ជនបរទេស​១​ក្រុម​នាំ​គ្នា​ជិះ​ម៉ូតូ​ធំ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​នៅ​ទីក្រុង​សៀមរាប

0:00 / 0:00

ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​មួយ​ក្រុម​បាន​ចាត់​ទុក​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​សាច់ដុំ​ខ្ជឹប​ទឹក​នោម (Prostate Cancer) គឺ​ជា​ជំងឺ​ដ៏​កាច​​សាហាវ ដែល​កំពុង​សម្លា​ប់​មនុស្ស​ប្រមាណ ១.៣០០​នាក់​ក្នុង​មួយ​ថ្ងៃៗ នៅ​លើ​ពិភពលោក។ ដោយសារ​ភ័យខ្លាច​នឹង​ជំងឺ​នេះ ជន​បរទេស​ទាំង​នោះ ​រួម​គ្នា​ធ្វើ​​សកម្មភាព​​​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​មួយ​នេះ និង​ប្រញាប់ប្រញាល់​​ស្វែង​រក​ការ​ព្យាបាល​ឱ្យ​បាន​ឆាប់រហ័ស។

ក្រុម​ជនបរទេស​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ចំនួន ១៥​នាក់ បាន​រួម​គ្នា​ជិះ​ម៉ូតូ​ធំ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កញ្ញា ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​អ្នក​ទេសចរ​បរទេស​ផង ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម ដែល​ភាសា​អង់គ្លេស​ហៅ​ថា ប្រូស្តាត ខេនស្សឺ (Prostate cancer)។

ជនបរទេស​ដែល​រួម​គ្នា​ជិះ​ម៉ូតូ​ធំ​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ឱ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​ទាំង​នោះ មាន​មក​ពី​សហរដ្ឋអាមេរិក (Unite State) ប្រទេស​អៀរឡង់ (Ireland) ឥណ្ឌា (India) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ចក្រភព​អង់គ្លេស (England) អូស្ត្រាលី (Australia) ម៉ាឡេស៊ី (Malaysia) ប្រទេស​ស្កុតឡែន (Scotland) រួម​នឹង​កម្ពុជា ចំនួន ៣​នាក់​ផង។

​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ក្បួន​ជិះ​ម៉ូតូ​ធំ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម​នោះ គឺ​លោក ឆាលី កុមារ (Charlie Kumar)។ លោក​មាន​ប្រសាសន៍​ថា រូបលោក​នឹង​ជនបរទេស​ជា​ច្រើន​នាក់​ទៀត ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ម៉ូតូ និង​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ដូចជា​សណ្ឋាគារ​សិន្តាមុន្នី និង​សណ្ឋាគារ រ៉ាសហ្វល (Raffle) ព្រម​ទាំង​មូលនិធិ​ខ្លះ​ចេញ​ពី​ប្រអប់​សន្សំ Charlies Box ដើម្បី​រៀបចំ​ក្បួន​ជិះ​ម៉ូតូ​ធំ​ដង្ហែ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​សាច់​ដុំ​ខ្ជឹប​ទឹក​នោម​នេះ។

លោក ឆាលី កុមារ បញ្ជាក់​ទៀត​ថា ការ​ផ្ដួចផ្ដើម​គំនិត​ដើម្បី​ជិះ​ម៉ូតូ​ផ្សព្វផ្សាយ​អំពី​ជំងឺ Prostate cancer នេះ គឺ​ដោយសារ​តែ​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ដឹង និង​ស្គាល់​ពី​គ្រោះថ្នាក់​ទេ។ លោក ឆាលី កុមារ ឱ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ចំនួន​ប្រមាណ ១.៣០០​នាក់ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម ហើយ​មនុស្ស​ប្រុស​ប្រហែល​ពី ៩ ទៅ ១០​នាក់ បាន​កើត​ជំងឺ​នេះ​ក្នុង​១​ខែៗ។

លោក ឆាលី សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ខេត្ត​សៀមរាប គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​មិន​ទាន់​មាន​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ​ឱ្យ​បាន​ទូលំទូលាយ​ទេ៖ «យើង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ យ៉ាងហោចណាស់​ក្នុង​១​សប្ដាហ៍​ក៏​មាន​មនុស្ស​ម្នាក់​​បាន​ឮ និង​យល់​ដឹង​ដែរ។ ចាប់​អារម្មណ៍​ចំពោះ​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម​នេះ គឺ​ដោយសារតែ​លោក​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ហើយ​បន្ទាប់​មក​ម្ដាយ​របស់ខ្ញុំ​ក៏​ស្លាប់​ដោយសារ​តែ​ជំងឺ​មហារីក»

ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​ដង្ហែ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​នោះ ពេល​ខ្លះ​បាន​ចូល​ទៅ​តាម​សណ្ឋាគារ​មួយ​ចំនួន​ដែល​គេ​គ្រោង​ទុក និង​ពេល​ខ្លះ​គេ​ឈរ​ថ្លែង​សារ​អប់រំ​ដល់​មហាជន​នៅ​តាម​ទី​សាធារណៈ ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ស្ដីពី​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ទៅ​ឱ្យ​មហាជន​បាន​ស្វែង​យល់​ផង។

លោក ឆាលី កុមារ ចង់​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​នូវ​ការ​ពិនិត្យ​សុខភាព ព្រមទាំង​ផ្ដល់​ថ្នាំ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥត​គិត​ថ្លៃ។ លោក ឆាលី ឱ្យ​ដឹង​ថា សម្រាប់​រូប​លោក គឺ​នៅ​ក្រោយ​ពី​ការ​ជិះ​ម៉ូតូ​ផ្សព្វផ្សាយ​នេះ​ប្រហែល ២​សប្ដាហ៍ លោក​មាន​គម្រោង​ធ្វើ​គ្លីនិក​បណ្ដោះអាសន្ន​មួយ ដើម្បី​បើក​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម ហើយ​នៅ​ពេល​ដែល​រក​ឃើញ​ប្រជាពលរដ្ឋ​ណា​មាន​ជំងឺ​នេះ ប៉ុន្តែ​គ្រួសារ​របស់​គេ​ក្រីក្រ គឺ​លោក​នឹង​ស្វែង​រក​មូលនិធិ​មក​ជួយ​ព្យាបាល។

លោក អ៊ុន សាវ៉ាន់ គឺ​ជា​យុវជន​ខ្មែរ​ម្នាក់ ដែល​ចូល​រួម​ជួយ​សម្រប​សម្រួល​ដល់​ក្រុម​អ្នក​ជិះ​ម៉ូតូ​ផ្សព្វផ្សាយ​អំពី​ជំងឺ​មហារីក​នោះ មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ធ្វើ​ការងារ​សង្គម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ នេះ​ជា​លើក​ដំបូង​ដែល​លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​សុខភាព។

លោក សាវ៉ាន់ ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​ឱ្យ​យល់​ដឹង​អំពី​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ជួយ​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា៖ «សម្រាប់​ខ្ញុំ​វិញ​គិត​ថា គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្នឹង ជាពិសេស​គឺ​បុរស​តែម្ដង មិន​តែ​ទីក្រុង​ទេ ជាពិសេស​គឺ​តំបន់​ជនបទ​ដែរ»

​មន្ត្រី​ផ្នែក​សុខភាព​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន គឺ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​កំពុង​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម​នេះ ជា​ពិសេស​គឺ​មនុស្ស​ប្រុស​ដែល​មាន​វ័យ​ចំណាស់។

​គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ វលដ៍ ហ៊ែល្វ រ៉េងឃីង (World Health Ranking) ឱ្យ​ដឹង​ថា បច្ចុប្បន្ន ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​ជាង ១៥​លាន​នាក់​នោះ គឺ​មាន ២,៦៤% មាន​កើត​ជំងឺ​មហារីក​ប្រូស្តាត។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍​ថា ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម គឺ​ជា​ប្រភេទ​នៃ​ជំងឺ​មិន​ឆ្លង​នៅ​ក្នុង​ចំណោម​ជំងឺ​មួយ​ចំនួន​ទៀត ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើសឈាម និង​ជំងឺ​ផ្លូវ​ចិត្ត​ជាដើម។ ក្រសួង​សុខាភិបាល​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ទៅ​លើ​សុខភាព​សាធារណៈ​ជុំវិញ​ជំងឺ​ទាំង​ឡាយ​នេះ៖ «ជួនកាល​វា​ហើម​ក្រពេញ​ប្រូស្តាត​ហ្នឹង វា​នោម​អត់​ចេញ​ទេ ហើយ​ជួនកាល​ទាល់តែ​មាន​មេតាស្តារ​អី​ហើយ បាន​យើង​ដឹង។ មិន​មែន​ព្រួយ​បារម្ភ​តែ​រឿង​មហារីក​ប្រូស្តាត​នោះ​ទេ គឺ​ព្រួយ​បារម្ភ​រឿង​មហារីក​ទាំង​អស់​ហ្នឹង»

​លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ពន្យល់​ថា ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក៏​សាច់ដុំ​ខ្ជឹប​ទឹក​នោម គឺ​អាច​ព្យាបាល​ជា​សះ​ស្បើយ​ទៅ​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ ប្រសិនបើ​អ្នក​ជំងឺ​មក​ព្យាបាល​ទាន់​ពេល​វេលា។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​តែ​ចាប់​អារម្មណ៍​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ ហើយ​គួរ​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​មហារីក​ដើម្បី​ឱ្យ​ទទួល​បាន​ព័ត៌មាន និង​ព្យាបាល​បាន​ឆាប់រហ័ស​និង​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។