មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បើកការស៊ើបអង្កេតករណីគ្រូពេទ្យនៃគ្លីនិកសម្រាកព្យាបាល និងសម្ភព សុខ វិសាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងការចោទប្រកាន់ថា ព្យាបាលអ្នកជំងឺខុសបច្ចេកទេសបណ្ដាលឲ្យទាយិកាម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា កន្លងទៅ។
មន្ត្រីការពារសិទ្ធិមនុស្សបញ្ជាក់ថា មូលហេតុដែលបើកការស៊ើបអង្កេតនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារសាច់ញាតិជុំវិញរឿងទារកអាយុ ៤ខែដែលបានស្លាប់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រតិកម្មភ្លាមៗទៅនឹងការធ្វើឲ្យកុមារម្នាក់ស្លាប់នេះ ដោយជំរុញឲ្យគ្លីនិកសម្រាកព្យាបាលជំងឺ សុខ វិសាល ក្រុងប៉ោយប៉ែត ត្រូវតែទទួលខុសត្រូវ ប្រសិនបើស៊ើបអង្កេតរកឃើញថា ពិតជាជាកំហុសរបស់គ្រូពេទ្យ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា ថា ការស្លាប់ទារកនៅក្រុងប៉ោយប៉ែត នេះ អាចជាការធ្វេសប្រហែសមួយរបស់គ្រូពេទ្យ ដែលខ្វះការយកចិត្តទុកដាក់ក្នុងការព្យាបាលដល់អ្នកជំងឺ ពីព្រោះអ្នកជំងឺទៅដល់មន្ទីរព្យាបាលនោះមានសកម្មភាពធម្មតា ដែលមិនគួរណាស្លាប់ភ្លាមៗនោះទេ។
លោកបញ្ជាក់ថា សមាគមការពារសិទ្ធិមនុស្សអាដហុក នឹងស៊ើបអង្កេតរកការពិតជាក់ស្ដែង ដើម្បីផ្ដល់យុត្តិធម៌ដល់ឪពុកម្ដាយរបស់ទារកដែលបានស្លាប់ក្នុងពេលព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ វិសាល ក្រុងប៉ោយប៉ែត នោះហើយ៖ «ព្រោះគ្រូពេទ្យគឺជាអាវុធមួយ ព្យាបាលមនុស្សផង និងក៏អាចសម្លាប់មនុស្សបានដែរ។ ដូច្នេះ ប្រសិនជាគ្រូពេទ្យព្យាបាលមិនយកចិត្តទុកដាក់ដល់អ្នកជំងឺទេ នោះប្រជាពលរដ្ឋ និងរងគ្រោះថ្នាក់ដល់អាយុជីវិតជាពុំខាន»។
ទាក់ទងនឹងបញ្ហានេះដែរ ម្ដាយទារកដែលស្លាប់ គឺអ្នកស្រី សាយ ចាន់ថន រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងថា កាលពីយប់ថ្ងៃទី១១ ខែកញ្ញា កន្លងទៅនោះ កូនរបស់អ្នកស្រីអាយុប្រមាណ ៤ខែ មានអាការៈហើមពោះ មិនបៅដោះនោះទេ ទើបអ្នកស្រីនាំកូនទៅព្យាបាលនៅគ្លីនិក សម្រាកព្យាបាល និងសម្ភព សុខ វិសាល ក្រុងប៉ោយប៉ែត។
អ្នកស្រីអះអាងថា នៅគ្រានោះ គ្រូពេទ្យបានពិនិត្យសុខភាពកូនរបស់អ្នកស្រី និងបានព្យាបាលដោយការបន្តក់ថ្នាំចំនួន ៥តំណក់ ហើយឲ្យត្រឡប់ទៅផ្ទះវិញទាំងយប់អធ្រាត្រ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីត្រឡប់ទៅដល់ផ្ទះប្រមាណ ១ម៉ោង កូនរបស់ខ្លួនមានអាការៈកាន់តែធ្ងន់ឡើង រហូតដាច់ខ្យល់ស្លាប់ខណៈនាំកូនទៅមន្ទីរពេទ្យសាជាថ្មី៖ «គ្រូពេទ្យគាត់បញ្ជាឲ្យខ្ញុំបន្តក់ថ្នាំកូនរបស់ខ្ញុំ មួយថ្ងៃចំនួន ៥ដង ដោយម្ដងចំនួន ៥ដំណក់ ដែលធ្វើឲ្យលើសចំណុះ ហើយប្រតិកម្មថ្នាំស្លាប់កូនរបស់ខ្ញុំ»។
ឆ្លើយតបនឹងបញ្ហានេះ ម្ចាស់គ្លីនិកសម្រាកព្យាបាល និងសម្ភព សុខ វិសាល លោក នូវ គឹមស្រេង មានប្រសាសន៍ថា ទារកដែលស្លាប់នោះពុំមែនជាកំហុសរបស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ វិសាល នោះទេ។ លោកបញ្ជាក់ថា គ្រូពេទ្យបានឲ្យថ្នាំព្យាបាលដល់អ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងគិតពីសុវត្ថិភាពអាយុជីវិតរបស់មនុស្សខ្ពស់បំផុត៖ «ទាយិកាដែលស្លាប់នោះ ពុំមែនបណ្ដាលមកពីគ្រូពេទ្យឲ្យបន្តក់ថ្នាំលើសកម្រិត ហើយប្រតិកម្មថ្នាំស្លាប់នោះទេ»។
ទោះយ៉ាងនេះក្ដី មន្ត្រីការពារមនុស្សអាដហុក ឲ្យដឹងថា បន្ទាប់ពីធ្វើការស៊ើបអង្កេតជុំវិញករណីនេះហើយ ប្រសិនបើរកឃើញថា មន្ទីរសម្រាកព្យាបាលបានប្រព្រឹត្តខុស ដោយព្យាបាលអ្នកជំងឺស្លាប់មែន និងបញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ជៀសវាងកុំឲ្យគ្រូពេទ្យព្យាបាលអ្នកជំងឺស្លាប់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
