចឹងទៅ។ ពេលព្រលឹមឡើងអត់មានបញ្ហាអីផង ស្រាប់តែខ្ញុំកំពុងតែបង្រៀនកូនចៅ ស្រាប់តែឃើញគេសន្លប់មួយ មួយហើយមួយទៀតតាមគ្នាអ៊ីចឹងទៅ។ គេឱ្យចេញក្រៅមកអស់ដែរ។ តែសន្លប់នៅក្រៅ ឃើញគ្នាសន្លប់ចេះតែសន្លប់។ អត់មានបញ្ហាអីទេព្រឹកមិញហ្នឹងនោះ។ តាមការពិតអត់អីទេ។ រោងចក្រគេហ្នឹងស្អាត»។
ករណីកម្មករសន្លប់ នៅពេលបំពេញការងារក្នុងរោងចក្រ តែងកើតមានជារឿយៗ។ ទោះជាយ៉ាងនេះក្ដី បេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាស្ថាប័នធានាដល់កម្មករពេលមានគ្រោះថ្នាក់ការងារ បង្ហាញរបាយការណ៍នៅពាក់កណ្ដាលខែមករា ថា ករណីរោងចក្រដែលមានកម្មករសន្លប់បានថយចុះ នៅក្នុងឆ្នាំ២០១៥ បើធៀបនឹងឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
