យុទ្ធនាការនេះ ជាការអនុវត្តអនុក្រឹត្យស្ដីពីថ្នាំជក់ ដែលមានទិសដៅបំបាត់ការជក់បារី ដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ។
សកម្មភាពក្នុងយុទ្ធនាការនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ មន្ត្រីសាលារាជធានីភ្នំពេញ សហអ្នកច្បាប់ និងយុវជនកាយរឹទ្ធិ ជិត ៣០នាក់ ចុះពន្យល់អ្នកលក់ដូរបារី តាមហាងមួយចំនួន ក្នុងខណ្ឌដូនពេញ អំពីអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នានា ដែលទាក់ទាញដល់អ្នកបារី។ ក្រៅពីការពន្យល់អំពីអនុក្រឹត្យ ក្រុមអាជ្ញាធរខណ្ឌបានហែកចោល និងរឹបអូសយករាល់ស្លាកសញ្ញាទាំងឡាយណាដែលផ្សាយអំពីគុណភាពបារី។
អនុប្រធានផ្នែកអន្តរវិស័យនៃសាលារាជធានីភ្នំពេញ អ្នកស្រី ច័ន្ទ សុគន្ធា ណែនាំដល់អ្នកលក់បារីថា ការតាំងលក់បារី គឺអនុញ្ញាតបានតែមួយកញ្ចប់ទេក្នុងម៉ាកបារីមួយមុខ ដោយមិនឱ្យមានស្លាកផ្សព្វផ្សាយទេ។
អ្នកលក់បារីនៅក្នុងសង្កាត់វត្តភ្នំ ថ្លែងថា ពួកគាត់មិនទោមនស្សនឹងការបំផ្លាញចោលស្លាកសញ្ញាផ្សព្វផ្សាយទាំងនោះទេ ហើយគាត់គាំទ្រចំពោះគោលបំណងនៃចលនាប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ដែលសំដៅទៅរកទីក្រុងគ្មានផ្សែងបារីរបស់សាលារាជធានីភ្នំពេញ។
អ្នកដូរលុយម្នាក់ដែលមានលក់បារីផង គឺលោកស្រី សេង លីដា មានប្រសាសន៍ថា លោកស្រីក៏មិនចង់ឱ្យមានការតាំងលក់បារីច្រើនដែរ។
ដើម្បីចូលរួមកិច្ចប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងជាការគាំទ្រដល់មាត្រា ១៣ នៃអនុសញ្ញាអន្តរជាតិ ស្ដីពីការត្រួតពិនិត្យថ្នាំជក់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យមួយ ស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ កាលពីខែកុម្ភៈ ឆ្នាំ២០១១។
នាយកក្រុមមេធាវី អេស.ខេ អែន ភី កម្ពជា (SK&P Cambodia Law Firm) គឺលោកមេធាវី កែវ សុខគា ដែលចូលរួមក្នុងយុទ្ធនាការនេះ មានប្រសាសន៍ថា ពង្រឹងបន្ថែមលើការអនុវត្តអនុក្រឹត្យ ស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។
អភិបាលរងខណ្ឌដូនពេញ យស យុទ្ធី មានប្រសាសន៍ថា យុទ្ធនាការដូចគ្នានេះ ធ្លាប់បានធ្វើជាច្រើនលើកមកហើយ នៅក្នុងខណ្ឌដូនពេញ។
អ្នកប្រឆាំងថ្នាំជក់រកឃើញថា ការផ្សាយពាណិជ្ជកម្មបារី បានទាក់ទាញកុមារ យុវជន និងស្ត្រី ឱ្យសាកល្បងជក់បារី ដែលនាំទៅរកការញៀនបារី ព្រមទាំងជំរុញអ្នកជក់បារីឱ្យបន្តជក់ជារៀងរហូត។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ថ្នាំជក់បណ្ដាលឱ្យអ្នកប្រើប្រាស់ស្លាប់ ៦លាននាក់ក្នុងមួយឆ្នាំៗនៅលើពិភពលោក។ នៅប្រទេសកម្ពុជា មានមនុស្សជិត ១ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំជក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
