សមត្ថកិច្ច៖ កម្មករ​ដួល​សន្លប់​នៅ​តំបន់​សេដ្ឋកិច្ច 7NG មាន​៣៥០​នាក់

ដោយ ខែ សុណង
2015.11.21
កម្មករ​សន្លប់ កណ្ដាល ៦២០ កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ពុល​សន្លប់ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Sorn Chanratha

អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​តួលេខ​នៃ​ចំនួន​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវេន.អេន.ជី (7NG) ស្រុក​ខ្សាច់កណ្ដាល ថា​មាន​ចំនួន​អ្នក​ដួល​សន្លប់ ៣៥០​នាក់។

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា កម្មករ កម្មការិនី​ទាំង​នោះ បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ចំនួន ៤ គឺ​រោងចក្រ ទ្រីមថយ រោងចក្រ ខេមតេកាង រោងចក្រ ខេមបូនីសូល និង​រោងចក្រ​ជីនវីន ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្តាល បាន​ដួល​សន្លប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។ ប៉ុន្តែ​អគ្គស្នងការ​ពុំ​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ដួល​សន្លប់​នោះ​ទេ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា ក្រុម​ការងារ​ជំនាញ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺ​មក​ពី​ក្លិន​ថ្នាំ​គីមី​ជា​សារធាតុ​ពុល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ក្បែរ​រោងចក្រ​បាន​ប្រើប្រាស់​សម្រាប់​បាញ់​ដាក់​ក្នុង​ស្រូវ។ ប៉ុន្តែ​ក្រសួង​បាន​ដាក់​រោងចក្រ​ទាំង​នោះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល។

កម្មករ​កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​ចំនួន​ដូច​ជា រោងចក្រ​ដំបូល​ស អាគារ​ទី​១ អាគារ​ទី​៣ អាគារ​ទី​៤ អាគារ​ទី​៧ រោងចក្រ ញូអឹសសេន អ៊ីនធឺណេសិនណល និង​រោងចក្រ​ស្ដារឡៃ (Star Light) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុមហ៊ុន សេវិន.អេន.ជី ដែល​បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី បាន​ប្រាប់​ថា រោងចក្រ​ពួកគេ​មាន​កម្មករ​ប្រមាណ​ពី ៤០ ទៅ ៥០​នាក់ បាន​ដួល​សន្លប់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រែកតាមាក់ និង​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។