រយៈពេលជាងបីខែ បន្ទាប់ពីរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន អាជ្ញាធរបង្ក្រាបបានជិត ៣ពាន់ករណី (២.៨៧៣ករណី) ហើយឃាត់ខ្លួនមនុស្ស ៦.៦៤៤នាក់។ អាជ្ញាធរបញ្ជាក់ថា នេះជាការកើនឡើងនូវប្រសិទ្ធភាពនៃការចុះបង្ក្រាប ហើយនឹងពង្រឹងការអនុវត្តយុទ្ធនាការបង្ក្រាបបន្ថែម។
ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៨ មេសា សារធាតុញៀនគ្រប់ប្រភេទជាង ៣០គីឡូក្រាម និងកញ្ឆាក្រៀមជាង ១០គីឡូក្រាម ត្រូវបានអាជ្ញាធរចាប់បាន។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ មេសា ថា ការបង្ក្រាបរបស់អាជ្ញាធរនេះបានជួយកាត់បន្ថយបទល្មើសនានាទាក់ទងនឹងគ្រឿងញៀន ដូចជាអំពើលួចឆក់ប្លន់។ លោកវាយតម្លៃថា លទ្ធផលនៃការបង្ក្រាបរយៈពេលជាងបីខែមកនេះ មានភាពប្រសើរឡើង៖ « ការវាយតម្លៃបឋមមានភាពល្អប្រសើរឡើង ដោយសារការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលពីមួយខែទៅមួយ ចំនួនបទល្មើសហាក់មានការថយចុះជាលំដាប់ » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនរយៈពេល ៦ខែ បន្ទាប់ពីលោកបានជួបប្រធានាធិបតីប្រទេសហ្វីលីពីន (Philippines) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ(Rodrigo Duterte) ដែលល្បីខាងបង្ក្រាបគ្រឿងញៀនកាលពីចុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
ប្រជាជនហ្វីលីពីន ប្រមាណ ៧ពាន់នាក់ ត្រូវបានអាជ្ញាធរសម្លាប់ក្នុងរយៈពេល ៧ខែ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរកម្ពុជា នឹងមិនដើរតាមគន្លងរបស់ហ្វីលីពីន នោះទេ។
កាលពីដើមខែមីនា មានបុរសម្នាក់ត្រូវបានអាជ្ញាធរកម្ពុជា បាញ់សម្លាប់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននាខេត្តតាកែវ។
ទោះជាយ៉ាងណា លោក មាស វីរិទ្ធ ថានៅពេលនេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ផ្លូវការពីការសម្លាប់ពលរដ្ឋដោយក្រុមអាជ្ញាធរ ពេលចុះបង្ក្រាបគ្រឿងញៀននៅឡើយ ក្រៅពីឮព័ត៌មាននេះតាមប្រព័ន្ធផ្សព្វផ្សាយ៖ « អត់ទាន់មានរបាយការណ៍ជាលាយលក្ខណ៍អក្សរទេ » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១ មករា ពោលរយៈពេល ៦ខែមុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់។
គ្រឿងញៀនកំពុងវាយលុក យុវជនទៅដល់ស្ទើរគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ហើយយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ ឆ្លើយតបទៅនឹងការកើនឡើងចំនួន ៣០ភាគរយនៃការប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំ២០១៦។
លោក មាស វីរិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋជាង ៦ពាន់នាក់ ដែលអាជ្ញាធរឃាត់ខ្លួនក្នុងរយៈពេលជាងបីខែមកនេះ ជាអ្នកជួញដូរ និងអ្នកប្រើប្រាស់ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីប្រភេទនៃអ្នកជួញដូរថាជាមេខ្សែបណ្ដាញធំ ឬអ្នកចែកចាយតូចនោះទេ។
អ្នកតាមដានស្នើឲ្យអាជ្ញាធរកម្ពុជា បង្ក្រាបអ្នកចែកចាយធំៗដើម្បីកម្ចាត់ការចរាចរគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។
របាយការណ៍របស់ការិយាល័យគ្រឿងញៀន និង ឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា ក្លាយជាផ្លូវឆ្លងកាត់សំខាន់នៃការជួញដូរគ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសតំបន់ត្រីកោណមាសនៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
