យុទ្ធនាការ​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ រួម​នឹង​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ធ្វើ​យុទ្ធនាការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ នៅ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៣។

0:00 / 0:00

យុទ្ធនាការ​នេះ ជា​ការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ថ្នាំជក់ ដែល​មាន​ទិសដៅ​បំបាត់​ការ​ជក់​បារី ដើម្បី​លើក​កម្ពស់​សុខភាព​ពលរដ្ឋ។

សកម្មភាព​ក្នុង​យុទ្ធនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៣ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សហ​អ្នក​ច្បាប់ និង​យុវជន​កាយរឹទ្ធិ ជិត ៣០​នាក់ ចុះ​ពន្យល់​អ្នក​លក់​ដូរ​បារី តាម​ហាង​មួយ​ចំនួន ក្នុង​ខណ្ឌ​ដូនពេញ អំពី​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នានា ដែល​ទាក់ទាញ​ដល់​អ្នក​បារី។ ក្រៅ​ពី​ការ​ពន្យល់​អំពី​អនុក្រឹត្យ ក្រុម​អាជ្ញាធរ​ខណ្ឌ​បាន​ហែក​ចោល និង​រឹបអូស​យក​រាល់​ស្លាក​សញ្ញា​ទាំង​ឡាយ​ណា​ដែល​ផ្សាយ​អំពី​គុណភាព​បារី។

អនុ​ប្រធាន​ផ្នែក​អន្តរ​វិស័យ​នៃ​សាលា​រាជធានី​ភ្នំពេញ អ្នកស្រី ច័ន្ទ សុគន្ធា ណែនាំ​ដល់​អ្នក​លក់​បារី​ថា ការ​តាំង​លក់​បារី គឺ​អនុញ្ញាត​បាន​តែ​មួយ​កញ្ចប់​ទេ​ក្នុង​ម៉ាក​បារី​មួយ​មុខ ដោយ​មិន​ឱ្យ​មាន​ស្លាក​ផ្សព្វផ្សាយ​ទេ។

អ្នក​លក់​បារី​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ថ្លែង​ថា ពួក​គាត់​មិន​ទោមនស្ស​នឹង​ការ​បំផ្លាញ​ចោល​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ទាំង​នោះ​ទេ ហើយ​គាត់​គាំទ្រ​ចំពោះ​គោល​បំណង​នៃ​ចលនា​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់​ដែល​សំដៅ​ទៅ​រក​ទីក្រុង​គ្មាន​ផ្សែង​បារី​របស់​សាលា​រាជធានី​ភ្នំពេញ។

អ្នក​ដូរ​លុយ​ម្នាក់​ដែល​មាន​លក់​បារី​ផង គឺ​លោកស្រី សេង លីដា មាន​ប្រសាសន៍​ថា លោក​ស្រី​ក៏​មិន​ចង់​ឱ្យ​មាន​ការ​តាំង​លក់​បារី​ច្រើន​ដែរ។

ដើម្បី​ចូលរួម​កិច្ច​ប្រឹងប្រែង​ជា​សកល ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់ និង​ជា​ការ​គាំទ្រ​ដល់​មាត្រា ១៣ នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ចេញ​អនុក្រឹត្យ​មួយ ស្ដីពី​វិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១។

នាយក​ក្រុម​មេធាវី អេស.ខេ អែន ភី កម្ពជា (SK&P Cambodia Law Firm) គឺ​លោក​មេធាវី កែវ សុខគា ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ មាន​ប្រសាសន៍​ថា ពង្រឹង​បន្ថែម​លើ​ការអនុវត្ត​អនុក្រឹត្យ ស្ដីពី​វិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់។

អភិបាល​រង​ខណ្ឌ​ដូនពេញ យស យុទ្ធី មាន​ប្រសាសន៍​ថា យុទ្ធនាការ​ដូច​គ្នា​នេះ ធ្លាប់​បាន​ធ្វើ​ជា​ច្រើន​លើក​មក​ហើយ នៅ​ក្នុង​ខណ្ឌ​ដូនពេញ។

អ្នក​ប្រឆាំង​ថ្នាំជក់​រក​ឃើញ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី បាន​ទាក់ទាញ​កុមារ យុវជន និង​ស្ត្រី ឱ្យ​សាក​ល្បង​ជក់​បារី ដែល​នាំ​ទៅ​រក​ការ​ញៀន​បារី ព្រម​ទាំង​ជំរុញ​អ្នក​ជក់​បារី​ឱ្យ​បន្ត​ជក់​ជា​រៀង​រហូត។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា ថ្នាំជក់​បណ្ដាល​ឱ្យ​អ្នក​ប្រើប្រាស់​ស្លាប់ ៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក។ នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ជិត ១​ម៉ឺន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំជក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។