អ្នក​ជំនាញ​កសិកម្ម​បារម្ភ​ពី​សុខភាព​មនុស្ស​ដោយសារ​កសិករ​ប្រើប្រាស់​ជី​គីមី​និង​ថ្នាំ​ពុល

ដោយ ហង្ស សាវយុត
2015.07.28
អ្នក​ជំនាញ​កសិកម្ម ៦២០ ក្រុម​អ្នក​ជំនាញ​កសិកម្ម​របស់​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​បទដ្ឋាន​គតិយុត្តិ​ការ​ប្រើប្រាស់ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ ប៊ីស៊ីអេ (BCA) ក្នុង​វិស័យ​កសិកម្ម​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ជាមួយ​អ្នក​ជំនាញ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​រៀបចំ​ធ្វើ​វេទិកា​ថ្នាក់​ជាតិ​មួយ ស្ដីពី​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​នៅ​ក្នុង​វិស័យ​កសិកម្ម ចាប់​ពី​ថ្ងៃ​អង្គារ ទី​២៨ ដល់​ថ្ងៃ​ទី​២៩ កក្កដា។

វេទិកា​ថ្នាក់​ជាតិ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ គឺ​មាន​ក្រុម​អ្នក​ជំនាញ​មក​ពី​ច្រើន​មជ្ឈដ្ឋាន ព្រម​ទាំង​ប្រជា​កសិករ​មក​ពី​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រះវិហារ ចូលរួម។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កសិករ​ខ្មែរ​បាន​នាំ​គ្នា​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​ទៅ​លើ​ស្រូវ និង​ដំណាំ​ជាច្រើន​ប្រភេទ​ទៀត​កាន់​តែ​ច្រើន​ឡើងៗ។ ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​នៅ​តាម​ទី​វាល​កសិកម្ម​នេះ កំពុង​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខាង​ការពារ​បរិស្ថាន និង​សុវត្ថិភាព​ចំណី​អាហារ ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​សុខភាព​សាធារណៈ ដែល​ជា​អ្នក​ប្រើប្រាស់​ទូទៅ ព្រម​ទាំង​ប៉ះពាល់​ដល់​ជីវិត​សត្វ​ចម្រុះ​ទៀត​ផង។

នាយក​ការពារ​បរិស្ថាន និង​សុខភាព​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) គឺ​លោក គាម មករាឌី។ លោក​មាន​ប្រសាសន៍​ក្នុង​ពេល​ដែល​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​ជាតិ ស្ដីពី​បទដ្ឋាន​គតិយុត្តិ​ការ​ប្រើប្រាស់ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ ប៊ីស៊ីអេ (BCA) ក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កក្កដា ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង ១៥​លាន​នាក់ គឺ ៨៥% ជា​កសិករ ហើយ​ក្នុង​ចំណោម​កសិករ​ទាំង​នោះ គឺ​ពី ៧០% ទៅ ៨០% កំពុង​ធ្វើ​កសិកម្ម​ដោយ​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម។ លោក គាម មករាឌី បញ្ជាក់​ទៀត​ថា តាម​ការ​សិក្សា គឺ​រក​ឃើញ​កសិករ​ប្រមាណ​ពី ៧០%-៨០% បាន​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម​ទៅ​លើ​ស្រូវ​នៅ​រដូវ​វស្សា ចំណែកឯ​ស្រែ​ប្រាំង​វិញ គឺ​បាន​ប្រើប្រាស់​ជី​គីមី​រហូត​ដល់​ទៅ​១០០%។ មន្ត្រី​អង្គការ​ដដែល​ឲ្យ​ដឹង​ថា ទាំង​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម គឺ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​គ្នា​ដល់​អ្នក​ប្រើប្រាស់ និង​អ្នក​ទទួល​ទាន​ចំណី​អាហារ៖ «កសិករ​ដែល​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម វា​អាច​ធ្វើ​ឲ្យ​ពុល​ខ្លួន​ឯង នៅ​ពេល​ដែល​ប៉ះពាល់ ឬ​ក៏​ពេល​បាញ់​ថ្នាំ​ពុល។ នៅ​ពេល​ដែល​កាក​សំណល់​ថ្នាំ​ពុល​សល់​នៅ​លើ​ផលិតផល​ដំណាំ គឺ​អ្នក​ហូប​ប៉ះ​ត្រូវ​បើ​សិន​ជា​ថ្នាំ​ហ្នឹង​ច្រើន គឺ​វា​ធ្វើ​ឲ្យ​អ្នក​ហូប​ហ្នឹង​ពុល​រាករូស​អី»

ស្រ្តី​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី​៨ តុលា ២០០៨ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្ដល់​ប្រាក់ ៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជំនួយ​ស្បៀង​អាហារ​បន្ទាន់។
ស្រ្តី​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី​៨ តុលា ២០០៨ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្ដល់​ប្រាក់ ៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជំនួយ​ស្បៀង​អាហារ​បន្ទាន់។
Photo courtesy ADB

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ធ្វើ​កសិកម្ម​ដោយ​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​នេះ ពីព្រោះ​ថា វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ គឺ​វា​ក៏​បាន​គំរាម​កំហែង​ទៅ​ដល់​ជីវិត​សត្វ និង​បរិស្ថាន​ធម្មជាតិ​ដែរ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម លោក ប្រាក់ ជាថូ មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​ពេល​នេះ​ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ ក៏​វា​កំពុង​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​សត្វ​ដែល​មាន​ប្រយោជន៍​មួយ​ចំនួន ដូចជា​ត្រី កង្កែប ជាដើម គឺ​ងាប់​ជា​បន្តបន្ទាប់៖ «ខ្ញុំ​សូម​ជូន​យោបល់​ទៅ​ប្រជា​កសិករ​យើង សូម​ឲ្យ​ព្យាយាម​ធ្វើ​ស្រែ​ចម្ការ​យក​ចិត្ត​ទុក​ដាក់ កុំ​ឲ្យ​ព្រោះ ឬ​ក៏​ស្ទូង ហើយ​យើង​ដើរ​ចោល​ដោយ​អត់​មាន​ការ​ថែទាំ ហើយ​ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​សារជាតិ​គីមី​ហ្នឹង ក៏​សូម​ឲ្យ​កាត់​បន្ថយ»

អ្នក​ជំនាញ​ខាង​គម្រោង​កសិ​ចំណី​អាហារ​នៃ​អង្គការ ជី.អាយ.ហ្សិត (GIZ) អាល្លឺម៉ង់ លោក ក្លូឌឺស ប្រេដេហឺត (Cluadius Bredehoeft) បាន​ថ្លែង​ថា លោក​សូម​គាំទ្រ​ដល់​ក្រសួង​កសិកម្ម ក្នុង​កិច្ចការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី និង​ថ្នាំ​ពុល ហើយ​លោក​ក៏​លើក​ទឹក​ចិត្ត​កសិករ​ខ្មែរ ឲ្យ​ផលិត​ដំណាំ​ធម្មជាតិ ក្នុង​គោល​បំណង​ការពារ​សុខភាព​សាធារណៈ ការពារ​បរិស្ថាន ព្រម​ទាំង​ឲ្យ​ផលិតផល​មាន​គុណភាព​ល្អ និង​មាន​តម្លៃ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក និង​ផ្សារ​អន្តរជាតិ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។