ឈាមមានសារសំខាន់ណាស់សម្រាប់សង្គ្រោះជីវិតមនុស្ស ជាពិសេសជីវិតមាតា ក្រោយពេលសម្រាលរួចហើយខ្វះឈាម។
សម្រាប់ទិវាពិភពលោកអ្នកបរិច្ចាគឈាមនៅឆ្នាំនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ គប្បីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្សឲ្យបានគ្រប់ៗគ្នា។
"ឈាមមានសុវត្ថិភាពជួយសង្គ្រោះមាតា"៖ នេះជាប្រធានបទសម្រាប់ទិវាពិភពលោកអ្នកផ្ដល់ឈាមនៅឆ្នាំនេះ។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាផ្នែកមួយនៃប្រតិបត្តិការរបស់ក្រសួងសុខាភិបាល បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់គ្នាគប្បីចូលរួមបរិច្ចាគឈាមដើម្បីមាតាជាអ្នកផ្ដល់កំណើត ជាពិសេសជាបុព្វហេតុមួយក្នុងការជួយសង្គ្រោះជីវិតមាតា ដែលជួបផលពិបាកពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរួច។
អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង ឲ្យដឹងថា ឈាមពិតជាមានសារសំខាន់សម្រាប់តម្រូវការចាំបាច់ សង្គ្រោះជីវិតមនុស្ស ជាពិសេសមាតាពេលសម្រាល ហើយជួបបញ្ហាកើតឡើងដូចជាពេលសម្រាលហូរឈាមច្រើន ដែលជាមូលហេតុនៃការសម្រាលខុសប្រក្រតីនោះ។
លោកបន្តថា ពលរដ្ឋគ្រប់រូបគប្បីចាប់ផ្ដើមពីខ្លួនយើងទៅ យ៉ាងហោចណាស់ក៏ម្នាក់ដែរក្នុងមួយគ្រួសារ ដើម្បីផ្គត់ផ្គង់ឈាម បង្ការក្រែងខ្វះ៖ «បាទខ្ញុំយល់ឃើញថា ទិវាពិភពនៃអ្នកបរិច្ចាគឈាមឆ្នាំនេះ គឺផ្ដោតទៅលើឈាមមានសុវត្ថិភាពជួយសង្គ្រោះមាតា។ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យ៉ាងហោចណាស់នៅក្នុងគ្រួសារនីមួយៗអាចធ្វើយ៉ាងណាឲ្យមានសមាជិកម្នាក់បានចូលរួមនៅក្នុងការបរិច្ចាគឈាម។ ដូច្នេះយើងគិតថាឈាមមិនខ្វះទេ»។

របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមឲ្យដឹងថា គិតមកដល់នេះ មានមជ្ឈមណ្ឌលផ្ដល់ឈាម ២២ ទីតាំងហើយ ដែលមាននៅគ្រប់ ២២ខេត្ត រាជធានី និងមានដេប៉ូស្តុកឈាមរហូតដល់ ១១កន្លែងទៀត នៅតាមមន្ទីរពេទ្យបង្អែកស្រុក។ ក្នុងឆ្នាំ២០១៣ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលឈាមចំនួន ២៤២លើកមកហើយ។
ភ្ជាប់នឹងរឿងនេះដែរ នៅក្នុងទិវាពិភពលោកនៃអ្នកផ្ដល់ឈាមនៅឆ្នាំនេះ សម្រាប់កម្ពុជា ក្រៅពីបើកយុទ្ធនាការទទួលឈាមហើយនោះជាងនេះទៀត ក៏បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរចំពោះអ្នកដែលបានចូលរួមបរិច្ចាគឈាមយ៉ាងទៀងទាត់ថែមទៀតផង។
នៅក្នុងចំណោមអ្នកដែលទទួលបានប័ណ្ណសរសើរជាច្រើននាក់ នៅពេលពេលនេះ អ្នកដែលត្រូវគេចាប់អារម្មណ៍ជាងគេនៅក្នុងពិធី គឺបុរសវ័យ ៧៤ឆ្នាំ ដែលត្រូវបានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ចាត់ទុកថា ជាអ្នកមានគុណបំណាច់ក្នុងការផ្ដល់ធំធេងបំផុតជាងគេ មិនដែលលោះនោះ គឺលោក កោ សារី។
ធ្លាប់ជាអ្នកអតីតអនុប្រធាននៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបច្ចុប្បន្នជាគ្រូបង្រៀននៅតាមសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ផងនោះ និយាយថា គិតមកដល់នេះ លោកបានផ្ដល់ឈាមរហូតដល់ ៨១លើកមកហើយ។ លោកឲ្យដឹងទៀតថា ការពិតបើគិតចាប់ពីផ្ដល់ឈាមរហូតមកដល់ពេលនេះ រូបលោកបានផ្ដល់ឈាមមិនតិចជាង ២០០ដងទេ ចាប់ពីលោកមានអាយុ ២៨ឆ្នាំមកម្ល៉េះ។ តែគេគិតថា លោកបានផ្ដល់បាន ៨១ដងនេះ គឺគិតត្រឹមឆ្នាំ១៩៩២ មកប៉ុណ្ណោះ។
លោកបន្តថា ការផ្ដល់ឈាមវាពុំបានបង្កផលប៉ះពាល់ក្រោយពេលបរិច្ចាគឈាមនោះទេ។ តែផ្ទុយទៅវិញ ការបរិច្ចាគឈាមនេះ គឺមិនខុសពីការផ្លាស់ប្ដូរទឹកចាស់ ហើយបញ្ចូលទឹកថ្មីឡើយ។
លោកបញ្ជាក់ថា ព្រោះគ្រាប់ឈាមក្រហមនេះ មានជីវិតត្រឹមតែ ១២០ថ្ងៃ ឬប្រមាណ ៤ខែប៉ុណ្ណោះ នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ។ ហេតុនេះលោកប្រៀបធៀបថា ការបញ្ចេញឈាមចាស់ ដោយជំនួសវិញគ្រាប់ឈាមថ្មីនេះ មិនខុសពីមនុស្សកំពុងលូតលាស់ហើយពេញវ័យទេ៖ «អ្នកខ្លះគេច្រើនតែថាបរិច្ចាគទៅ ខ្លាចក្រែងលោកអស់កម្លាំង បន្ទាប់ពីបរិច្ចាគត្រូវប៉ូវត្រូវអីយ៉ាងម៉េចៗ ខ្ញុំឥតដែលអ៊ីចឹងទេ។ អត់ទេ! ការហូបចុកធម្មតា ព្រោះខ្ញុំយល់ថា ការបរិច្ចាគឈាមរបស់យើងហ្នឹងមិនប៉ះពាល់សុខភាព ហើយឈាមយើងបើសិនជាយើងមិនបរិច្ចាគក៏គង់តែវាងាប់ចោលឥតប្រយោជន៍»។
ស្របពេលពិធីកំពុងដំណើរការ ចំណែកនៅក្នុងរោងទទួលអ្នកផ្ដល់ឈាមឯណេះវិញ ក៏បានដំណើរការយ៉ាងមមាញឹកផងដែរ។ ទាំងមនុស្សមនុស្សពេញវ័យ និងមនុស្សវ័យកណ្ដាលបន្តចូលរួមបរិច្ចាគឈាមរបស់ពួកគេដោយស្ម័គ្រចិត្ត និងក្ដីរីករាយ។
បើទោះជាមនុស្សគ្រប់គ្នាអះអាងថា ការផ្តល់ឈាមមិនធ្វើឲ្យហេវហត់ ឬប៉ះពាល់សុខភាពក៏ដោយចុះ តែនៅជ្រុងម្ខាងនៃរោងពិធី ក៏មានម្ហូបអាហារដែលតម្កល់ទុករួចជាស្រេចដែរ។ចំណីអាហារដែលឧបត្ថម្ភដោយក្រុមហ៊ុន ស៊ី.ភី (CP) នៅពេលនេះ គឺសម្រាប់ចែកជូនអ្នកដែលផ្ដល់ឈាមរួច។
ជានិស្សិតនៅសកលវិទ្យាល័យអន្តរជាតិ ហៅកាត់ថា អាយ.យូ (IU) ផ្នែកឱសថការី កញ្ញា គុណ ធីតា ថ្លែងថា ប្រភេទអាហារដែលចែកជូនដោយឥតគិតថ្លៃនៅពេលនេះ គឺជាប្រភេទអាហារជួយទ្រទ្រង់រាងកាយរបស់មនុស្សឲ្យមានកម្លាំងប្រក្រតី ក្រោយផ្ដល់ឈាមរួច៖ «ពេលផ្ដល់ហើយយើងឲ្យភ្លៅមាន់ ឲ្យប្រហិតអីហ្នឹង ហើយនិងមានទឹកផ្លែឈើ ចេកពង់មាន់ ឲ្យគាត់ញ៉ាំឲ្យមានកម្លាំងវិញ។ ម្យ៉ាងក្រោយពេលដែលគាត់បរិច្ចាគហើយ ត្រូវឲ្យសម្រាកមួយភ្លែតសិន។ ប្រសិនបើគាត់ធ្វើដំណើរទៅវិញភ្លាមៗ អាចមានបញ្ហាអ៊ីចឹង។ អ៊ីចឹងឲ្យគាត់ ញ៉ាំទឹកញ៉ាំអីសិន។ អាហារហ្នឹងវាផ្ដល់ប្រូតេអ៊ីន ផ្ដល់ជាតិស្ករឲ្យគាត់វិញ ព្រោះគាត់ទើបបរិច្ចាគឈាមហើយ»។
ក្រុមអ្នកប្រឹក្សាយោបល់និយាយថា ជាគោលការណ៍មនុស្សដែលមានទម្ងន់ក្រោម ៥០គីឡូក្រាម មិនត្រូវអនុញ្ញាតឲ្យផ្ដល់ឈាមទេ។ ចំណែកឈាមដែលបានផ្ដល់រួចហើយ និងក្រោយការពិនិត្យរកឃើញថា មានផ្ទុកមេរោគ ក៏មិនអាចយកទៅប្រើប្រាស់បានដែរ។
ចំណែករដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សុខ ផេង ទទួលស្គាល់ថា ថ្វីបើការផ្គត់ផ្គង់ឈាមនៅកម្ពុជា នៅពេលនេះ មើលទៅហាក់គ្រប់គ្រាន់តាមតម្រូវការពិតមែន តែថាបើគិតតាមផែនការដែលចេញដោយអង្គការសុខភាពពិភពលោក នៅឆ្នាំ២០២០ ការផ្ដល់ឈាមឲ្យស្មើគ្នាទៅនឹងសេវាទទួលឈាមឲ្យបានមួយរយភាគរយនោះ គឺកម្ពុជាមិនទាន់អាចឆ្លើយតបឲ្យគ្រប់តាមតម្រូវការបានទេ។ ហេតុនេះលោកចាត់ទុកថា កម្ពុជាគប្បីប្រឹងប្រែងបន្ថែមទៀត ដើម្បីដើរឲ្យទាន់ផែនការនេះ ដូចប្រទេសជិតខាង។
លោក សុខ ផេង៖ «គិតធ្វើម៉េចដល់ឆ្នាំ២០២០។ ២០២០ នេះ ពិភពលោកនឹងធ្វើឲ្យមានការទទួលឈាមហ្នឹងឲ្យស្មើនឹងការផ្តល់ឈាម បានន័យថា ទទួលមួយរយភាគរយ ជូនមួយរយភាគរយ។ ឥឡូវយើងឃើញហើយនៅក្នុងតំបន់យើង ខ្ពស់ជាងគេវៀតណាម បានតែ ៩៤ទេ។ អ៊ីចឹង ២០២០ វានៅសល់ ៦ឆ្នាំទៀតណោះ។ អ៊ីចឹងប្រហែលជាគេអាចទៅរួច ដឹងហើយយើង ៦ឆ្នាំទៀតទើប ៣៥»។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ឲ្យដឹងថា ក្នុងឆ្នាំ២០១៣ មជ្ឈមណ្ឌលផ្ដល់ឈាមបានទទួលឈាមជាង ៥ម៉ឺនប្លោក ក្នុងនោះឈាមជាង ៤ម៉ឺនប្លោក បានចែកចាយនៅគ្រប់មន្ទីរពេទ្យទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
