ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ថា​ឡ​ធ្យូង​ក្នុង​ភូមិ​ប៉ះពាល់​ដល់​សុខភាព

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ដោយ​ផ្សែង​ចេញ​ពី​ឡ​ធ្យូង នៅ​ក្នុង​ភូមិ​ជាង ១០​កន្លែង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ពិសេស​ក្មេងៗ​មាន​ជំងឺ។ យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​បន្ថែម​ទៀត។

ចំហេះ​ផ្សែង​ចេញ​ពី​ឡ​ធ្យូង​ជាង ១០​កន្លែង នៅ​ក្នុង​ភូមិ​បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មាន​ជំងឺ​ជា​ហូរហែ ដូចជា​ជំងឺ​ក្អក រលាក​សួត ជំងឺ​ផ្លូវ​ដង្ហើម ឈឺ​ក្បាល និង​ផ្ដាសាយ ជាដើម។ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ បាន​ប្រាប់​ទៅ​អាជ្ញាធរ​ឃុំ​ជា​រឿយៗ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​វិធានការ​ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ទេ។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងថ្មថ្មី ឃុំ​សាលាវិស័យ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា សកម្មភាព​ដុត​ឧស​យក​ធ្យូង​នៅ​ក្នុង​ភូមិ គឺ​ចាប់​ផ្ដើម​ប្រមាណ​ជា ២​ឆ្នាំ​មក​ហើយ ដោយ​ចេះ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ស្ទើរ​ពេញ​មួយ​ភូមិ។ អ្នកស្រី​ថា កាល​ពី​មុន​ឡ​ធ្យូង គឺ​ដុត​នៅ​កន្លែង​ឆ្ងាយ​ពី​ភូមិ ប៉ុន្តែ​តាំង​ពី​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ផ្លាស់ប្ដូរ​មក​ដុត​នៅ​ក្នុង​ភូមិ បណ្ដាល​ឲ្យ​ពលរដ្ឋ ពិសេស​ស្ត្រី​ពោះ​ធំ និង​កូន​ក្មេង​មាន​ជំងឺ៖ «ខ្ញុំ​បារម្ភ​កូន​ក្មេង​មនុស្ស​ចាស់​អី​នេះ​កើត​របេង​សួត របេង​អី​អស់​ទៅ​ណាស់។ បើ​គេ​មិន​យក​ចិត្ត​ទុក​ដាក់»

អ្នកស្រី​បន្ថែម​ថា គាត់​មិន​ចង់​ឲ្យ​គេ​បិទ​ដំណើរ​ការ​អាជីវកម្ម​របស់​ពួក​គេ​ទាំង​ស្រុង​ទេ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​គេ​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​កន្លែង​ណា​មួយ​ឆ្ងាយ​ពី​កន្លែង​ប្រជាពលរដ្ឋ​រស់នៅ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​អ្នក​ភូមិ។

ស្រដៀង​គ្នា​នេះ មេ​ភូមិ​ត្រពាំងថ្មថ្មី អ្នកស្រី ជ័រ ទណ មាន​ប្រសាសន៍​ដែរ​ថា ពលរដ្ឋ​ក្នុង​ភូមិ​ពិត​ជា​មាន​បញ្ហា​ច្រើន ដោយសារ​ឡ​ធ្យូង​នោះ​មែន។ អ្នកស្រី​ថា គាត់​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ឲ្យ​ធ្វើ​យ៉ាង​ណា​ជៀសវាង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ប៉ុន្តែ​ពួក​គេ​ធ្វើ​តាម​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា កន្លង​មក​គាត់​បាន​ប្រាប់​អាជ្ញាធរ​ឃុំ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចំណាត់​ការ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ៖ «រួច​ហើយ​ខ្ញុំ​ដើរ​ប្រាប់​តាម​ម្ចាស់​ឡៗ ហើយ​ឡើង​ប្រជុំ​ប្រចាំ​ខែ ខ្ញុំ​រាយការណ៍​ប្រាប់​មេ​ឃុំ ប៉ុន្តែ​គាត់​រវល់»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី នៅ​មិន​អាច​ទាក់ទង​ម្ចាស់​អាជីវកម្ម​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ។

មេ​ឃុំ​សាលាវិស័យ លោក អឹម អន មាន​ប្រសាសន៍​ថា កន្លង​មក​ខាង​លោក​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ហើយ ប៉ុន្តែ​ពួក​គេ​មិន​បាន​អនុវត្ត​តាម ដោយសារ​តែ​ពលរដ្ឋ​មិន​មាន​មុខ​របរ​សម្រាប់​ធ្វើ​ក្រោយ​ពេល​សម្រាក​ពី​របរ​ធ្វើ​ស្រែ​របស់​ខ្លួន។ តែ​យ៉ាង​ណា​លោក​ថា បច្ចុប្បន្ន​សកម្មភាព​ឡ​ធ្យូង គឺ​ថយ​ចុះ​ខ្លះ​ហើយ បន្ទាប់​ពី​ឈើ​ដែល​ពួក​គេ​ទទួល​យក​ពី​ក្រុមហ៊ុន​កាន់​តែ​ស្បើយ ហើយ​អាជីវកម្ម​ទាំង​នោះ​នឹង​ឈាន​ទៅ​បញ្ឈប់​តែ​ម្តង នៅ​ពេល​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​អស់៖ «អស់​ឧស​អស់​អី​ដែរ​នោះ​ណា៎។ ពី​មុន​មាន​អាកាស្យា​អី ឥឡូវ​អស់​ហើយ»

ឈើ​ដែល​ពលរដ្ឋ​យក​មក​ធ្វើ​ធ្យូង​សម្រាប់​លក់ គឺ​គេ​យក​មក​ពី​ខាង​ក្រុមហ៊ុន គល់ វាសនា ដាំ​ដើម​អាកាស្យា​នៅ​ក្នុង​ឃុំ ដោយ​ពួក​គាត់​សុំ​ចែក​ទិញ​កម្ទេច​កំទី​ពី​ក្រុមហ៊ុន​សម្រាប់​យក​មក​ធ្វើ​ធ្យូង​គ្រាន់​ជា​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា មេ​ភូមិ​ត្រពាំងថ្មថ្មី បញ្ជាក់​ថា សកម្មភាព​អាជីវកម្ម​ធ្យូង គឺ​មិន​ថយ​ចុះ​ទេ មាន​តែ​កើន​ឡើង។

ដោយ​ឡែក​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​សាលាវិស័យ លោក លឹម ស្រ៊ុន មាន​ប្រសាសន៍​ថា លោក​នៅ​ក្បែរ​កន្លែង​អាជីវកម្ម​ធ្យូង​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​កើត​ឡើង​លើ​ប្រជាពលរដ្ឋ​ទេ។ លោក​បន្ថែម​ថា ប្រសិន​បើ​មាន​បញ្ហា​ដោយសារ​ចំហេះ​ផ្សែង​ចេញ​ពី​ឡ​នោះ​មែន ពលរដ្ឋ​គប្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ចេញ​ពី​ឡ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​គេច​ផុត​ពី​ផល​ប៉ះពាល់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។