តើ​ការ​ច្របាច់​ក្បាល​សុដន់​ទារក​ទើប​នឹង​កើត​ជា​ឥរិយាបថ​ត្រឹមត្រូវ​ដែរ ឬ​ទេ?

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទារក​ដែល​ទើប​នឹង​សម្រាល​ហើយ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នា​រាជធានី​ភ្នំពេញ។
ទារក​ដែល​ទើប​នឹង​សម្រាល​ហើយ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នា​រាជធានី​ភ្នំពេញ។
Photo: RFA

ថ្វី​បើ​មាន​ការ​វិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ណា​ក្ដី មក​ទល់​នឹង​ពេល​នេះ​មាតាបិតា និង​ជីដូន​មួយ​ចំនួន នៅ​តែ​ប្រព្រឹត្ត​ឥរិយាបថ​តាម​ទំនៀមទម្លាប់ និង​ជំនឿ​តៗ​ដោយ​ច្របាច់​ក្បាល​សុដន់​របស់​ទារក​អាយុ ក្រោម ១​ខែ។

តើ​ការ​ប្រព្រឹត្ត​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ដែរ ឬ​ទេ និង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

គ្រូពេទ្យ​កុមារ និង​គ្រូពេទ្យ​ឯកទេស​សុដន់​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ទារក​ដែល​មាតាបិតា​បញ្ជូន​មក​មន្ទីរពេទ្យ​ដោយសារ​តែ​ទារក​ទាំង​នោះ​គ្រុនក្ដៅ និង​មាន​ដំបៅ​នៅ​ត្រង់​សុដន់ បន្ទាប់​ពី​មាតាបិតា ឬ​ជីដូន​ច្របាច់​ក្បាល​សុដន់​ទារក​អាយុ​ក្រោម​១​ខែ ដែល​គេ​ជឿ​ថា​កុំ​អោយ​សុដន់​ធំ​ឬ​យារ​នៅ​ពេល​ពេញ​វ័យ។

គ្រូពេទ្យ​ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា មាន​ប្រសាសន៍​ថា ជា​ទស្សនៈ​យល់​ច្រឡំ​មួយ​ដែល​មនុស្ស​ចាស់​ធ្វើ​ត​គ្នា​ពី​បុរាណ​មក ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​អាច​ប្រកែក បាន​ទោះ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក៏ដោយ។ លោក​បន្ត​ថា គ្មាន​ការ​សិក្សា​ណា​មួយ​ដែល​បញ្ជាក់​ថា សុដន់​ធំ ឬ​យារ​នៅ​ពេល​ពេញ​វ័យ​ដោយសារ​មិន​បាន​ច្របាច់​យក​គ្រាប់​ចេញ​នៅ​ពេល​ជា​ទារក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទម្រង់​ប្រែប្រួល​នៅ​ពេល​មនុស្ស​ពេញ​វ័យ​គឺ​អាស្រ័យ​ទៅ​លើ​តំណពូជ។ ម្យ៉ាង​វិញ​ទៀត​ឥរិយាបថ​នៃ​ការ​ប្រព្រឹត្ត​បែប​នេះ​បាន​ផ្ដល់​ផល​លំបាក​ដល់​ទារក ដែល​នាំ​ឲ្យ​ទារក​គ្រុន​ក្ដៅ មាន​ហើម​នៅ​លើ​សុដន់ និង​រហូត​ដល់​ឡើង​ដំបៅ​ដែល​ឈាន​ទៅ​ដល់​ការ​វះកាត់​ជាដើម៖ «»។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​ទៀត​ថា ការ​ច្របាច់​ក្បាល​សុដន់​នេះ​នាំ​ឲ្យ​ដាច់​រលាត់​សាច់​រហូត​ដល់​ឈាម​ក៏​មាន។ ករណី​នេះ​ដោយសារ​មេរោគ​ឆ្លង​តាម​រយៈ​ដៃ​មិន​ស្អាត ឆ្លង​ទៅ​តាម​ឈាម នាំ​ឲ្យ​មាន​មេរោគ​នៅ​ក្នុង​ឈាម​ឆ្លង​ទៅ​ជា​ជំងឺ​ផ្សេងៗ ពិបាក​ព្យាបាល ព្រោះ​មេរោគ​នេះ​នឹង​ទៅ​ប៉ះ​ដល់​ទី​ណា​នោះ​នឹង​ឆ្លង​ដល់​កន្លែង​នោះ៖ «»។

មន្ត្រី​ចូលនិវត្តន៍​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​សិក្សា​ឯកទេស​សុដន់​ពី​ប្រទេស​បារាំង អ្នកស្រី​វេជ្ជបណ្ឌិត ជូ ពិន ឆ្លើយ​តប​ថា មាតា​បិតា​មិន​គួរ​គប្បី​ធ្វើ​អ្វី​លើ​ទារក​ហួស​ពី​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ឡើយ។ អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​សម្រាល​ហើយ​គ្រូពេទ្យ​បាន​តាមដាន​លើ​អវយវៈ សំខាន់​៤ គឺ​ឆ្អឹង​បង្ហើយ ផ្ចិត ប្រដាប់​បន្ត​ពូជ និង​ស្បែក។ អ្នកស្រី​ផ្ដល់​ឱវាទ​ថា ការ​ច្របាច់​ក្បាល​សុដន់​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ទៅ​លើ​សរីរាង្គ​សុដន់​ដែល​កំពុង​ដំណើរការ​លូតលាស់ ការវិវឌ្ឍន៍​នៃ​សុដន់ និង​នាំ​ឲ្យ​គ្រាំ​ហើយ​រលាក​ក្រពេញ​សុដន់៖«»។

ងាក​មក​ការ​ព្យាបាល​ចំពោះ​ទារក​ដែល​រង​ការ​ប៉ះទង្គិច លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ឆាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ទារក​ទទួល​រង​នូវ​បញ្ហា​នេះ។ លោក​ថា គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​តាម​សភាព​ជំងឺ​ទារក​អាច​នឹង​ត្រូវ​វះកាត់​យក​ខ្ទុះ​ចេញ និង​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ «បើ​សិន​ជា​ក្នុង​ដំណាក់កាល​គ្រាន់​តែ​ប៉ោង ហើម​គ្រាន់​តែ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។ តែ​បើ​ក្នុង​ករណី​ហើម​ក្លាយ​ដោយសារ​ដាច់​ស្បែក​មាន​មេរោគ​ចូល យើង​សំអាត​យក​ខ្ទុះ​ចេញ ចាក់​ថ្នាំ​ផ្សះ​ដើម្បី​កុំ​ឲ្យ​ក្នុង​ឈាម​ទាន់»

ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​ទារក​ដែល​ទើប​នឹង​កើត​វិញ មាតាបិតា និង​ជីដូន​ក្រៅ​ពី​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​គប្បី​គាត់​ត្រូវ​ស្វែងយល់ និង​ចេះ​ដឹង​ដោយ​ខ្លួន​ឯង​ដែរ ដូច​ជា មិន​ត្រូវ​លាប​ប្រេង​កូឡា​នៅ​លើ​បង្ហើយ​ចុង​ដង្ហើម​ទារក ឬ​លាប​នៅ​លើ​ផ្ចិត។ កុំ​បន្ថែម​ម្សៅ​ទឹក​អប់​លើ​ស្បែក​ទារក តែ​អាច​ប្រើ​ម្សៅ​បាន​លុះ​ត្រា​តែ​ទារក​មាន​រលាក​ត្រង់​ក្រលៀន ក ឬ​ត្រ​កៀក ជាដើម តែ​ត្រូវ​ពិនិត្យ​មើល​ប្រភេទ​ម្សៅ​នោះ​ជៀសវាង​ជា​ម្សៅ​ដែល​អាច​មាន​ប្រតិកម្ម​លើ​ស្បែក​ទារក។ និយាយ​ឲ្យ​ចំ​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ដំបៅ​មិន​ឈឺ​កុំ​យក​ឈឺ​ចាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល